leftcenterrightdel
លោកស្រី Hiroko Hirahara ប្រធានមូលដ្ឋាន Bentiu កម្លាំងបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងនៅលើជើងហោះហើរពីរដ្ឋធានី Juba ទៅ Bentiu

អ្នកយកព័ត៌មានៈ តើលោកស្រីអាចចែករំលែកយ៉ាងសង្ខេបអំពីភារកិច្ចនៃកម្លាំងបំពេញបេសកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅ Bentiu ស៊ូដង់ខាងត្បូង (UNMISS)?

លោកស្រី Hiroko Hirahara កម្លាំងបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) មានភារកិច្ចមួយចំនួនដូចជា៖ មូលដ្ឋាន Bentiu ការការពារជនស៊ីវិល ការត្រួតពិនិត្យ ការតាមដានសិទ្ធិមនុស្ស ការទ្រទ្រង់ការអនុវត្តបទឈប់បាញ់គ្នា ... រីឯចំពោះមូលដ្ឋាន Bentiu វិញ ពោលគឺភារកិច្ចសំខាន់បំផុតគឺការពារជនស៊ីវិល។

នៅមូលដ្ឋាននេះមានកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិមកពីប្រទេសជាច្រើនដែលមានសរុបប្រមាណ ២,៥០០ នាក់ ដោយក្នុងនោះរួមទាំងបុគ្គលិក និងអ្នកស្ម័គ្រចិត្តរបស់អង្គការស៊ីវិលនានាដូចជាក្រុមគ្រូពេទ្យគ្មានព្រំដែន (MSF) កម្មវិធីស្បៀងអាហារពិភពលោក (WFP) អង្គការអន្តរជាតិសម្រាប់ជនចំណាកស្រុក (IOM) ... គួរឲ្យកត់សម្គាល់ថា នៅទីនេះមានតំបន់ការពារជនស៊ីវិលរបស់អង្គការសហប្រជាជាតិ (POC) ដែលមានជនភៀសខ្លួនស៊ូដង់ខាងត្បូងជាង ១០ ម៉ឺននាក់។ ពួកគេជាប្រជាជននៃបណ្តាកុលសម្ព័ន្ធផ្សេងៗគ្នាដែលបានបាត់បង់ផ្ទះសម្បែង ត្រូវភៀសខ្លួនចេញពីសង្គ្រាម ហើយត្រូវបានបង្ខំឱ្យរស់នៅក្នុង POC ក្រោមការការពាររបស់អង្គការសហប្រជាជាតិ។

ដូច្នេះប្រតិបត្តិការរបស់កងកំលាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅមូលដ្ឋាន Bentiu ពិតជាមានសារៈសំខាន់ណាស់។ យើងតែងតែខិតខំយ៉ាងខ្លាំងដើម្បីការពារជនភៀសខ្លួន។ ត្រូវតែនិយាយបន្ថែមថា បរិយាកាសនៅជុំវិញមូលដ្ឋាននេះគឺមានភាពរសើបយ៉ាងខ្លាំង ជាពិសេសហើយវាក៏ជះឥទ្ធិពលដល់ការអនុវត្តប្រតិបត្តិការរបស់យើងផងដែរ។

អ្នកយកព័ត៌មានៈ តើលោកស្រីវាយតំលៃពីបេសកកម្មរបស់កងពេទ្យកម្រិត ២ របស់វៀតណាមនៅឯមូលដ្ឋាន Bentiu យ៉ាងដូចម្តេច?

លោកស្រី Hiroko Hirahara ប្រសិនជាស្វែងយល់អ្នកនឹងឃើញថា មូលដ្ឋាន Bentiu គឺស្ថិតនៅឆ្ងាយពីរដ្ឋធានី Juba ក៏ដូចជាកន្លែងដែលមានគ្រឿងឧបករណ៍និងសេវាកម្មវេជ្ជសាស្ត្រដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូច្នេះប្រសិនបើមានស្ថានភាពដែលកើតមានឡើងដោយនឹកស្មានមិនដល់នោះ វាពិតជាពិបាកក្នុងការឆ្លើយតបនិងការដោះស្រាយទាន់ពេលវេលាណាស់។ ជាការពិតណាស់ មុនពេលកងពេទ្យរបស់ប្រទេសវៀតណាមត្រូវបានដាក់ពង្រាយនៅទីនេះយើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការថែទាំសុខភាពសម្រាប់បុគ្គលិកអង្គការសហប្រជាជាតិនៅមូលដ្ឋាន។ ហេតុដូច្នេះ ការវត្តមានរបស់កងពេទ្យកម្រិត២ របស់វៀតណាមគឺចាំបាច់ណាស់។ ខ្ញុំនៅតែនិយាយលេងថា កងពេទ្យកម្រិត២ របស់វៀតណាមដែលបានពង្រាយនៅទីនេះវាប្រដូចនឹង "ការជួយសង្គ្រោះមួយ" ដល់ពួកយើងខ្ញុំ។ កងកម្លាំងនៃបណ្តាប្រទេសនិងបុគ្គលិក អង្គការសហប្រជាជាតិ មានការសប្បាយចិត្តយ៉ាងខ្លាំងដោយសារតែនាពេលនេះពួកគេមានក្រុមគ្រូពេទ្យដែលយកចិត្តទុកដាក់បញ្ហាសុខភាពរបស់ពួក​គេ បានជាពួកគេអាចផ្តោតលើការងាររបស់ខ្លួនបាន។

យើងសូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាមដែលបានបញ្ជូនកម្លាំងអស្ចារ្យទាំងនោះមកទីនេះដើម្បីជួយដល់យើង និងប្រជាជនស៊ូដង់ខាងត្បូងក្នុងគ្រាលំបាក។

អ្នកយកព័ត៌មានៈ តើអ្វីដ្រលធ្វើឱ្យលោកស្រីចាប់អារម្មណ៍បំផុតចំពោះក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិការបស់កងពេទ្យកម្រិត២ វៀតណាម?

លោកស្រី Hiroko Hirahara ខ្ញុំមិនធ្វើអត្ថាធិប្បាយដោយអត្តនោម័តទេ គ្រាន់តែខ្ញុំចង់បញ្ជាក់ជាថ្មីនូវការវាយតម្លៃរបស់បុគ្គលិកអង្គការសហប្រជាជាតិ ជាពិសេសគឺអ្នកដែលធ្លាប់បានមកពិនិត្យនិងព្យាបាលនៅកងពេទ្យកម្រិត២ វៀតណាម។ ពួកគេនិយាយថា វេជ្ជបណ្ឌិតជនជាតិវៀតណាមមិនត្រឹមតែពូកែអាជីពរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពួកគាត់មានអាក ប្បកិរិយាក្នុងការបម្រើអ្នកជំងឺដ៏ល្អទៀតផង។ វាងាយយល់ទេ! អ្នកគិតមើលនៅពេលអ្នកឈឺថ្កាត់អ្វី ឬមានបញ្ហាសុខភាពអ្នកតែងតែចង់ជួបគ្រូពេទ្យដែលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់អ្នក។ ចំពោះការងារនេះគ្រូពេទ្យវៀតណាមពិតជាធ្វើបានល្អណាស់​។

អ្នកយកព័ត៌មានៈ តើលោកស្រីរំពឹងនូវអ្វីពីកងពេទ្យកម្រិត២ របស់វៀតណាមនាពេលអនាគត ជាពិសេសគឺបន្ទាប់ពីកងពេទ្យកម្រិត២ លេខ២ បានមកជំនួស កងពេទ្យកម្រិត២ លេខ១ ដើម្បីបំពេញភារកិច្ចនៅ Bentiu?

លោកស្រី Hiroko Hirahara៖ ប្រសិនបើកងពេទ្យកម្រិត២ លេខ១ របស់វៀតណាម នាពេលមកដល់ដំបូងវាត្រូវការពេលយូរដើម្បីធ្វើឱ្យមានស្ថិរភាពលើគ្រប់វិស័យ ប៉ុន្តែចំពោះកងពេទ្យកម្រិត ២ លេខ២ មានភាពងាយស្រួយជាងដោយសារតែបានទទួលបន្តនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងកន្លែងស្នាក់នៅកន្លែងព្យាបាល ហើយក្រៅពីនោះបានទទួលនូវបទពិសោធន៍ដ៏ល្អពីសហសេវិកមុនៗ។ ដូច្នេះភ្លាមៗបន្ទាប់ពីមកដល់មូលដ្ឋាន Bentiu ពួកគេអាចចាប់ផ្តើមធ្វើការបានភ្លាមៗ។

ខ្ញុំក៏ដឹងដែរថា កងពេទ្យកម្រិត២ លេខ២ បានមានការរៀបចំយ៉ាងហ្មត់ចត់ ហើយដូច្នេះនឹងមិនមានការលំបាកក្នុងការរក្សាស្ថិរភាព និងសម្របខ្លួនទៅនឹងបរិយាកាសការងាររបស់កម្លាំងបេសកកម្មឡើយ។

បច្ចុប្បន្ននេះ កងពេទ្យកម្រិត២ វៀតណាមច្រើនតែបម្រើសេវាពិនិត្យ និងព្យាបាលដល់បុគ្គលិកនៃអង្គការសហប្រជាជាតិ និងព្យាបាលដល់ប្រជាជនក្នុងមូលដ្ឋានក្នុងករណីបន្ទាន់បំផុតតែប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថា នាពេលខាងមុខនេះ កងពេទ្យកម្រិត២របស់ប្រទេសវៀតណាមនឹងចូលរួមសកម្មភាពជាមួយមន្ទីរពេទ្យ មណ្ឌលសុខភាពនៅក្នុងតំបន់ខាងក្រៅមូលដ្ឋានជាញឹកញាប់ជាងនេះទៅទៀត។ ប្រាកដណាស់ថា សកម្មភាពបែបនេះនឹងជួយប្រជាជនក្នុងតំបន់អោយយល់ពីមូលហេតុដែលកំលាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិដោយរួមទាំងគ្រូពេទ្យយោធារបស់ប្រទេសវៀតណាមមកកាន់ប្រទេស​ស៊ូដង់ខាងត្បូងនេះ និងយល់ជ្រាបពីអ្វីៗដែលយើងកំពុងធ្វើនៅក្នុងប្រទេសនេះ។

អ្នកយកព័ត៌មានៈ សូមអរគុណលោកស្រី!

បកប្រែដោយ Minh Trung