leftcenterrightdel
ការធ្វើតេស្ត Covid-19 ប្រជាជនរបស់វៀតណាម

មិនមែនជាអព្ភូតហេតុទេ

អត្ថបទរបស់ FES  បាននិយាយថា នៅពេលក្រឡេកមើលដំបូងវៀតណាមហាក់ដូចជាងាយរងគ្រោះដូចប្រទេសជាច្រើនចំពោះការផ្ទុះឡើងនៃជំងឺ Covid-19 ។ មូលហេតុគឺដោយសារតែប្រទេសវៀតណាមបានធ្វើសមាហរណកម្មយ៉ាងជ្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាគោលដៅទេសចរណ៍ដ៏សំខាន់ចំពោះភ្ញៀវទេសចរណ៍អន្តរជាតិ។ លើសពីនេះទៀត ប្រទេសវៀតណាមមានព្រំប្រទល់ជាប់ជាមួយប្រទេសចិន និងបានទទួលនូវចំនួនប្រជាជនដែលត្រឡប់មកពីប្រទេសជាច្រើនដែលរងផលប៉ះពាល់ដោយរោគរាតត្បាត Covid-19។ អត្ថបទក៏បានលើកឡើងពីបញ្ហានេះថា "តើវៀតណាមអាចយកឈ្នះលើបញ្ហាប្រឈមបានយ៉ាងដូចម្តេច?"

យោងតាមការសន្និដ្ឋានពី​អត្ថបទ ជោគជ័យរបស់វៀតណាមក្នុងការដោះស្រាយការរីករាលដាលជំងឺ Covid-19 មិនមែនជាអព្ភូតហេតុទេ ប៉ុន្តែត្រូវបានសំយោគពីកត្តាជាច្រើន។ ទីមួយគឺ “ការឆ្លើយតបតាំងពីដំបូង និងវិធីសាស្រ្តមានលក្ខណៈយុទ្ធសាស្ត្រ” ។ អាស្រ័យហេតុនេះនៅក្នុងកិច្ចប្រជុំនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបញ្ជាក់ថា រដ្ឋាភិបាលត្រៀមខ្លួនជាស្រេចទទួលយកការខាតបង់សេដ្ឋកិច្ចដើម្បីការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។ លើសពីនេះទៀត បទពិសោធន៍នៃការប្រយុទ្ធប្រឆាំងនឹង SARS ក្នុងឆ្នាំ ២០០៣ រួមជាមួយនឹងការយល់ដឹងអំពីធនធាននៅមានកម្រិតបានជំរុញឱ្យប្រទេសវៀតណាមចាត់វិធានការចត្តាលីស័ក្តរក្សាគម្លាតសង្គម និងដាក់កម្រិតលើការធ្វើដំណើរតាំងពីដំបូងនៃការផ្ទុះឡើងជំងឺ Covid-19។ ការអត្ថាធិប្បាយក្នុងអត្ថបទបានសង្កត់ធ្ងន់ថា “ឆ្លៀតចាប់យកការប្រើប្រាស់ប្រព័ន្ធរដ្ឋាភិបាលពីថ្នាក់កណ្តាលរហូតដល់ថ្នាក់មូលដ្ឋាន ប្រទេសវៀតណាមបានកៀរគរធនធានជាច្រើនតាមការអាចធ្វើទៅបានដើម្បីកំណត់អត្តសញ្ញាណមុខសញ្ញា​ដែលប៉ះនឹងករណីសង្ស័យផ្ទុកជំងឺ ហើយផ្តើមចេញពីនោះអាចជួយទប់ស្កាត់ការឆ្លងមេរោគមិនអោយរីក​រាល​ដាល។

កត្តាទី ២ គឺការផ្សព្វផ្សាយព័ត៌មានយ៉ាងច្បាស់លាស់ និងទាន់ពេលវេលាអំពីជំងឺនេះដល់ប្រជាជន។ ជំនួសឱ្យការពឹងផ្អែកលើបណ្តាកម្មវិធីស្មុគស្មាញនៃបរទេសដើម្បីកំណត់អត្តសញ្ញាណមនុស្សប៉ះពាល់នឹងវីរុស SARS-CoV-2 ដែលមាន​​តំ​លៃ​ថ្លៃ​ វៀតណាមបែជាបានអនុវត្តនូវវិធានការឃោសនាដោយមានតម្លៃធូរជាងទៅវិញ។ “យុទ្ធនាការលើកកម្ពស់​ការយល់ដឹងតាមរយៈឧបករណ៍បំពងសំឡេង កាសែត បណ្តាញសង្គម និងមធ្យោបាយផ្សព្វផ្សាយផ្សេងៗទៀតបាន​ជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជនវៀតណាម។ ប្រជាពលរដ្ឋត្រូវបានទទួលជំនួយ និង​ទទួលព័ត៌មានឆាប់ៗបំផុតអំ​​ពីកា​រវិវឌ្ឍចុងក្រោយនៃជំងឺរាតត្បាត និងអនុសាសន៍អំពីសុខភាពតាមរយៈគេហទំព័រ បណ្តាញទូរស័ព្ទបន្ទាន់ និង​កម្មវិធីទូរស័ព្ទចល័តផ្សេងៗទៀត។ ឧទាហរណ៍លេចធ្លោមួយគឺយុទ្ធនាការដើម្បីលើកទឹកចិត្តប្រជាជនលាងដៃឱ្យបាន​ត្រឹមត្រូវដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ។

រក្សាការប្រុងប្រយ័ត្នជានិច្ច

កត្តាទីបីគឺការរួបរួមសាមគ្គីគ្នា។ យោងតាមអត្ថបទនេះ ដោយបានឆ្លងកាត់សង្គ្រាមជាច្រើនបានជាប្រជាជនវៀតណាមយល់​យ៉ាងច្បាស់ថា សាមគ្គីភាពគឺអាចជួយពង្រឹងប្រទេសដើម្បីជំនះឧបសគ្គធំៗនៃការរីករាលដាល Covid-19។ អត្ថបទអះអាងទៀតថា ប្រជាជនវៀតណាមមានសាមគ្គីភាពជាងពេលណាៗទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹង “សត្រូវ​មើលមិ​នឃើញ” ដែលមានឈ្មោះថា Covid-19។ ជាទូទៅប្រជាជនមានទំនុកចិត្តខ្ពស់ ហើយមានឆន្ទៈធ្វើតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលក្នុងវិបត្តិដ៏ធំនេះ។ ជាពិសេសនៅពេលនិយាយអំពីការការពារជីវិតប្រជាជន និងសុវត្ថិភាពសហគមន៍ ប្រជាជនវៀតណាមភាគច្រើនទទួលយកការលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនសម្រាប់គោលដៅរួម។ បាវចនាដូចជា “ការប្រឆាំងនឹងជំងឺដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ” ឬ “ស្នាក់នៅក្នុងផ្ទះគឺស្នេហាជាតិ” ត្រូវបានផ្សព្វផ្សាយពាសពេញលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈជនដែលបង្កើតការឆ្លើយតបជាវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត” ។

កត្តាចុងក្រោយប៉ុន្តែមានសារសំខាន់មិនតិចឡើយ ពោលគឺទម្លាប់នៃការពាក់ម៉ាស់នៅកន្លែងសាធារណៈសូម្បីតែមុនពេល​មានជំងឺរាតត្បាតកើតមានឡើងរបស់ប្រជាជនវៀតណាម។ យោងទៅតាមអត្ថបទនេះ នៅក្នុងបរិបទនៃការរីក​រាល​ដាលនៃជំងឺ Covid-19 "ទំលាប់ល្អនេះបានបង្ហាញពីប្រសិទ្ធភាពក្នុងការការពារវីរុសឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់"។

អត្ថបទរបស់ FES បានឲ្យដឹងថា ដោយសារតែការរួមបញ្ចូលគ្នានៃកត្តាទាំងបួនដែលបានរៀបរាប់ខាងលើ ខណៈដែលប្រទេសជាច្រើននៅលើពិភពលោកបានកត់ត្រាចំនួនករណី Covid-19 កំពុងបន្តកើនឡើងនោះ វៀតណាម​​បាន​បន្ធូ​​រ​​បន្ថយ​​វិធាន​ការរឹតត្បិតពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២០ ទៅវិញ។ ចំពោះរដ្ឋាភិបាល សហគ្រាស និងប្រជាជន បច្ចុប្បន្នគឺដល់ពេលហើយដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។ វាមិនពិបាកទេក្នុងការមើលឃើញភាពអ៊ូអរនៃចរាចរណ៍តាម​ដង​​ផ្លូ​វ​​ដ៏ម​មាញឹក​នៃទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ ​វិស័យ​​ទេសចរណ៍​ក្នុងស្រុក​ត្រូវ​បានចាប់ផ្តើមឡើងវិញនៅ​ពេល​សណ្ឋាគារក៏ត្រូវបានចាប់ផ្តើម​បើក​ទ្វារ​ទទួលភ្ញៀវឲ្យត្រឡប់មកវិញ។ អាជ្ញាធរមូលដ្ឋានត្រូវបានអនុញ្ញាតអោយដំណើរការឡើងវិញនូវព្រឹត្តិការណ៍ដែលមានមនុស្សជាច្រើនចូលរួមដូចជាការប្រកួតកីឡា ឬពិធីបុណ្យនានាជាដើម។ “ទោះជាយ៉ាងណាក៏ដោយ ប្រទេសវៀតណាមនៅតែមានការប្រុងប្រយ័ត្ន និងយល់យ៉ាងច្បាស់ថា រោគរាតត្បាត Covid-19 ពិតជាមិនទាន់បាន​ផុត​រ​​លត់​​ដាច់ស្រេចទេ។ ប្រជាជននៅតែត្រូវបានណែនាំឱ្យពាក់ម៉ាស់ និងប្រើទឹកលាង​ដៃអ​នាម័យជាប្រចាំ ... ប្រជាជន និងរដ្ឋាភិបាលវៀតណាមនៅតែមានសុទិដ្ឋិនិយមចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ច​​យឺតប៉ុន្តែមានស្ថេរភាព​ក្នុង​រយៈ​ពេល​ក្រោយ Covid-19"។ នេះជាការអះអាងនៃអត្ថបទនេះ៕

បកប្រែដោយ Minh Trung