នាថ្ងៃទី២០ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និសិទការពារជាតិ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោក Park Jae-Min បានធ្វើជាសហអធិបតីកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-កូរ៉េខាងត្បូង លើកទី៨។ នៅកិច្ចសន្ទនា ភាគីទាំងពីរបានពិភាក្សាអំពីសភាពការណ៍អន្តរជាតិ សភាពការណ៍ក្នុងតំបន់ និងបញ្ហាអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា សំដៅជំរុញការយល់ដឹង និងមានទំនុកទុកចិត្តគ្នាទៅវិញទៅមក។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍

ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបានក្នុងរយៈពេលកន្លងមក។ ភាគីទាំងពីរឯកភាពគ្នាថា នាពេលខាងមុខ នឹងបន្តរក្សា និងពង្រីកលទ្ធផលដែលសម្រេចបានដោយកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសផ្តោតទៅលើការជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មយោធា ការពុះពារផលវិបាកដែលកើតមានឡើងដោយសង្គ្រាម សន្តិសុខលម្ហសមុទ្រ និងការចូលរួមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានឯកភាពគ្នាអំពីខ្លឹមសារមួយចំនួននៃកិច្ចសហប្រតិបត្តិការថ្មីដែលសមស្របនឹងសមត្ថភាពនៃប្រទេសនីមួយៗ ដូចជា សន្តិសុខបណ្តាញ ការផ្លាស់ប្តូរវប្បធម៌ សិល្បៈ កីឡាយោធាជាដើម។

ស្តីពីយន្តការនៃកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានឯកភាពគ្នាជំរុញការផ្លាស់ប្តូរព័ត៏មាន ការពិគ្រោះយោបល់ និងសហការជាមួយគ្នានៅវេទិកាពហុភាគីនានា ដូចជា  ADMM +, ARF, EAF, កិច្ចសន្ទនា Shangri-La, កិច្ចសន្ទនាទីក្រុងសេអ៊ូល និងកិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងត្បូង-អាស៊ានជាដើម។ វៀតណាមគាំទ្រចំពោះការដែលកូរ៉េខាងត្បូង ចូលរួមក្នុងយន្តការនៃកិច្ចសហប្រតិបត្តិការពហុភាគីដោយមានការទទួលខុសត្រូវ រួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក។ កូរ៉េខាងត្បូងសន្យាគាំទ្រវៀតណាមក្នុងការរៀបចំព្រឹត្តិការណ៍ការពារជាតិ យោធានៅឆ្នាំ ២០២០ នៅពេលដែលវៀតណាមជាប្រធានអាស៊ាន៕

បកប្រែដោយ Huyen Trang