leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung (ខាងស្តាំ) (រូប​ថត៖ giaoducthoidai.vn)

ការបញ្ជូនកងទ័ពទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិមិនត្រឹមតែជាភារកិច្ចយោធាប៉ុណ្ណោះទេ ថែមទាំងក៏ជាការទទួលខុសត្រូវរបស់វៀតណាមនៅចំពោះសហគមន៍អន្តរជាតិផងដែរ ជាពិសេស​ក្នុងពេលបញ្ហា​ជំងឺរាតត្បាតកូវីដ​១៩ កំ​ពុង​​គ្របដណ្តប់លើទូទាំងពិភពលោក។

ប្រកាន់ខ្ជាប់ខ្ជួននឹងការប្តេជ្ញារក្សាសន្តិភាព

យោងតាមលោក​​ឧត្តមសេនីយ៍ត្រី Hoang Kim Phung ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាមឲ្យ​ដឹង​ថា​ ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមបានបំពេញល្អ​​ភារកិច្ចរបស់ខ្លួន ហើយនិង​​ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់នូវការចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាព។ នេះជាឱកាសសម្រាប់វៀតណាមបំពេញកាតព្វកិច្ចរបស់ខ្លួន និងផ្សព្វផ្សាយវប្បធម៌វៀតណាមដល់មិត្តភក្តិអន្តរជាតិយ៉ាងទូលំទូលាយ។

លោក​ឧត្តមសេនីយ៍ត្រី Hoang Kim Phung បានសង្កត់ធ្ងន់ថា៖ “វៀតណាមមានសន្តិភាពពេញលេញ ហើយយើងមានឱកាសល្អប្រសើរជាងមុនក្នុងការបំពេញកាតព្វកិច្ចរបស់យើងចំពោះបណ្តាប្រទេសដទៃទៀត ជាពិសេសបណ្តាប្រទេសនៅអាហ្រ្វិក និងអាមេរិកឡាទីន។

ប្រទេសទាំងនេះនៅតែទទួលរងនូវផលវិបាកនៃជម្លោះ និងបញ្ហាប្រឈម​មិនមែនជាប្រពៃណី។ ពួកគេទន្ទឹមរង់ចាំការជួយគាំទ្រពីសហគមន៍អន្តរជាតិ។ វត្តមានរបស់វៀតណាមក្នុងសកម្មភាពមនុស្សធម៌ រួមមានពេទ្យយោធា វិស្វកម្ម និងសង្កេតការណ៍យោធា បានបង្ហាញពីការគាំទ្ររបស់វៀតណាមចំពោះគោលដៅសហស្សវត្សរ៍ចំនួន ៨ ដែលបានកំណត់ដោយអង្គការសហប្រជាជាតិ។

មិនមែនរហូតមកដល់ពេលថ្មីៗនេះ វៀតណាមទើបបង្ហាញឆន្ទៈចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពនោះទេ។ តាមពិត ចាប់តាំងពីឆ្នាំ ១៩៤៦ លោកប្រធានហូជីមិញបានផ្ញើលិខិតមួយទៅអង្គការសហប្រជាជាតិដើម្បីបង្ហាញពីបំណងប្រាថ្នារចង់ឲ្យវៀតណាមក្លាយជាសមាជិកនៃអង្គការនេះ។

នៅក្នុងដំណើរការនៃការធ្វើសមាហរណកម្មអន្តរជាតិ ការបញ្ជូនយោធិនទៅចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានជួយវៀតណាមក្នុងការធានាសន្តិសុខ សុវត្ថិភាព និងរួមចំណែកដោះស្រាយ​ផលវិបាកនៃបញ្ហាប្រឈម​មិនមែនជាប្រពៃណី និងបញ្ហាប្រឈមផ្សេងទៀត។

បន្តរក្សាកងពេទ្យ

ក្នុងស្ថានភាពដែលរោគរាតត្បាត Covid-19 បានបន្តរាលដាលនៅក្នុងប្រទេសស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងបណ្តាប្រទេសនៅអាហ្វ្រិកផ្សេងទៀត កងទ័ពថែរក្សាសន្តិភាពរបស់វៀតណាមមិនខ្លាចការនឿយហត់ មិនខ្លាចលំបាក ដោយខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជួយគាំទ្រដល់ប្រជាជននៅក្នុងប្រទេសទាំងនេះ។

លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung មានប្រសាសន៍ថា “នេះជាបញ្ហាប្រឈមធំមួយ​សម្រាប់យើង។ ទោះយ៉ាងណា វៀតណាមបានសន្យាជាមួយអង្គការសហប្រជាជាតិថាខ្លួននឹងបន្តបញ្ជូនកងទ័ព និងរក្សាប្រតិបត្តិការរបស់កងពេទ្យកម្រិត ២ នៅប្រទេសស៊ូដង់ខាងត្បូង​។​

នេះជាការសន្យាខាងនយោបាយដែលវៀតណាមបានអនុវត្តចំពោះអង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សាសន្តិសុខ នាពេលថ្មីៗនេះបានបោះ​ឆ្នោត​ដើម្បី​ពន្យា​បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង និងបានស្នើឱ្យវៀតណាមរក្សាប្រតិបត្តិការរបស់កងពេទ្យក្នុងរយៈពេល ៥ ឆ្នាំទៀត។ វៀតណាមចាំបាច់ត្រូវត្រៀមខ្លួនឱ្យបានល្អដើម្បីបំពេញការសន្យារបស់ខ្លួន។

នេះក៏ជាឱកាសដើម្បី​យើងបញ្ជាក់ពីការសន្យាប្រកបដោយការទំនួលខុសត្រូវរបស់ខ្លួន​ និងបង្ហាញថាវៀតណាមមានផែនទីបង្ហាញផ្លូវដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះអង្គការសហប្រជាជាតិ ចំពោះមនុស្សជាតិ ហើយ​​ជាពិសេសចំពោះបណ្តាប្រទេសនៅអាហ្វ្រិកក្នុងកាលៈទេសៈណាក៏ដោយ” ។

ក្រុមគ្រូពេទ្យយោធាវៀតណាមបានទទួលការបណ្តុះបណ្តាលបន្ថែមដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹង និងបទពិសោធន៍ក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតសកល។ អ្នកជំងឺខ្លះដែលសង្ស័យថាឆ្លងវីរុស Covid-19 ត្រូវបានព្យាបាលនៅកងពេទ្យរបស់វៀតណាមនៅស៊ូដង់ខាងត្បូង។

សាលាវិទ្យាស្ថានវេជ្ជសាស្ត្រយោធា និងមន្ទីរពេទ្យ ១៧៥ បានរៀបចំកិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធវីដេអូជាច្រើន ខណៈដែលបុគ្គលិករក្សាសន្តិភាពរបស់វៀតណាមក៏ណែនាំ លើកទឹកចិត្ត និងជួយគាំទ្រដល់ប្រជាជននៃប្រទេសមិត្តឱ្យអនុវត្តនូវវិធានការស្រដៀងគ្នានឹងការអនុវត្តនៅវៀតណាម។

ពួកគេបានប្រឈមមុខនឹងការលំបាកជាច្រើន ពីព្រោះជាដំបូងប្រជាជនក្នុងតំបន់បានគិតថាបុគ្គលិកវៀតណាមពាក់ម៉ាសដោយសារតែពួកគេបានឆ្លងមេរោគ Covid-19 ហើយ មិនមែនជាវិធានការបង្ការនោះទេ។ ជាមួយនឹងការខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់ កងទ័ពរក្សាសន្តិភាពវៀតណាមបានផ្សព្វផ្សាយដល់ប្រជាជនឱ្យគេយល់ និងអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃវីរុស។

ធានាសុវត្ថិភាពសម្រាប់សេណារីយ៉ូទាំងអស់

លើសពីនេះ យុទ្ធជនរក្សាសន្តិភាពវៀតណាមក៏បានត្រៀមខ្លួនសម្រាប់ស្ថានភាពលំបាកនានាដូចជា អេបូឡា អេដស៍ និងជំងឺឆ្លងផ្សេងៗទៀតនៅអាហ្វ្រិក។ យោងតាមលោកឧត្តមសេនីយ៍ត្រី Hoang Kim Phung គោលដៅចុងក្រោយគឺធានាសុវត្ថិភាពដល់យោធិនវៀតណាម និងអ្នកដទៃទៀតក្នុងពេលប្រតិបត្តិការនៅកងពេទ្យ។

វេជ្ជបណ្ឌិត និងបុគ្គលិកទាំងអស់ដែលចូលរួមបេសកកម្មរក្សាសន្តិភាពលើក​នេះត្រូវបានចាក់វ៉ាក់សាំងមុនពេលចាកចេញទៅ។ អ្នកដែលមិនបានធ្វើតេស្តជាលើកទី ២ នឹងត្រូវធ្វើតេស្តម្តងទៀតនៅក្នុងប្រទេសម្ចាស់ផ្ទះ។

លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung មានប្រសាសន៍ថា “យើងបានរៀបចំយ៉ាងហ្មត់ចត់ និងធ្វើការតាមសេណារីយ៉ូផ្សេងៗគ្នាដើម្បីត្រៀមខ្លួនឆ្លើយតបនឹងរាល់ឧប្បត្តិហេតុកើតឡើងជាយថាហេតុ។ ខ្ញុំសង្ឃឹមថា កងទ័ពរក្សាសន្តិភាពវៀតណាមនឹងអាចបង្កើតបានរបកគំឃើញ ថ្មី។

ការសន្យារបស់យើងចំពោះអង្គការសហប្រជាជាតិគឺមិនរាប់បញ្ចូលការធ្វើតេស្ត Covid-19 នោះទេ ប៉ុន្តែយើងបានតម្រូវឱ្យគ្រូពេទ្យយោធាដែលបានបញ្ជូនទៅបំពេញបេសកកម្មនេះត្រូវមានសមត្ថភាពក្នុងការធ្វើតេស្ត Covid-19 ដោយមិនគ្រាន់តែយកសំណាក ហើយនិងបញ្ជូនទៅធ្វើតេស្តនៅកន្លែងផ្សេងនោះទេ។

ខ្ញុំក៏សង្ឃឹមថាពួកគេនឹង​មានសមត្ថភាពក្នុង​ការ​គ្រប់គ្រងមណ្ឌលធ្វើចត្តាឡីស័កសម្រាប់អ្នកជំងឺដែល​សង្ស័យថាឆ្លងមេរោគ Covid-19 ក្នុងគោលបំណងទប់ស្កាត់ការឆ្លងវីរុសរវាងអ្នកជំងឺ និងគ្រូពេទ្យ​។ ខ្ញុំក៏សង្ឃឹមដែរថា ក្រុមគ្រូពេទ្យនេះនឹងចូលរួមផ្តល់គំនិត និងដំណោះស្រាយបន្ថែមទៀតលើការបង្ការទប់ស្កាត់ Covid-19 នៅតាមកន្លែងដែលពួកគេបំពេញបេសកកម្ម”៕

បកប្រែដោយ Duy Hoan