គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

leftcenterrightdel
រដ្ឋមន្ត្រីការពារជាតិប្រទេសអាស៊ានទាំង ១០ ចូលរួមកិច្ចប្រជុំ

 

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំនោះ លោកនាយឧត្តមសេនីយ៍ Prawit Wongsuwan រដ្ឋមន្រ្តីក្រសួងការពារជាតិថៃបានថ្លែងអំណរគុណដល់ប្រទេសជាសមាជិកអាស៊ានទាំង១០ ចំពោះការគាំទ្រថៃក្នុងឆ្នាំធ្វើជាប្រធានអាស៊ាន និងការរៀបចំកិច្ចប្រជុំ ADMM-13 នេះ។ លោករដ្ឋមន្រ្តីការពារជាតិថៃបានមានប្រសាសន៍ថា ADMM-13 នឹងផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានតាមរយៈយន្តការ ADMM។ រដ្ឋមន្ត្រីការពារជាតិថៃបានអះអាងថា ADMM និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបើកទូលាយ (ADMM+) គឺជាយន្តការសំខាន់ៗក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសអាស៊ាន ព្រមទាំងរក្សាតួនាទីមជ្ឈភាពរបស់អាស៊ាន។ តាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ អាស៊ានបានបង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

ក្នុងសុន្ទរកថារបស់ខ្លួន លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ថា កិច្ចប្រជុំ ADMM-13 បានធ្វើឡើងនៅក្នុងបរិបទស្ថានភាពនយោបាយ សន្តិសុខក្នុងតំបន់ និងលើពិភពលោកកំពុងមានការវិវឌ្ឍយ៉ាងឆាប់រហ័ស និងស្មុគស្មាញ។ បន្ទាប់ពីរយៈពេលនៃការអភិវឌ្ឍដ៏យូរ និងសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន អាស៊ានក៏បានរំលេចឡើងនូវបញ្ហាប្រឈមជាច្រើនរួមមានការប្រកួតប្រជែងកើនឡើងក្នុងចំណោមបណ្តាប្រទេសធំៗនៅក្នុងតំបន់ដែលជះឥទ្ធិពលដោយផ្ទាល់ដល់អាស៊ាន។

ដោយប្រឈមមុខនឹងស្ថានភាពជាក់ស្តែងនេះ រដ្ឋមន្ត្រីការពារប្រទេសវៀតណាមបានលើកឡើងថា អាស៊ានគួរតែពង្រឹងសាមគ្គីភាព លើកកំពស់ការពឹងផ្អែកលើខ្លួនឯង ពង្រឹង និងលើកកំពស់តួនាទីមជ្ឈភាព និងការដឹកនាំក្នុងរាល់យន្តការនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ជាពិសេស ត្រូវតែធ្វើឲ្យមានតុល្យភាពយុទ្ធសាស្រ្ត លុះត្រាតែធ្វើបានដូចនេះទើបធានាបានសន្តិសុខប្រកបដោយនិរន្តភាពនៅក្នុងតំបន់នេះ។ រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមលោក Ngo Xuan Lich ជឿជាក់ថា ដោយមានការណែនាំពីប្រទេសម្ចាស់ផ្ទះថៃ កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានបន្តសម្រេចបានជោគជ័យជាច្រើនដោយរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

រដ្ឋមន្រ្តីវៀតណាមលោក Ngo Xuan Lich បាននិយាយថា បច្ចុប្បន្នវៀតណាមកំពុងត្រៀមខ្លួន យ៉ាងសកម្មសម្រាប់ឆ្នាំ២០២០ ខណៈខ្លួនឯងធ្វើជាប្រធានប្តូរវេនអាស៊ាន ហើយបានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តនូវរាល់គំនិតផ្តួចផ្តើមរបស់អាស៊ា។ ទន្ទឹមនឹងនោះ លោករដ្ឋមន្រ្តី Ngo Xuan Lich ក៏បានសមណូមពរដល់ប្រទេសជាសមាជិកទាំងអស់នឹងរួមដំណើរជាមួយវៀតណាមដើម្បីបំពេញភារកិច្ចក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៅឆ្នាំ ២០២០ ប្រកបដោយជោគជ័យ។ នៅក្នុងកិច្ចប្រជុំនេះ តំណាងទាំងអស់បានពិភាក្សាអំពីបញ្ហានេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU Fishing)។ នេះគឺជាគំនិតផ្តួចផ្តើមរបស់ប្រទេសថៃដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ដល់សន្តិសុខនៃការនេសាទខុសច្បាប់។ IUU Fishing ត្រូវបានគេចាត់ទុកជាកត្តាមួយដែលបង្កប់នូវបញ្ហាប្រឈមអំពីសន្តិសុខសមុទ្រក៏ដូចជាបញ្ហាប្រឈមផ្នែកសន្តិសុខមិនមែនប្រពៃណីមួយចំនួនទៀតដូចជាការជួញដូរមនុស្ស ការរត់ពន្ធទំនិញ គ្រឿងញៀន គ្រឿងសព្វាវុធ ការលួចឆ្លងដែននៃរាល់មុខសញ្ញាជាឧក្រិដ្ឋជន ភេរវករ។ល។

ចំពោះការពិភាក្សាអំពីបញ្ហានេះ រដ្ឋមន្ត្រីលោក Ngo Xuan Lich បានអះអាងជាថ្មីម្តងទៀតអំពីការគាំទ្ររបស់ វៀតណាមចំពោះកិច្ចប្រឹងប្រែងរួមរបស់តំបន់អាស៊ាន។ នាពេលបច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមកំពុងចាត់វិធានការចាំបាច់ដើម្បីទប់ស្កាត់អ្នកនេសាទនៃប្រទេសផ្សេងៗមិនឱ្យរំលោភលើដែនសមុទ្ររបស់វៀតណាម។ ដោយឈរលើមូលដ្ឋាននោះ ក្រសួងការពារជាតិវៀតណាមបានគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងការពារជាតិថៃសំដៅលើកកម្ពស់តួនាទីរបស់កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នការពារជាតិក្នុងបញ្ហានេសាទខុសច្បាប់ដោយគ្មានរបាយការណ៍ គ្មានការអនុញ្ញាត។ រដ្ឋមន្ត្រីការពារប្រទេសវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាម ប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម និងមានការទទួលខុសត្រូវចំពោះគំនិតផ្តួចផ្តើមនេះ។

នៅក្នុងចំណោមប្រទេសអាស៊ាន ប្រទេសជាច្រើនមានព្រំដែនសមុទ្រជាប់នឹងគ្នា មានអ្នកនេសាទជាច្រើនដែលរស់នៅ និងប្រកបរបរនេសាទលើសមុទ្រ ហើយភាគច្រើននៃពួកគេមានកម្រិតយល់ដឹងផ្នែកច្បាប់ទាបទេ ក៏ដូចជាមានសម្ភារៈ ឧបករណ៍សម្រាប់ចេញទៅសមុទ្រហួសសម័យដែរ។ នេះជាមូលហេតុចម្បងមួយដែលញ៉ាំងឲ្យអ្នកនេសាទក្នុងប្រតិបត្តិការនេសាទបានរំលោភបំពានលើដែនសមុទ្រនៃប្រទេសដទៃទៀតដោយមិនដឹងខ្លួន។ តាមមតិរបស់លោក Ngo Xuan Lich បានឱ្យដឹងថា គោលបំណងរបស់អ្នកនេសាគឺត្រឹមតែចង់ប្រកបរបរចិញ្ចឹមជីវិតតែប៉ុណ្ណោះ មិនចង់រំលោភច្បាប់ដោយចេតនាឡើយ ដូច្នេះវាគួរតែត្រូវបានដោះស្រាយក្នុងស្មារតីមនុស្សធម៌ អនុលោមច្បាប់អន្តរជាតិ និងទំនាក់ទំនងមិត្តភាពរវាងបណ្តាប្រទេស និងចំណងសាមគ្គីភាពអាស៊ាន។ រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមលោក Ngo Xuan Lich បានលើកសមណូមពរថា ប្រទេសនានាគួរតែសម្របសម្រួលដឹកនាំរាល់កម្លាំងទ័ពជើងទឹក និងបណ្តាកម្លាំងប្រតិបត្តិការលើសមុទ្រដទៃទៀតរបស់ខ្លួនដើម្បីកសាងឡើងនូវស្មារតីភាពជាដៃគូមិនប្រឈមមុខដាក់គ្នាខណៈពេលដាក់វិធានការចំពោះអ្នកនេសាទខុសច្បាប់ដោយគ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត។ ក្រៅពីការផ្លាស់ប្តូរទស្សនៈអំពីសន្តិសុខ និងការការពារជាតិក្នុងតំបន់ និងអន្តរជាតិ អ្នកតំណាងទាំងអស់បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមដទៃទៀតនៅក្នុងតំបន់ដូចជា៖ ភេរវកម្ម គ្រោះមហន្តរាយធម្មជាតិ ជួយសង្គ្រោះ សន្តិសុខអ៉ីនធឺណែត កសាងទំនុកចិត្ត និងរាល់បញ្ហាទាក់ទងទៅនឹងសន្តិសុខនាវាចរណ៍ និងអាកាសចរណ៍។ អ្នកចូលរួមក៏បានលើកឡើង ពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យ រក្សាសន្តិភាពនៃអង្គការសហប្រជាជាតិរវាងបណ្តាប្រទេសអាស៊ាន។ កិច្ចប្រជុំក៏បានព្រមព្រៀងគ្នាទទួលស្គាល់តួនាទីរបស់បណ្តាអង្គការការពារជាតិក្នុងការដោះស្រាយបញ្ហាប្រឈមប្រពៃណី និងមិនមែនប្រពៃណី និងអះអាងជាថ្មីនូវតួនាទីមជ្ឈភាពរបស់អាស៊ាន ដែលជាកត្តាជំរុញដ៏សំខាន់ក្នុងការអភិវឌ្ឍរចនាសម្ព័ន្ធសន្តិសុខតំបន់កំពុងអភិវឌ្ឍ។

ទាក់ទិននឹងសន្តិសុខដែនសមុទ្រ អ្នកតំណាងចូលរួមកិច្ចប្រជុំបានរំលឹកឡើងវិញពីសារៈសំខាន់នៃការឆាប់ៗបំពេញក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)  និងវាយតំលៃខ្ពស់ចំពោះវឌ្ឍនភាពនៃការចរចា COC ក្នុងរយៈពេលកន្លងមក និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគីទាំងអស់ក្នុងការអនុវត្តយ៉ាងពេញលេញ និងមានប្រសិទ្ធភាពចំពោះសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ។

ADMM-13 ក៏បានអនុម័តលើឯកសារ និងទស្សនៈទាននានាស្តីពីតួនាទីរបស់បណ្តាស្ថាប័នការពារជាតិ និងកងកម្លាំងយោធាអាស៊ាន ក្នុងការសម្របសម្រួលដល់ការគ្រប់គ្រងតាមព្រំដែន។ នេះគឺជាគំនិតផ្តួចផ្តើមមួយដែលថៃបានលើកឡើងសម្រាប់ការយល់ដឹងអំពីសារៈសំខាន់របស់រាល់ស្ថាប័នការពារជាតិអាស៊ានក្នុងការគ្រប់គ្រងតាមព្រំដែន និងវិធានការទាំងអស់ក្នុងការកសាងទំនុកចិត្តនៅតាមតំបន់ព្រំដែន៕

បកប្រែដោយ Minh Trung