នៅសល់តែជាង ២០ ថ្ងៃទៀតតែប៉ុណ្ណោះ ការប្រកួតកីឡាយោធាអន្តរជាតិ (Army Games) ឆ្នាំ ២០២១ នឹងបើកជាផ្លូវការ ហើយក្រុមចំនួន ២៧៧ មកពីប្រទេស ៤១ នឹងប្រកួតប្រជែងលើវិញ្ញាសាចំនួន ៣៤ ។ តាមការគ្រោងទុក Army Games ២០២១ នឹងប្រព្រឹត្តទៅជាផ្លូវការចាប់ពីថ្ងៃទី ២២ ខែសីហា ដល់ថ្ងៃទី ៤ ខែកញ្ញា។

ក្នុងចំណោមប្រទេសចំនួន ៤១ ដែលបានចុះឈ្មោះចូលរួម Army Games ២០២១ មានប្រទេសចំនួន ៤ ចូលរួមជាលើកដំបូងពីទ្វីបជាច្រើនគឺ ប្រទេសប៊ឺគីណាហ្វាសូ ប៉េរូ ឥណ្ឌូនេស៊ី និងអារ៉ាប៊ីសាអូឌីត។

យោងតាមការស្ថិតិរបស់គណៈកម្មការរៀបចំ ក្រុមកីឡាដែលចូលរួម Army Games មកពីប្រទេស ៤១ ដែលមានចំនួន ៥៨% នៃចំនួនប្រជាជនពិភពលោក។ លើសពីនេះ ផ្ទៃដីសរុបនៃប្រទេសដែលចូលរួម Army Games មានលើសពី ៥៥ លានគីឡូម៉ែត្រការ៉េ ហើយមានចំនួនមួយភាគបីនៃដែនគោកនៅលើពិភពលោក (រួមទាំងតំបន់អង់តាក់ទិក)។

leftcenterrightdel
Army Games ២០២១  បន្តពង្រីកវិសាលភាពប្រទេសដែលចូលរួម (រូបថត៖ TvZvezda)

វិញ្ញាសាប្រកួតភាគច្រើននឹងប្រព្រឹត្តទៅនៅសហព័ន្ធរុស្ស៊ី ហើយវិញ្ញាសាដែលនៅសល់នឹងបានធ្វើឡើងនៅក្នុងប្រទេសចំនួន ១១ ផ្សេងទៀត រួមមាន បេឡារុស (វិញ្ញាសាចំនួន ៣) ចិន (វិញ្ញាសាចំនួន ៣) អ៊ីរ៉ង់ (វិញ្ញាសាចំនួន ៣) កាហ្សាក់ស្ថាន (វិញ្ញាសាចំនួន ២) វៀតណាម (វិញ្ញាសាចំនួន ២) និងអ៊ូបេគីស្ថាន (វិញ្ញាសាចំនួន ២)។ បណ្តាប្រទេសអាមេនី កាតា ស៊ែប៊ី និងអាល់ហ្សេរី នឹងរៀបចំវិញ្ញាសាចំនួន១។

ឆ្នាំ ២០២១ គឺឆ្នាំដែលវៀតណាម អាល់ហ្សេរី កាតា និងស៊ែប៊ី រៀបចំវិញ្ញាសាប្រកួតនៅ Army Games ជាលើកដំបូង។ ជាពិសេស វៀតណាមបានចុះឈ្មោះរៀបចំវិញ្ញាសាប្រកួតចំនួន ២ គឺ “ព្រំដែនសម្រាប់អ្នកបាញ់ស៊ីប” និង “តំបន់គ្រោះថ្នាក់”។

មកទល់បច្ចុប្បន្ននេះ តំណាងប្រទេសម្ចាស់ផ្ទះរៀបចំ Army Games បានបង្ហើយហេដ្ឋារចនាសម្ព័ន្ធ និងវិធានការត្រៀមរៀបចំសម្រាប់ការរៀបចំការប្រកួត។

សម្រាប់ដំណាក់កាលសំខាន់នៃ Army Games ២០២១ ការទទួលក្រុមដែលចូលរួមនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែសីហា ដោយគិតគូរពីវិធានការចត្តាឡីស័ក។

ពិធីបើក Army Games ២០២១  និងវេទិកាពិព័រណ៌បច្ចេកទេសយោធាអន្តរជាតិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែសីហានៅឯឧទ្យាន Patriot ជាយក្រុងមូស្គូ (រុស្ស៊ី)។ ការប្រកួតកីឡាជើងឯកនៃវិញ្ញាសា “រថក្រោះធ្វើដំណើរទៅមុខ” និងពិធីបិទ Army Games ២០២១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែកញ្ញា នៅឯឧទ្យាន Patriot។

Army Games ពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាព

leftcenterrightdel
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោកនាយឧត្តមសេនីយ៍ Sergei Shoigu ថ្លែងនៅក្នុងពិធីបិទ Army Games លើកទី ៦ (រូបថត៖ TvZvezda)

នៅឆ្នាំ ២០២០ ថ្លែងក្នុងពិធីបិទ Army Games លើកទី ៦ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោកនាយឧត្តមសេនីយ៍ Sergei Shoigu បានបញ្ជាក់ថា Army Games គឺជាការប្រកួតដែលមានតែអ្នកឈ្នះ និងគ្មានអ្នកលេងណាចាញ់ឡើយ ហើយមានតែមិត្តថ្មីប៉ុណ្ណោះ ប៉ុន្តែគ្មានសត្រូវនោះទេ”។

លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានថ្លែងអំណរគុណដល់តំណាងកងទ័ពនៃប្រទេសចំនួន ៣២ ដែលបានចូលរួម Army Games លើកនេះ ព្រមទាំងថ្លែងអំណរគុណដល់ប្រទេសចំនួន ៥ ដែលធ្វើជាម្ចាស់ផ្ទះរៀបចំវិញ្ញាសាប្រកួតចំនួន ៣០ រួមមាន៖ អាស៊ែបៃហ្សង់ អាមេនី អ៊ូបេគីស្ថាន បេឡារុស និងរុស្ស៊ី។

លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ីសម្តែងនូវក្តីសង្ឃឹមថា មានក្រុមជាច្រើននឹងចូលរួម Army Games នាពេលខាងមុខ។ ដោយសារតែ “នោះមានន័យថានឹងមានមិត្តភក្តិកាន់តែច្រើន នឹងមានមនុស្សជាច្រើនដែលពិតជាចង់សហប្រតិបត្តិការ ហើយមានមនុស្សជាច្រើនទៀតដែលមិនលើកអាវុធប្រឆាំងនឹងនរណាម្នាក់ដែលពួកគេបានជួប និងចងជាមិត្តនៅ Army Games មួយនេះ”។

យោងតាមស្ថិតិនៅ Army Games ២០២០ មានយោធិនប្រហែល ៤,០០០ នាក់បានចូលរួមក្នុងវិញ្ញាសាចំនួន ៣០ ។ នៅ Army Games នេះក៏មានអាវុធ សម្ភារៈ ឧបករណ៍ពិសេស យន្តហោះ និងនាវាចម្បាំងចូលរួមប្រមាណជាង ១២៥០ គ្រឿងផងដែរ។ ជាពិសេស ទស្សនិកជននៅជុំវិញពិភពលោកដែលបានទស្សនា Army Games ២០២០ មានចំនួនជាង ៣ ពាន់លាននាក់។

ឆ្លើយតបទៅនឹងសំណួរនៃទីភ្នាក់ងារព័ត៌មាន Sputnik អំពីសកម្មភាព Army Games ២០២១ ទីប្រឹក្សារដ្ឋមន្រ្តីការពារជាតិកាហ្សាក់ស្ថាន លោកឧត្តមសេនីយ៍ត្រី Adylbek Aldabergenov បានបញ្ជាក់ថា Army Games រួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា ក៏ដូចជាផ្លាស់ប្តូរបទពិសោធន៍ និងលើកកម្ពស់សមត្ថភាពនៃកងកម្លាំងប្រដាប់អាវុធកាហ្សាក់ស្ថាន។

យោងតាមអ្នកជំនាញជាច្រើន Army Games ២០២១  នឹងក្លាយជាវេទិកាពិសេសមួយដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់យោធិននៃបណ្តាប្រទេសដែលចូលរួម ព្រមទាំងរួមចំណែកក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងជំរុញចំណងមិត្តភាពរវាងក្រុមដែលចូលរួម៕

បកប្រែដោយ Huyen Trang