លោកនាយឧត្តមនាវី Philip Davidson បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ក្រសួងការពារប្រទេសវៀតណាម  និងបានអបអរសាទរវៀតណាមដោយបានរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង លើកទី ២ កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ប្រកបដោយជោគជ័យ។ លោកនាយឧត្តមនាវី Philip Davidson បានជម្រាបជូនលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich នូវលទ្ធផលនៃកិច្ចពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបលោកនាយឧត្តមនាវី Philip Davidson

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងលោកនាយឧត្តមនាវី Philip Davidson និងលោកឧត្តមសេនីយ៍ឯក Phan Van Giang ។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានឲ្យដឹងថា រួមជាមួយទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងអាមេរិក - វៀតណាម កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍យ៉ាងល្អ ដែលឆ្លុះបញ្ចាំងតាមរយៈកិច្ចសហប្រតិបត្តិការជាច្រើនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៏ក្នុងការចូលរួមសកម្មភាពថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ និងការដោះស្រាយផលវិបាកនៃសង្គ្រាមជាដើម។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើថា ក្នុងពេលខាងមុខ កងទ័ពវៀតណាម និងកងទ័ពសហរដ្ឋអាមេរិកនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដោយឈរលើមូលដ្ឋានសមភាព និងគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

បកប្រែដោយ Duy Hoan