នៅឯកិច្ចសន្ទនា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានចែករំលែកអំពីការរីករាលដាលនៃ Covid-19 នៅវៀតណាម ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ហើយ​កងទ័ពប្រជាជនវៀតណាមគឺជាកម្លាំងស្នូលមួយ​ឈានមុខគេ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានលើកកំពស់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្ការនិងទប់ស្កាត់ការរាតត្បាតទាំងក្នុងក្របខ័ណ្ឌពហុភាគី និងទ្វេភាគី ព្រមទាំងសម្តែងនូវគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយផ្នែកពេទ្យយោធាអង់គ្លេសក្នុងបរិបទដែលជំងឺរាតត្បាតនៅតែកើតមានយ៉ាងស្មុគស្មាញ ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងនៅកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - អង់គ្លេស លើកទី ៣

 

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជូនដំណឹងដល់លោកជំទាវ Baroness Goldie DL អំពីលទ្ធផលនៃការរៀបចំសកម្មភាពនានាក្នុងឆ្នាំដែលវៀតណាមកាន់តួនាទីជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាពិសេសកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រកបដោយជោគជ័យ។ ដោយហេតុនេះបានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុង ADMM, ADMM + ដើម្បីផលប្រយោជន៍រួមរបស់អាស៊ាន។ លោកក៏សង្ឃឹមថា ចក្រភពអង់គ្លេសគាំទ្រគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ ។

នៅឯប្រទេសអង់គ្លេស លោកជំទាវ Baroness Goldie DL រដ្ឋលេខាធិការក្រសួងការពារជាតិ បានអបអរសាទរចំពោះវៀតណាមដែលសម្រេចបានជោគជ័យនូវតួនាទីជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទោះជាត្រូវឆ្លើយតបនឹងបញ្ហាប្រឈមជាច្រើនដូចជាជំងឺរាតត្បាត Covid-19 ។ លោកជំទាវ Baroness Goldie DL អះអាងថា ចក្រភពអង់គ្លេសត្រៀមខ្លួនជាស្រេចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការការពារជាតិ ស្របតាមទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - អង់គ្លេស លើកទី ៣ តាមប្រព័ន្ធវីដេអូ

ក្រៅពីនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកជំទាវ Baroness Goldie DL ក៏វាយតម្លៃលើស្ថានភាពកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - អង់គ្លេសក្នុងរយៈពេលកន្លងមក ហើយបានឯកភាពលើទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងនាពេលខាងមុខ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តមិនទុកឲ្យជំងឺរាតត្បាត Covid-19 ប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីដែលកំពុងមានការអភិវឌ្ឍល្អៗនេះឡើយ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានវាយតម្លៃថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - អង់គ្លេសកំពុងមានការរីកចម្រើន ជាពិសេសនៅក្នុងវិស័យផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល និងការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិអង់គ្លេសដែលបានផ្តល់ការគាំទ្រដ៏មានប្រសិទ្ធិភាពដល់វៀតណាមក្នុងការអនុវត្ត និងលើកកំពស់សមត្ថភាពរបស់កងពេទ្យកម្រិត២ លេខ១ និងកងពេទ្យលេខ២នៅប្រទេសស៊ូដង់ខាងត្បូង។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកជំទាវ Baroness Goldie DL បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; កិច្ចសន្ទនាគោលនយោបាយការពារជាតិ; ការបណ្តុះបណ្តាល;  ការជំនះផលវិបាកដោយសង្គ្រាម; កិច្ចសហប្រតិបត្តិការស្រាវជ្រាវយុទ្ធសាស្ត្រ; ការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដោយស្របតាមស្មារតីនៃអនុស្សារណៈស្តី​ពី​កិច្ចសហប្រតិបត្តិការទ្វេភាគីការពារជាតិរវាងភាគីទាំងពីរ។

កិច្ចពិភាក្សាគោលនយោបាយការពារជាតិវៀតណាម - អង់គ្លេសលើកនេះមានអត្ថន័យសំខាន់ដែលបានប្រព្រឹតទៅក្នុងបរិបទដែលរំលឹកខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស (កញ្ញា ២០១០ / កញ្ញា ២០២០)  គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំក្រសួងការពារជាតិវៀតណាម និងចក្រភពអង់គ្លេសពិភាក្សាលើបញ្ហានានាដែលមានការយកចិត្តទុកដាក់ដូចគ្នា និងឯកភាពលើវិធានការណ៍នានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីប្រកបដោយប្រសិទ្ធភាពក្នុងបរិបទជាក់ស្តែងនាពេលបច្ចុប្បន្ន ស័ក្កសមជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ៕

បកប្រែដោយ​ Thanh Cong