ឧបសគ្គធំបំផុត 

វាមិនមែនជាការបង្ហាញពីអានុភាពនៃគ្រឿងសព្វាវុធយោធានោះទេ ហើយក៏មិនតម្រូវឲ្យកីឡាករទាំងអស់ត្រូវតែឆ្លងកាត់លេណដ្ឋានជ្រៅ ជញ្ជាំងខ្ពស់ៗទេ ... ប៉ុន្តែការប្រកួតផ្នែកផ្ទះបាយវាលមិនដែលជាការប្រកួតប្រជែងងាយស្រួលទេ។ ដើម្បីបំពេញតាមតម្រូវការបាន សមាជិកក្រុមប្រកួតទាំងអស់មិនត្រឹមតែទាមទារឲ្យប៉ិនប្រសបក្នុងការបាញ់កាំភ្លើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានជំនាញធ្វើម្ហូប និងចំណេះដឹងអំពីមុខម្ហូបអឺរ៉ុបទៀតផង។

ឆ្នាំនេះវិញ្ញាសានៃការប្រឡងផ្ទះបាយវាលមិនមានការផ្លាស់ប្តូរច្រើនទេបើប្រៀបធៀបនឹងឆ្នាំមុនៗ ប៉ុន្តែកម្រិតនៃការលំបាកត្រូវបានកើនឡើង។ ក្រៅពីបណ្តាជុំប្រកួតដូចជា ការបាញ់កាំភ្លើង AK ការចម្អិនម្ហូបអាហារ និងការដុតនំតាមបញ្ជីរាយមុខម្ហូបបែបប៊ូហ្វេនោះ គឺនៅជុំផ្តាច់ព្រ័ត្រក្រុមប្រកួតត្រូវតែចំអិនមុខម្ហូបតាមការកំណត់។ ពេលវេលានៃការប្រកួតនឹងមានរយៈពេល ៣ ថ្ងៃជំនួសឲ្យ ២ ថ្ងៃដូចពីមុន។

ខណៈពេលដែលការបាញ់កាំភ្លើងត្រូវបានចាត់ទុកថាជាចំណុចខ្លាំង តែការចម្អិនអាហារត្រូវបានចាត់ទុកជាបញ្ហាប្រឈមសម្រាប់ក្រុមផ្ទះបាយវាលទៅវិញ។ ភាពខុសគ្នានៃវប្បធម៌ធ្វើម្ហូបគឺជាឧបសគ្គធំបំផុតដែលពួកគេត្រូវការយកឈ្នះភ្លាមៗក្នុងអំឡុងពេលហ្វឹកហាត់។ ដើម្បីទទួលបានមុខម្ហូបស្តង់ដារដូចនឹងគណៈកម្មាធិការរៀបចំតម្រូវនោះ វាទាមទារឲ្យក្រុមប្រកួតត្រូវតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ពីព្រោះរាល់មុខម្ហូបក្នុងការប្រកួតស្ទើរតែជាម្ហូបបែបអឺរ៉ុប ចាប់ពីរសជាតិរហូតដល់បច្ចេកទេសកែច្នៃ របៀបលំអ គឺខុសគ្នាទាំងស្រុងពីម្ហូបប្រពៃណីវៀតណាម។ ដើម្បីដោះស្រាយបញ្ហាលំបាកនេះ ក្រុមប្រកួតត្រូវពឹងផ្អែកលើជំនួយពីអ្នកជំនាញធ្វើម្ហូបដើម្បីបង្កើតបញ្ជីរាយមុខម្ហូបលម្អិតសម្រាប់ក្រុមអាហារនីមួយៗដែលគណៈកម្មាធិការរៀបចំបានកំណត់។

ជាការពិតណាស់ ការលំបាកមិនត្រឹមតែប៉ុណ្ណោះទេ។ លោកវរសេនីយ៍ឯកបំរុង Nguyen Duong Hai អនុប្រធានការិយាល័យសេនាធិការផែនការ ស្នងការដ្ឋានយោធបរិក្ខារ ដែលជាអ្នកតាមដានយ៉ាងដិតដល់ក្រុមប្រកួតចាប់តាំងពីថ្ងៃដំបូងនៃការហ្វឹកហាត់នោះបានមានប្រសាសន៍ថា“ គណៈកម្មាធិការរៀបចំការប្រកួតមានតម្រូវការយ៉ាងតឹងរឹងបំផុតលើអនាម័យ និងសុវត្ថិភាពអាហារ ក៏ដូចជាបរិមាណម្ហូបផងដែរ។ ហេតុដូច្នេះហើយ យើងខ្ញុំត្រូវតែហ្វឹកហាត់យ៉ាងប្រយ័ត្នប្រយែងក្នុងគ្រប់ដំណាក់កាលមិនទុកឲ្យមានភាពធ្វេសប្រហែសឡើយ។

leftcenterrightdel
ចុងភៅនៃកងទ័ពរៀនពីរបៀបធ្វើម្ហូបបែបអឺរ៉ុប

 

បេសកកម្មដ៏មានសារៈសំខាន់

ក្រុមផ្ទះបាយវាលជាក្រុមមួយក្នុងចំណោមក្រុមប្រកួតមួយចំនួននៃកងទ័ពប្រជាជនវៀតណាម ដែលបានចូលរួមការប្រកួតចំនួនពីរដងនៅ Army Games ។ បទពិសោធន៍ពីការចូលរួមពីមុនៗនោះបានបង្ហាញថា ការរៀបចំកាន់តែហ្មត់ចត់គឺជាកត្តាដ៏សំខាន់ដែលរួមចំណែកដល់ជោគជ័យនៃក្រុមប្រកួត។ ដូច្នេះ នៅពេលទទួលបានការណែនាំពីថ្នាក់លើ ស្នងការដ្ឋាន​យោធបរិក្ខារបានចាប់ផ្តើមការងារត្រៀមរៀបចំយ៉ាងសកម្មភ្លាមៗដោយកំណត់យ៉ាងច្បាស់ថា បុគ្គលិកគឺជាកត្តាទីមួយដែលត្រូវបាន​ពិចារណា ។ “នៅឆ្នាំនេះ ក្នុងចំណោមកីឡាករផ្លូវការទាំង ១១ នាក់ ហើយក្នុងនោះមាន ៦ នាក់ធ្លាប់បានចូលរួម Army Games នៅឆ្នាំមុនៗហើយដែរ ដូច្នេះយើងខ្ញុំបានចាត់ទុកថា នេះជាធនធានមនុស្សដ៏សំខាន់ដោយមានបទពិសោធន៍ និងជំនាញប៉ិនប្រសប” លោក Nguyen Duong Hai បានលើកឡើងដូចនេះ។

ក្រៅពីកត្តាមនុស្ស ការរៀបចំយ៉ាងហ្មត់ចត់នូវសម្ភារៈ បរិក្ខារ អាវុធ ឧបករណ៍ហ្វឹកហាត់សម្រាប់ក្រុមប្រកួតក៏រួមចំណែកដល់ជោគជ័យនៃក្រុមប្រកួតផងដែរ។ លោកវរសេនីយ៍ឯកបំរុង Tong Xuan Hau ប្រធានមជ្ឈមណ្ឌលហ្វឹកហាត់ (នៃអគ្គស្នងការដ្ឋានភស្តុភារ) ដែលជាទីភ្នាក់ងារទទួលបន្ទុកខាងធានាភ័ស្តុភារ ក៏ដូចជាការហ្វឹកហាត់បាញ់កាំភ្លើង និងហ្វឹកហាត់កាយសម្បទា ឲ្យក្រុមប្រកួតបាននិយាយថា “បុគ្គលិក កម្មាភិបាលទាំងអស់នៃមជ្ឈមណ្ឌលខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធានាបាននូវលក្ខខណ្ឌល្អបំផុតសម្រាប់ដំណើរការហ្វឹកហាត់របស់ក្រុមប្រកួតចូលរួមក្នុងព្រឹត្តិការណ៍ Army Games ។ យើងខ្ញុំបានកំណត់យ៉ាងច្បាស់ថា នេះជាបេសកកម្មនយោបាយដ៏សំខាន់មួយរបស់អង្គភាពនៅឆ្នាំ ២០២០ នេះ”។

ថ្វីត្បិតតែ Army Games គឺជាសង្វៀនយោធាអន្តរជាតិក៏ដោយ ប៉ុន្តែវាក៏ជាកន្លែងលេងសម្រាប់ក្រុមប្រកួតទាំងអស់អាចជួបប្រាស្រ័យទាក់ទងគ្នា បង្កើនចំណងមិត្តភាព និងការយោគយល់គ្នា ស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមកផងដែរ ។ Army Games លើកនេះ ក្រុមផ្ទះបាយវាលនៃកងទ័ពប្រជាជនវៀតណាមនឹងមិនត្រឹមតែប្រកួតប្រជែងនៅលើទីវាលប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានបេសកកម្មសំខាន់ៗផងដែរ ពោលគឺចូលរួមលើកកម្ពស់វប្បធម៌ម្ហូបអាហារវៀតណាម  និងលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសវៀតណាម និងមិត្តភក្តិនៅលើពិភពលោក៕

បកប្រែដោយ Minh Trung