leftcenterrightdel
ថ្នាក់ដឹកនាំនៃគណៈយុវជនយោធាប្រគល់លិខិត​បញ្ជាក់ការសិក្សា​ដល់កម្មាភិបាលកងទ័ពប្រជាជនឡាវ នៅខែកញ្ញា ឆ្នាំ ២០១៩

ក្នុងកម្មវិធីសកម្មភាពកិច្ចការបរទេសឆ្នាំ ២០១៩ របស់ក្រសួងការពារប្រទេសវៀតណាម គណៈយុវជនយោធា (នៃអគ្គស្នងការនយោបាយ) ត្រូវបានប្រគល់ភារកិច្ចរៀបចំសកម្មភាពជួបប្រាស្រ័យទាក់ទងនាយទាហានវ័យក្មេងជាមួយកងទ័ពនៃប្រទេសដទៃទៀត។

នៅឆ្នាំ ២០១៩ កន្លងទៅ គណៈយុវជនយោធាបានរៀបចំការជួបប្រាស្រ័យទាក់ទងនាយទាហានវ័យក្មេងនៅប្រទេសឥណ្ឌា កម្ពុជា មីយ៉ាន់ម៉ា និងសហព័ន្ធរុស្ស៊ី ដែលក្នុងនោះ ការជួបប្រាស្រ័យទាក់ទងនាយទាហានវ័យក្មេងវៀតណាម - រុស្ស៊ី ត្រូវបានរៀបចំឡើងជាលើកដំបូង ដែលស្ថិតក្នុងក្របខ័ណ្ឌសកម្មភាពនៃឆ្នាំ វៀតណាម-រុស្ស៊ី និងឆ្នាំ រុស្ស៊ី-វៀតណាម ២០១៩-២០២០ ក្នុងឱកាសរំលឹកខួប ២៥ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍គ្រឹះនៃទំនាក់ទំនងមិត្តភាព វៀតណាម-រុស្ស៊ី (១៩៩៤-២០១៩) និងខួប ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី (១៩៥០-២០២០)។ ទន្ទឹមនឹងនោះ គណៈយុវជនយោធា ក៏បានទទួលស្វាគមន៍គណៈប្រតិភូនាយទាហានវ័យក្មេងមកពីប្រទេសមួយចំនួនដូចជា ឥណ្ឌា សិង្ហបុរី ហ្វីលីពីន និងឡាវ ដើម្បីផ្លាស់ប្តូរ និងហ្វឹកហាត់នៅវៀតណាម។ លោកវរសេនីយ៍ឯក Tran Viet Nang ប្រធានគណៈយុវជនយោធាបានមានប្រសាសន៍ថា “ការជួបប្រាស្រ័យទាក់ទងនាយទាហានវ័យក្មេងបានរួមចំណែកកសាងរូបភាពដ៏ល្អរបស់នាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមដល់មិត្តភក្តិអន្តរជាតិ ក៏ដូចជាកងទ័ពនៃបណ្តាប្រទេស។ តាមរយៈការផ្លាស់ប្តូរជាមួយកងទ័ពនៃបណ្តាប្រទេស នាយទាហានវ័យក្មេងបានក្លាយជាស្ពានមិត្តភាពរវាងកងទ័ពប្រជាជនវៀតណាម និងកងទ័ពនៃបណ្តាប្រទេស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងសន្តិសុខនៅក្នុងតំបន់ និងលើពិភពលោក”៕

បកប្រែដោយ Huyen Trang