នៅក្នុងជំនួបសន្ទនានេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអបអរសាទរនូវែលហ្សេឡង់ដោយទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ។ ក្រសួងការពារប្រទេសវៀតណាមសូមថ្លែងអំណរគុណដល់ក្រសួងការពារជាតិនូវែលហ្សេឡង់ដែលបានសម្របសម្រួលបញ្ជូន​សិក្ខាកាម​យោធាវៀតណាមចំនួន ២ រូប​ដែលចូលរួមវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសនៅប្រទេសនូវែលហ្សេឡង់​ឱ្យ​វិល​​ត្រឡប់មកមាតុប្រទេសវិញ ដែលនេះបានបង្ហាញពីសុឆន្ទៈ និងមនុស្សធ៌ម​នាគ្រាដែលបណ្តាប្រទេសសុទ្ធតែជួបការលំបាកជាច្រើនដោយ​សារ Covid-19 ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh នៅឯជំនួប​សន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក Andrew Bridgman អគ្គលេខាធិការការពារជាតិនូវែលហ្សេឡង់

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក ដូចជាបណ្តាប្រទេសនានាលើពិភពលោក វៀត​ណាម​ក៏រងផលប៉ះពាល់យ៉ាងខ្លាំងដោយការរាតត្បាត Covid-19 ដែរ។ ក៏ប៉ន្តែ ក្រោមការដឹកនាំយ៉ាងម៉ឹងម៉ាត់របស់រដ្ឋាភិបាល រហូតមកទល់ពេលនេះ ផលិតកម្ម និងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជនបានវិលមករកភាពប្រក្រតីវិញហើយ។  វៀតណាមបានកំណត់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិមានសារៈសំខាន់ណាស់ និងចាត់ទុកកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាមូលដ្ឋានដើម្បីធានានូវជ័យជំនះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ ប្រទេសវៀតណាមបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាច្រើនក្នុងបំណងផ្លាស់ប្តូរសកម្មភាពសហប្រតិបត្តិការដើម្បីទប់ទល់នឹង Covid-19 ។

លោកអគ្គលេខាធិការការពារជាតិនូវែលហ្សេឡង់បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការប្រយុទ្ធប្រឆាំងនឹង Covid-19 របស់វៀតណាមដែលក្នុងនោះ កងទ័ពប្រជាជនវៀតណាមគឺជាកម្លាំងនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ លោកបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងស្មារតីមិត្តភាព ការយល់ដឹងគ្នា និងការជឿទុកចិត្តគ្នា ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការស្មើភាព ផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងស្មារតីនៃទំនាក់ទំនង​ភាពជាដៃគូគ្រប់ជ្រុងជ្រោយ ​ឆ្ពោះទៅរកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។

leftcenterrightdel
ទិដ្ឋភាព​នៃ​ជំនួប

ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខ ក្រៅពីសកម្មភាពសហប្រតិបត្តិការដែលមានស្រាប់ ក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងបន្តសិក្សាលើការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលដូចជា៖ ការបង្កើតយន្តការលើការសិក្សាបណ្តុះបណ្តាល  ការចែករំលែកបទពិសោធន៍ក្នុង​កាជួយសង្គ្រោះ ការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកពេទ្យយោធា ការផលិតគ្រឿងបរិក្ខារពេទ្យដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខបណ្តាញអ៊ីនធឺណិតដើម្បីបម្រើកិច្ចប្រជុំតាមប្រព័ន្ធវីដេអូក្នុងបរិបទដែលកើតមានរោគរាតត្បាត Covid-19 រួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនង​ភាពជាដៃគូគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផលប្រយោជន៍របស់​ប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Thanh Cong