នៅថ្ងៃដំបូងនៃឆ្នាំ ២០២១ បុគ្គលិកគ្រប់គ្នានៃកម្លាំងបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅ Bentiu ត្រូវបានឈប់សម្រាក។ ស្រាប់តែ លោកវេជ្ជបណ្ឌិត Nguyen Quang Chien នាយករងទទួលបន្ទុកជំនាញនៃមន្ទីរពេទ្យកងពេទ្យកម្រិត២ លេខ២វៀតណាម ទទួលបានទូរស័ព្ទពីលោកស្រី Hiroko Hirahara ប្រធានមូលដ្ឋាន Bentiu នៃកម្លាំងបំពេញបេសកកម្មអង្គការសហប្រជាជាតិប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង (UNMISS) ដោយជូនដំណឹងអំពីករណីពិសេសមួយដែលចាំបាច់ទទួលបានជំនួយពីបុគ្គលិកមន្ទីរពេទ្យវៀតណាម ឱ្យបានឆាប់បំផុត។ មូលហេតុគឺនៅឯទីលំនៅដ្ឋានសហគមន៍មួយនៅទីប្រជុំជន Bentiu ប្រទេសស៊ូដង់ខាងត្បូង បានរំលេចនូវសំបុកឃ្មុំកាចសម្បើមដ៏ធំមួយ ប្រសិនបើមិនកំចាត់វាចោលទេនោះ វានឹងបង្កគ្រោះថ្នាក់ដល់ប្រជាជនជាមិនខានឡើយ។ គួរឱ្យរំលឹកដែរថា អាជ្ញាធរដែនដី និងប្រជាជនបានជូនដំណឹងទៅកាន់ UNMISS សុំជួយបណ្តេញពួកឃ្មុំព្រៃទាំងនោះចេញពីទីប្រជុំជន។ ប្រហែលនេះជាលើកដំបូងហើយដែលកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅ Bentiu ទទួលបានការស្នើសុំជំនួយបែបនេះ បានជាពួកគាត់ជៀសមិនផុតពីការភ្ញាក់ផ្អើល និងភាពខ្វល់ខ្វាយទេ។

leftcenterrightdel
ក្រុមការងារកងពេទ្យកម្រិត២ លេខ២ វៀតណាម ជូនឧបករណ៍ការពារទៅប្រជាជនមូលដ្ឋានវិញ

លោកស្រី Hiroko Hirahara ដែលជាស្ត្រីម្នាក់ដ៏មានឥទ្ធិពលបំផុតនៃ UNMISS នៅតំបន់ Bentiu  ដូច្នោះហើយគាត់ត្រូវតែដោះស្រាយដោយផ្ទាល់ស្ទើរតែរាល់ឧប្បត្តិហេតុដែលកើតមានឡើងទាំងនោះ សូម្បីតែជាការលំបាក និងស្មុគស្មាញបំផុតក្តី។ ប្រឈមមុខនឹងស្ថានភាពបែបនេះគាត់ក៏មិនទាន់រកឃើញដំណោះស្រាយណាមួយឱ្យសមស្របបានឡើយ។ ការដែលប្រជាជនកំពុងសុំជំនួយពីកម្លាំងរក្សាសន្តិភាពនៅ Bentiu នោះបានបង្ហាញពីការជឿទុកចិត្តរបស់ពួកគេទៅលើទាហានមួកខៀវហើយ ដូច្នេះពួកគាត់មិនអាចបដិសេធមិនជួយប្រជាជនបានទេ ថែមទាំងត្រូវតែជួយឱ្យមានលទ្ធផលប្រសិទ្ធភាពទៀតផង។ ស្របពេលលោកស្រីកំពុងរកដំណោះស្រាយនោះ មានជំនួយការមកពីកម្ពុជារបស់គាត់ម្នាក់បានផ្តល់យោបល់ថា គួរតែពឹងជំនួយពីមន្ទីរពេទ្យកងពេទ្យកម្រិត២ លេខ២ វៀតណាម។

បន្ទាប់មកលោកស្រី Hiroko Hirahara បានទូរស័ព្ទទៅលោកវេជ្ជបណ្ឌិត Nguyen Quang Chien ដើម្បីសុំយោបល់ផង ហើយស្នើសុំឱ្យមន្ទីរពេទ្យជួយចាត់ការដោយផ្ទាល់ផង។ លោក Nguyen Quang Chien បានរៀបរាប់ថា៖ “នៅពេលនោះខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសំណើដែលមិនទាក់ទងនឹងជំនាញការងារថែរក្សាសុខភាពរបស់បុគ្គលិកអង្គការសហប្រជាជាតិឱ្យសោះ។ បន្ទាប់ពីពិគ្រោះយោបល់គ្នាក្នុងអង្គភាព ខ្ញុំបានទទួលយកសំណើរបស់ថ្នាក់លើជួយដោះស្រាយស្ថានភាពនេះ។ មេបញ្ជាការមន្ទីរពេទ្យ លោកវរសេនីយ៍ទោ Vo Van Hien ជានាយកមន្ទីរពេទ្យបានយល់ព្រមបញ្ជូនក្រុមការងារមួយរួមមាន៖ លោកវរសេនីយ៍ទោ Nguyen Quang Chien, អនុសេនីយ៍ឯកបំរុង Nguyen Manh Cuong ជាគិលានុបដ្ឋាយិកា និងអនុសេនីយ៍ត្រី Nguyen Thanh Tung ទៅបំពេញភារកិច្ចពិសេសនេះ។ ក្រុមការងារនេះបានរៀបចំនូវគ្រប់ឧបករណ៍ការពារជាបន្ទាន់ ហើយបានចាកចេញភ្លាមៗជាមួយលោកស្រី Hiroko Hirahara ទៅកាន់សម្បុកឃ្មុំតែម្តង។

សភាពការណ៍ពេលនេះនៅ Bentiu កំពុងមានភាពមិនច្បាស់លាស់ និងស្មុគស្មាញជាច្រើនដែលទាក់ទងនឹងបញ្ហាសន្តិសុខ និងនយោបាយ ហើយជាពិសេសក្នុងឱកាសនៃថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីនោះគឺការប៉ះទង្គិចគ្នាយ៉ាងស្មុគស្មាញកើតឡើងនៅក្នុងតំបន់ជារឿយៗ។ ក្រុមការងារពិសេសរបស់មន្ទីរពេទ្យវៀតណាមត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីធានាសុវត្ថិភាពដាច់ខាតក្នុងដំណើរការផ្លាស់ទៅទីតាំងដើម្បីបំពេញភារកិច្ចដែលត្រូវបានស្នើដោយលោកស្រី Hiroko Hirahara។ បន្ទាប់ពីមកដល់កន្លែងជាក់ស្តែងនោះ ក្រុមការងារបានចាប់ផ្តើមធ្វើការភ្លាមៗ។ បន្ទាប់ពីពិចារណាពីស្ថានភាព ក្រុមការងារបានបណ្តេញឃ្មុំទៅអស់ប្រកបដោយសុវត្ថិភាពបំផុត។ នៅចុងបញ្ចប់នៃការងារ ក្រុមការងារថែមទាំងក៏បានជូនឧបករណ៍បណ្តេញឃ្មុំ និងជួយណែនាំយ៉ាងលំអិតរបៀបប្រើប្រាស់ដល់ប្រជាជនអំពីវិធីដោះស្រាយប្រសិនបើមានស្ថានភាពស្រដៀងគ្នាកើតឡើងដើម្បីធានាប្រសិទ្ធភាព និងសុវត្ថិភាពទៀតផង។

ក្នុងនាមរដ្ឋាភិបាលមូលដ្ឋាន លោកអភិបាលរងរដ្ឋបានថ្លែងអំណរគុណចំពោះក្រុមការងារមន្ទីរពេទ្យវៀតណាម ដែលបានជួយប្រជាជនទោះបីក្នុងពេលឈប់សម្រាកនៃថ្ងៃបុណ្យចូលឆ្នាំថ្មីក៏ដោយ។ លោកបានមានប្រសាសន៍ថា លោកមានការភ្ញាក់ផ្អើល និងកោតសរសើរចំពោះស្មារតីទទួលខុសត្រូវ និងសមត្ថភាពខ្ពស់របស់ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតមកពីប្រទេសវៀតណាម។

ក្នុងអាណត្តិពិសេសនៅ Bentiu សាធារណរដ្ឋស៊ូដង់ខាងត្បូង មន្ទីរពេទ្យនៃកងពេទ្យកម្រិត២ លេខ២ វៀតណាម បានបំពេញភារកិច្ចពីរក្នុងពេលតែមួយ ពោលគឺការថែរក្សាសុខភាពបុគ្គលិក និងទាហានរបស់អង្គការសហប្រជាជាតិផង និងការពារប្រយុទ្ធប្រឆាំងនឹង Covid-19 នៅក្នុងតំបន់ផង។ ក្រៅពីនេះ អង្គភាពក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជាច្រើនដើម្បីជួយដល់ប្រជាជនក្នុងតំបន់តាមរយៈការងារជាក់ស្តែង ហើយបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងល្អលើរូបភាពរបស់កងទ័ពមួកខៀវវៀតណាម ។ ដោយសារតែមិនខ្លាចឧបសគ្គ និងការលំបាកទេ ថែមទាំងតែងតែខិតខំបំពេញរាល់ភារកិច្ចដែលបានប្រគល់ជូន និងមានឆន្ទៈត្រៀមខ្លួនជាស្រេចជួយប្រជាជននៃប្រទេសម្ចាស់ផ្ទះនោះ  កងទ័ពមួកខៀវរបស់វៀតណាមបានចូលរួមចំណែកលើកស្ទួយនូវរូបភាពស្រស់ស្អាតរបស់កងទ័ពអ៊ំហូ នៅទីកន្លែងពិសេសដូចជាប្រទេសស៊ូដង់ខាងត្បូង៕

បកប្រែដោយ Minh Trung