លោកឯកអគ្គរដ្ឋទូត Parvathaneni Harish មានគោលបំណងចង់ឲ្យប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ជាពិសេសការប្រើប្រាស់ផលិតផលកសិកម្មផ្លែឈើរបស់វៀតណាម។ ក្រៅពីនោះ ប្រទេសទាំងពីរបានសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យការពារជាតិ។ លោកឯកអគ្គរដ្ឋទូតក៏បានឲ្យដឹងថា ឥណ្ឌាបានគាំទ្រចំពោះការដែលវៀតណាមក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Parvathaneni Harish

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ជាពិសេសការលក់ផ្លែឈើវៀតណាមនៅទីផ្សារឥណ្ឌា។ លោកនាយករដ្ឋមន្ត្រីបានរំពឹងថា មានក្រុមហ៊ុនសាជីវកម្ម និងអ្នកវិនិយោគឥណ្ឌាកាន់តែជាច្រើន ចង់វិនិយោគនៅវៀតណាម។ រដ្ឋាភិបាលវៀតណាមសន្យាបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកវិនិយោគបរទេស រួមទាំងអ្នកវិនិយោគឥណ្ឌា។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើថា ភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនាពេលខាងមុខផងដែរ។

នាថ្ងៃដដែល នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Parvathaneni Harish។

leftcenterrightdel
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Parvathaneni Harish

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោកឯកអគ្គរដ្ឋទូត Parvathaneni Harish ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យការពារជាតិ។ ក្នុងអំឡុងពេលបំពេញបេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូត Parvathaneni Harish នៅវៀតណាម ទំនាក់ទំនងសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍប្រកបដោយស៊ីជម្រៅ និងប្រសិទ្ធភាព។ ការផ្លាស់ប្តូរគណៈប្រតិភូយោធាជាន់ខ្ពស់ កិច្ចសន្ទនាការពារជាតិ និងផ្លាស់ប្តូរនាវាទ័ពជើងទឹករវាងវៀតណាម និងឥណ្ឌា បានបញ្ជាក់ពីជំនឿទុកចិត្តនយោបាយចំពោះទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី Ngo Xuan Lich បានសំដែងឡើងនូវការគាំទ្រចំពោះគោលនយោបាយ “សកម្មភាពឆ្ពោះទៅខាងកើត” របស់ឥណ្ឌា ហើយលោកចាត់ទុកថា នាពេលខាងមុខ ភាគីទាំងពីរគប្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យការពារជាតិ។ លោករដ្ឋមន្ត្រី Ngo Xuan Lich ក៏បានស្នើឲ្យភាគីឥណ្ឌាគាំទ្រចំពោះការដែលវៀតណាមជាប្រធានអាស៊ានឆ្នាំ២០២០។

លោកឯកអគ្គរដ្ឋទូត Parvathaneni Harish បានអះអាងថា ឥណ្ឌាត្រៀមជាស្រេចជួយឧបត្ថម្ភវៀតណាមលើវិស័យជាច្រើន ជាពិសេសការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកក៏បានបញ្ជាក់ថា ឥណ្ឌាចាត់ទុកវៀតណាមជាដៃគូដ៏ជិតស្និទ្ធ និងខ្លាំងក្លានៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ផងដែរ៕

បកប្រែដោយ Thanh Cong