អ្នកយកព័ត៌មាន៖ សូមគោរពលោកនាយឧត្តមសេនីយ៍ កិច្ចសហប្រតិបត្តិការការពារជាតិគឺជាសសរស្តម្ភមួយនៃទំនាក់ទំនងការទូត​វៀតណាម - គុយបា។ តើលោកអាចវាយតំលៃយ៉ាងសង្ខេបពីទិដ្ឋភាពទូទៅនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-គុយបា និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានទេ?

លោករដ្ឋមន្រ្តី៖ ទោះបីមានភូមិសាស្រ្តនៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក វៀតណាមនិងគុយបា តែងតែប្រកៀកស្មាជួយគ្នាក្នុងចលនាតស៊ូរំដោះប្រទេសជាតិ និងការពារសមិទ្ធិផលនៃបដិវត្តន៍ និងបុព្វហេតុនៃការកសាង និងការពារជាតិនៅក្នុងប្រទេសនីមួយៗ។ ទោះបីស្ថានភាពអន្ដរជាតិ តំបន់ និងនៅប្រទេសនីមួយៗមានការផ្លាស់ប្តូរជាច្រើនក៏ដោយក៏ទំនាក់ទំនងស្មោះត្រង់នេះរវាងប្រទេសទាំងពីរត្រូវបានចាក់គ្រឹះដោយលោកប្រធានហូជីមីញ និងប្រធាន Fidel Castro ព្រមទាំងត្រូវបានគ្រប់ជំនាន់នៃថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរពូនជ្រំនោះនៅតែរក្សាបានភាពស្ថិតស្ថិរ និងកាន់តែស៊ីជម្រៅបន្ថែមទៀត។ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមកម៉្លេះ វៀតណាមនិងគុយបា បានផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំដោយរួមចំណែកពង្រឹងសាមគ្គីភាព មិត្តភាពជាប្រពៃណីពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើវិស័យជាច្រើន។ ក្នុងនោះកិច្ចសហប្រតិបត្តិការការពារជាតិគឺជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងវៀតណាម - គុយបា។

ក្រឡេកមើលពីប្រវត្តិនៃទំនាក់ទំនងការពារជាតិរវាងវៀតណាមនិងគុយបា ចាប់តាំងពីឆ្នាំ១៩៦៤ វៀតណាមបានបើកការិយាល័យអនុព័ន្ធយោធានៅគុយបា ហើយមកដល់ឆ្នាំ ១៩៦៦ គុយបា ក៏បានបើកការិយាល័យអនុព័ន្ធយោធានៅប្រទេសវៀតណាមដែរ។ នាពេលបង្កើតឡើងដំបូងនោះ ភាគីគុយបា បានបញ្ជូនក្រុមយោធាមួយចំនួនមកប្រទេសវៀតណាមដើម្បីសិក្សា និងរៀនសូត្រពីបទពិសោធន៍សង្គ្រាមនិងចូលរួមប្រយុទ្ធជាមួយកងទ័ព និងប្រជាជនវៀតណាមទៀតផង។ ក្រោយឆ្នាំ ១៩៧៥ ភាគីទាំងពីរបានបន្តបង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងសង្គ្រាមប្រជាជន។ ចាប់ពីឆ្នាំ ១៩៨៥ ដល់ឆ្នាំ១៩៩២ ប្រទេសវៀតណាម បានបញ្ជូនអ្នកជំនាញយោធាក្នុងស្រុករាប់រយនាក់ មកជួយប្រទេសគុយបាក្នុងការកសាងប្រព័ន្ធការពារនៅគ្រប់កំរិត និងជួយបណ្តុះបណ្តាលកម្លាំងមូលដ្ឋាន និងកងជីវពល។ ក្នុងឆ្នាំ ២០១១ ដោយផ្តើមចេញពីតម្រូវការ និងបំណងជំរុញទំនាក់ទំនងការពារជាតិទ្វេភាគី ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាមូលដ្ឋានគតិយុត្តសំខាន់សម្រាប់កងទ័ពទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយលើវិស័យការពារជាតិ។ ក្នុងគោលបំណងនាំទំនាក់ទំនងការពារជាតិទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ហើយជាក់ស្តែងនោះក្នុងឆ្នាំ២០១៤ ភាគីទាំងពីរបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០១៤-២០១៦ ។ ជាពិសេសនៅក្នុងឆ្នាំ ២០១៧ ខ្ញុំ រួមនិងលោកប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានធ្វើទស្សនកិច្ចមិត្តភាពជាផ្លូវការនៅគុយបា។ រីឯភាគីគុយបាវិញ លោកឧត្តមសេនីយ៍ឯក Leopoldo Cintra Frias រដ្ឋមន្រ្តីនៃបណ្តាកងកំលាំងបដិវត្តន៍គុយបា ក៏បានមកធ្វើទស្សនកិច្ចផ្លូវការនៅ​វៀតណាមនៅឆ្នាំ ២០១៧ និងបានទៅបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម នៅឆ្នាំ ២០១៨ ផងដែរ។

ដូច្នេះក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការការពារជាតិបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សាមគ្គីភាព មិត្តភាពប្រពៃណីពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ការដែលភាគីទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងសម្របសម្រួលគ្នាយ៉ាងស្អិតរមួត  ដោយឈរលើមូលដ្ឋាននៃរាល់កិច្ចព្រមព្រៀង និងផែនការដែលបានចុះហត្ថលេខានោះ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការការពារជាតិជាសសរស្តម្ភមួយ  រួមចំណែកពង្រឹងនិងពង្រីកសាមគ្គីភាពពិសេសរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - គុយបា។

leftcenterrightdel
លោករដ្ឋមន្រ្តី Ngo Xuan Lich ស្វាគមន៍លោក Leopoldo Cintra Frias រដ្ឋមន្រ្តីនៃបណ្តាកងកំលាំងបដិវត្តន៍គុយបា ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមកាលពីខែមីនា ឆ្នាំ ២០១៧

អ្នកយកព័ត៌មាន៖ លោករដ្ឋមន្រ្តីជាទីគោរព ក្នុងរយៈពេលកន្លងមក ការរីករាលដាលនៃជំងឺ Covid-19 មានការវិវឌ្ឍយ៉ាងស្មុគស្មាញទូទាំងសកលលោក ហើយបានក្លាយជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់មនុស្សជាតិដែលជះឥទ្ធិពលដល់គ្រប់វិស័យនៃជីវិតសេដ្ឋកិច្ច សង្គមនៃប្រទេសជាច្រើននៅជុំវិញពិភពលោក។  ក្នុងស្ថានភាពនេះ តើវៀតណាមនិងគុយបា មានកិច្ចសហប្រតិបត្តិការក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺយ៉ាងដូចម្តេច?

លោករដ្ឋមន្រ្តី Ngo Xuan Lich៖ ចាប់តាំងពីការផ្ទុះឡើងនៃ Covid-19 ប្រទេសវៀតណាមនិងគុយបា បានលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងផ្តល់ជំនួយគ្នាទៅវិញទៅមកក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការការពារជាតិ។ ភាគីទាំងពីរបានចែករំលែកបទពិសោធន៍ក្នុងការព្យាបាល ការធ្វើតេស្ត សារធាតុគីមី និងជីវសាស្ត្រសម្រាប់ការការពារ និងគ្រប់គ្រងជំងឺដោយឯកភាពគ្នាសហការស្រាវជ្រាវ និងផលិតឧបករណ៍តេស្តរហ័ស ផលិតវ៉ាក់សាំង និងថ្នាំព្យាបាល...។ ប្រទេសវៀតណាមបានផ្តល់ជំនួយជាសម្ភារៈនិងឧបករណ៍វេជ្ជសាស្ត្រចំនួន ៣ តោនដល់គុយបា។ ហើយគុយបាក៏បានផ្តល់ថ្នាំព្យាបាលប្រភេទ Covid-19 Interferon Alfa 2B ចំនួនរាប់ពាន់ដូសទៅប្រទេសវៀតណាមដែលត្រូវបានផលិតដោយប្រទេសគុយបា ថែមទាំងបានបញ្ជូនអ្នកជំនាញវេជ្ជសាស្រ្តឈានមុខគេទៅកាន់ប្រទេសវៀតណាមក្នុងខែកក្កដា ឆ្នាំ ២០២០ ដើម្បីជួយទប់ទល់នឹងរោគរាតត្បាត។ 

ខ្ញុំមានអារម្មណ៍រំជួលចិត្តនៅពេលដែលអ្នកជំនាញវេជ្ជសាស្ត្រគុយបា ដោយបានបញ្ជាក់ពីឆន្ទៈរបស់ពួកគេក្នុងការសម្រុកចូលទៅក្នុងតំបន់រោគរាតត្បាតនេះដើម្បីប្រកៀកស្មាជាមួយក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតវៀតណាម។ ការដែលគាំទ្រគ្នាទៅវិញទៅមករវាងវៀតណាម និងគុយបាក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 គឺជាសក្ខីភាពរស់រវើកនៃស្មារតីសមមិត្ត បងប្អូន  ការចែករំលែកដែលប្រទេសទាំងពីរ និងកងទ័ពទាំងពីរផ្តល់ជូនគ្នាទៅវិញទៅមក។

អ្នកយកព័ត៌មានៈ តើចក្ខុវិស័យនៃទំនាក់ទំនងវៀតណាម - គុយបា និយាយរួម និងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីរវាងប្រទេសទាំងពីរនិយាយដោយឡែកនឹងត្រូវបានដាក់ឱ្យអនុវត្តយ៉ាងដូចម្តេចនៅពេលខាងមុខនេះ?

លោករដ្ឋមន្រ្តី Ngo Xuan Lich ៖ អបអរសាទរខួប ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - គុយបា យើងមានមោទនភាពយ៉ាងខ្លាំងចំពោះទំនាក់ទំនងសាមគ្គីភាព និងភក្តីភាពរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងវៀតណាម - គុយបាគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានដែលបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរត្រូវខិតខំការពារ។ វៀតណាមជានិច្ចកាលចងចាំនូវការ​ស្រឡាញ់ ការគាំទ្រដ៏ធំធេងរបស់បក្ស រដ្ឋ និងប្រជាជនគុយបា បានជូនចំពោះប្រជាជនវៀតណាមក្នុងអំឡុងពេលនៃការតស៊ូដើម្បីរំដោះប្រទេសជាតិ និងកសាងការពារមាតុភូមិ។ បក្ស រដ្ឋ និងក្រសួងការពារប្រទេសវៀតណាមយកចិត្តទុកដាក់ជានិច្ចដល់ការឃោសនា និងការអប់រំសម្រាប់យុវជនជំនាន់ក្រោយឱ្យការពារ ថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីជា “សមមិត្តផង និងជាបងប្អូនផង” ប្រកបដោយនិរន្តរភាព។ យើងមានមូលដ្ឋានជឿជាក់យ៉ាងមុតមាំថា នាពេលខាងមុខ ទំនាក់ទំនងរវាងវៀតណាមនិងគុយបានឹងត្រូវបានរឹតបន្តឹង និងអភិវឌ្ឍយ៉ាងខ្លាំងក្លា ដោយនាំមកនូវផលប្រយោជន៍ដល់ភាគីទាំងពីរ រួមចំណែករក្សាសន្តិភាព និងស្ថិរភាព។

ដើម្បីបន្តពង្រឹងការអភិវឌ្ឍន៍ និងបង្កើនទំនាក់ទំនងការពារជាតិ ភាគីទាំងពីរនឹងអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម ។ បន្តរក្សាកិច្ចសហប្រតិបត្តិការ និងយន្តការសន្ទនាដែលមានស្រាប់  ជំរុញសកម្មភាពផ្លាស់ប្តូរទស្សនកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ និងបញ្ចប់ការចងក្រងសៀវភៅកំណត់ត្រា ៦០ ឆ្នាំនៃទំនាក់ទំនងការពារជាតិរវាងវៀតណាម និងគុយបា។ លើសពីនេះទៅទៀត ក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងបន្តផ្លាស់ប្តូរ និងឯកភាពគ្នាក្នុងការដាក់ពង្រាយនូវរាល់ទម្រង់ និងខ្លឹមសារថ្មីនៃកិច្ចសហប្រតិបត្តិការ សមស្របទៅនឹងលក្ខខណ្ឌ និងសមត្ថភាពរបស់កងទ័ពនៃប្រទេសនីមួយៗ។ ក្រសួងការពារប្រទេសវៀតណាម ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសហប្រតិបត្តិការជាមួយគុយបាលើវិស័យជាច្រើនដូចជា៖ វិស័យឧស្សាហកម្មការពារជាតិ ទូរគមនាគមន៍ វេជ្ជសាស្ត្រយោធា ... ដែលវៀតណាមក្តាប់បានជំនាញបច្ចេកវិទ្យា។   ទន្ទឹមនឹងនោះ សង្ឃឹមថាប្រទេសគុយបានឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បណ្តាសហគ្រាសកងទ័ពប្រជាជនវៀតណាម ជាពិសេសគឺសម្ព័ន្ធក្រុមហ៊ុន ឧស្សាហកម្មទូរគមនាគមន៍យោធា ចូលរួមវិនិយោគ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងវិស័យមានសក្តានុពលផ្សេងទៀតនៅគុយបា នាពេលដ៏ខ្លីខាងមុខនេះ។

អ្នកយកព័ត៌មានៈសូមអរគុណលោករដ្ឋមន្ត្រី!

បកប្រែដោយ Minh Trung