អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានអគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំផ្នែកសុខាភិបាលជិត ១៥០ រូបនៃបណ្តាសមាជិក រួមទាំងភ្ញៀវកិត្តិយសជាថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាល ១៥ រូបនៃបណ្តាប្រទេសផ្សេងៗទៀត។

leftcenterrightdel
នាយករដ្ឋមន្រ្តី Nguyen Xuan Phuc ចូលរួមសម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក

 

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេសនានាបានឯកភាពថា រោគរាតត្បាត Covid-19 បានបណ្តាលឱ្យពិភពលោកទាំងមូលប្រឈមមុខនឹងបញ្ហាថ្មីដែលមិនធ្លាប់មានពីមុនមក ហើយគ្មានប្រទេសណាមួយអាចដោះស្រាយដោយខ្លួនឯងបានទេ។ ប្រទេសជាច្រើនគាំទ្រតួនាទីរបស់អង្គការសុខភាពពិភពលោក និងសម្តែងការដឹងគុណដល់វេជ្ជបណ្ឌិត គ្រូពេទ្យ អ្នកដែលឈរនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។ ប្រទេសទាំងអស់ក៏បានអំពាវនាវឱ្យមានសាមគ្គីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបនឹងជំងឺ និងការសម្របសម្រួលគ្នាស្រាវជ្រាវផលិតវ៉ាក់សាំង និងថ្នាំព្យាបាល។ ទាក់ទងនឹងទិសដៅនាពេលខាងមុខ បណ្តាប្រទេសបានសង្កត់ធ្ងន់ថា អង្គការសុខភាពពិភពលោកចាំបាច់ត្រូវប្រមូលព័ត៌មាន និងចំណេះដឹងទូលំទូលាយនៅទូទាំងពិភពលោកដើម្បីឆ្លើយតបទៅនឹងការរាតត្បាត Covid-19។  គប្បីតែគាំទ្រដល់ប្រព័ន្ធសុខាភិបាលនៃគ្រប់ប្រទេស បន្តសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និងអន្តរជាតិក្នុងការលក់ឧបករណ៍វេជ្ជសាស្ត្រ គំរូ និងឧបករណ៍ធ្វើតេស្តជាដើម។

ជាមួយនឹងសមិទ្ធិផលវិជ្ជមានដែលទទួលបានក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ក៏ដូចជាតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០ និងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំមួយចំនួនតិចដែលត្រូវបានអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) អញ្ជើញឲ្យថ្លែងមតិក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោកឆ្នាំនេះ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសម្តែងនូវការចែករំលែកទុក្ខយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងអស់ចំពោះការបាត់បង់ដ៏ធំធេងដែលបណ្តាលមកពីរោគរាតត្បាត Covid-19 ។ លោក Nguyen Xuan Phuc ក៏បានថ្លែងអំណរគុណ និងលើកដម្កើងចំពោះវេជ្ជបណ្ឌិត គ្រូពេទ្យទាំងអស់ដែលឈរនៅជួរមុខដើម្បីការពារ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺដើម្បីសុខភាព និងសុវត្ថិភាពរបស់ប្រជាជនទាំងអស់។

លោកនាយករដ្ឋមន្រ្តីបានចែករំលែកថា រដ្ឋាភិបាលវៀតណាមបានយល់ដឹងអំពីគ្រោះថ្នាក់នៃ Covid-19 តាំងពីពេលដំបូងៗដែលផ្ទុះឡើងរោគរាតត្បាតនេះដោយមានបាវចនាថា “ប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ” ។ វៀតណាមបានកៀរគរការចូលរួមពីសំណាកអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រព័ន្ធសុខាភិបាលជាតិ អ្នកវិទ្យាសាស្ត្រ និងការគាំទ្ររបស់កងកំលាំងយោធា។ល។ ទាំងអស់រួមគ្នាប្តេជ្ញាចិត្តអនុវត្តការធ្វើចត្តាឡីស័កបែបប្រមូលផ្តុំដោយរួមបញ្ចូលទាំងការគ្រប់គ្រងប្រភពនៃការឆ្លង ការតាមរក ការធ្វើតេស្ត និងការព្យាបាល។ រដ្ឋាភិបាលសុខចិត្តទទួលយកការ “លះបង់ប្រយោជន៍សេដ្ឋកិច្ចក្នុងរយៈពេលខ្លីដើម្បីការពារសុខភាព និងសុវត្ថិភាពប្រជាជន” ។ គោលនយោបាយ និងវិធានការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់រដ្ឋាភិបាលទទួលបានការគាំទ្រដោយសាធារណជន។ ដោយសារតែគ្រប់គ្រងបានល្អការរីករាលដាលនៃ Covid-19 ជាមូលដ្ឋានហើយនោះ ប្រទេសវៀតណាមបានឈានចូលទៅក្នុងស្ថានភាព "ធម្មតាថ្មី" ដោយផ្តោតលើទាំងការស្តារការអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញផង និងការមិនមើលស្រាលការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺផង។ ក្នុងស្មារតីសហប្រតិបត្តិការ និងចែករំលែកក្នុងគ្រាលំបាកនេះ រដ្ឋាភិបាលរួមទាំងគ្រប់អង្គការ គ្រប់អង្គភាពអាជីវកម្ម និងប្រជាជនវៀតណាមបានជួយឧបត្ថម្ភជាបន្ទាន់នូវម៉ាស់ និងឧបករណ៍វេជ្ជសាស្ត្រដែលផលិតដោយវៀតណាម និងការចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយប្រទេសជាច្រើន ជាពិសេសគឺប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីរោគរាតត្បាត។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ទៀតថា ជាងពេលណាៗទាំងអស់ប្រទេសគ្រប់គ្នាត្រូវពង្រឹងសាមគ្គីភាពអន្តរជាតិ ប្រមូលគ្រប់ធនធាននិងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការរាតត្បាតនៃជំងឺ។ រួមជាមួយនឹងការខិតខំដើម្បីដោះស្រាយផលវិបាកធ្ងន់ធ្ងរនៃការរាតត្បាតនោះ ប្រទេសទាំងអស់ចាំបាច់ត្រូវមានផែនការអភិវឌ្ឍន៍ក្រោយ Covid-19 ផ្តល់ជំនួយដល់អង្គភាពអាជីវកម្មដើម្បីស្តារផលិតកម្ម និងអាជីវកម្មឡើងវិញ និងធានាសន្តិសុខសង្គមសម្រាប់ប្រជាជន ជាពិសេសក្រុមអ្នកក្រីក្រ ក្រុមងាយរងគ្រោះ និងមិនទុកឲ្យនរណាម្នាក់ត្រូវបានបំភ្លេចចោលទេ។

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងនាមជាប្រធានអាស៊ាន ២០២០ ប្រទេសវៀតណាមបានធ្វើជាប្រធាន និងចូលរួមក្នុងកិច្ចពិភាក្សាជាច្រើន ខិតខំស្វែងរកសំលេងរួមគ្នា និងមានគំនិតផ្តួចផ្តើមនានាដើម្បីជំរុញសកម្មភាពរួមគ្នាក្នុងការបង្ការ និងទបស្កាត់ការរាតត្បាតនៃជំងឺ និងការគាំទ្រផ្តល់ជំនួយដល់ប្រជាជន ព្រមទាំងជួយស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពី Covid-19 ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរបំផុតចាប់តាំងពីការបង្កើតអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោកនោះ សហគមន៍អន្តរជាតិនឹងបន្តលើកកម្ពស់ឆន្ទៈនិងកម្លាំងរបស់ប្រជាជាតិនីមួយៗក៏ដូចជាស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិរឹងមាំដើម្បីរួមគ្នាកសាងអនាគតកាន់តែប្រសើរឡើងសម្រាប់ប្រជាជាតិនីមួយៗ និងប្រជាជនគ្រប់រូប៕

បកប្រែដោយ Minh Trung