leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិរវាង​វៀតណាម - សហរដ្ឋអាមេរិកឆ្នាំ ២០១៩

 

នៅឯកិច្ចសន្ទនា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពពិភពលោកនិងតំបន់ ព្រមទាំងវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០១៩ និងកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២០ និងឆ្នាំបន្តបន្ទាប់ដោយអនុលោមតាមអនុស្សរណៈយោគយល់គ្នាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនៅឆ្នាំ ២០១១ និងសេចក្តីថ្លែងការណ៍រួមស្តីពីចក្ខុវិស័យនៃទំនាក់ទំនងការពារជាតិវៀតណាម - សហរដ្ឋអាមេរិកនៅឆ្នាំ ២០១៥ ហើយអនុវត្ដនូវខ្លឹមសារដែលបានព្រមព្រៀងក្នុងដំណើរទស្សនកិច្ចកាលពីខែវិច្ឆិកាឆ្នាំ ២០១៩ របស់លោក Mark Esper រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម - សហរដ្ឋអាមេរិក។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានផ្លាស់ប្តូរយោបល់អំពីសៀវភៅសការពារប្រទេសថ្មីរបស់​វៀតណាមនិងគំនិតផ្តួចផ្តើមមួយចំនួនរបស់វៀតណាមក្នុងឆ្នាំ២០២០ វៀតណាមជាប្រធានអាស៊ាន និងស្នើឲ្យសហរដ្ឋអាមេរិក​​គាំទ្រវៀតណាមទទួលតួនាទីប្រធានអាស៊ានក្នុងឆ្នាំ ២០២០ ប្រកបដោយជោគជ័យ។

រីឯលោក Randall Schriver បានអះអាងថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ព្រមទាំងមានបំណងចង់ឲ្យវៀតណាមកាន់តែរឹងមាំ ឯករាជ្យជាតិ សម្បូររុងរឿង និងដើរតួនាទីកាន់តែសំខាន់នៅក្នុងតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក។

លោក Randall Schriver បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិបន្ដជាចំណុចសំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងសហរដ្ឋអាមេរិក ព្រមទាំងប្ដេជ្ញាចិត្ដបន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែរីកច្រើននិងមានប្រសិទ្ធភាពនាពេលខាងមុខ ជាពិសេសលើវិស័យសន្តិសុខដែនសមុទ្រ រក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ ... ក្រៅពីនេះលោក Randall Schriver បានសង្កត់ធ្ងន់ថា ការជំនះផលវិបាកនៃសង្គ្រាមជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។

ក្នុងឱកាសនេះដែរ លោក Randall Schriver ក៏បានថ្លែងអំណរគុណចំពោះការខិតខំរបស់វៀតណាមក្នុងការជួយសហរដ្ឋអាមេរិកស្វែងរកយោធិនដែលបាត់ខ្លួននៅសម័យសង្គ្រាម ព្រមទាំងលោកបញ្ជាក់ថានឹងជួយទ្រទ្រង់វៀតណាមស្វែងរកយុទ្ធជនវៀតណាមដែលពលីជីវិតនៅសម័យសង្គ្រាមផងដែរ៕

បកប្រែដោយ Pham Diep