ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានជួបសវនាការជាមួយលោកឧត្តមសេនីយ៍ឯក Xu Qiliang សមាជិកការិយាល័យនយោបាយ អនុប្រធានគណៈកម្មាធិការបក្សយោធាមជ្ឈិមនៃប្រទេសចិន។

លោកឧត្តមសេនីយ៍ឯក Xu Qiliang ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិន  ព្រមទាំងបានថ្លែងអំណរគុណដល់ក្រសួងការពារប្រទេសវៀតណាមដោយបានគាំទ្រ និងអញ្ជើញចូលរួមវេទិកា Xiangshan ទីក្រុងប៉េកាំង លើកទី៨។ លោកឧត្តមសេនីយ៍ឯក Xu Qiliang វាយតំលៃខ្ពស់ចំពោះបទថ្លែងសុន្ទរកថារបស់លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ហើយឲ្យដឹងថា ការចូលរួមរបស់វៀតណាមបានរួមចំណែកដល់ភាពជោគជ័យនៃវេទិកានេះ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបសវនាការជាមួយលោកឧត្តមសេនីយ៍ឯក Xu Qiliang

លោកឧត្តមសេនីយ៍ឯក Xu Qiliang បានអបអរសាទរជូនចំពោះអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ដែលជាប់ឆ្នោតជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ស្តីអំពីទំនាក់ទំនងនៃប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ឯក Xu Qiliang បានរំលឹកឡើងវិញនូវប្រវត្តិសាស្រ្តនៃការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រទេសចិន និងប្រទេសវៀតណាមដែលបានកសាង និងពូនជ្រំដោយលោកប្រធានហូជីមិញ លោកប្រធានម៉ៅសេទុង រួមជាមួយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Xu Qiliang អះអាងថា ប្រទេសចិនជានិច្ចកាលយកចិត្តទុកដាក់យ៉ាងសំខាន់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលាយជាមួយវៀតណាម ហើយនឹងរួមជាមួយវៀតណាម ខិតខំប្រឹងប្រែងធ្វើអស់ពីសមត្ថភាពរបស់ខ្លួនក្នុងការរក្សា ពង្រឹង និងពង្រីកទំនាក់ទំនងនេះ ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានថ្លែងអំណរគុណចំពោះជំនួយរបស់ប្រទេសចិនសម្រាប់ប្រទេសវៀតណាមក្នុងបុព្វហេតុរំដោះប្រទេសជាតិកាលពីមុន ក៏ដូចជាបុព្វហេតុក្នុងការសាង និងការពារប្រទេសនាពេលបច្ចុប្បន្ននេះ។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich  អះអាងថា វៀតណាមជានិច្ចកាលចង់អភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តទូលំទូលាយជាមួយចិន និងចាត់ទុកថានេះគឺជាអាទិភាពចម្បងក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងចិន និងវៀតណាមសំរេចបាននូវលទ្ធផលល្អៗជាច្រើន ហើយជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

* គួសរំលឹកថា នារសៀល ២៧ ខែតុលា ពិធីទទួលបដិសណ្ឋារកិច្ចលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិកនៅទីស្នាក់ការក្រសួងការពារជាតិចិន។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ភាគីទាំងពីរបានចាប់ផ្តើមកិច្ចពិភាក្សាការងារ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងលោកឧត្តមសេនីយ៍ឯក Wei Fenghe អញ្ជើញត្រួតពលកងកិត្តិយស

leftcenterrightdel
ពិធីទទួលបដិសណ្ឋារកិច្ចលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich នៅទីស្នាក់ការក្រសួងការពារជាតិចិន

នៅឯកិច្ចពិភាក្សា លោករដ្ឋមន្រ្តីទាំងពីរ បានពិភាក្សាអំពីបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ក៏ដូចជាបានជូនដំណឹងដល់គ្នាទៅវិញទៅមកអំពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៃប្រទេសនិមួយៗ។ ស្តីពីទំនាក់ទំនងលើវិស័យការពារជាតិ ភាគីទាំងពីរបានឯកភាពថា កិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមកទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដោយបានដឹកនាំ បញ្ជាឲ្យស្ថាប័ន អង្គភាពនានាអនុវត្តយ៉ាងសកម្មតាមឯកសារទាំងឡាយដែលបានចុះហត្ថលេខា រួមមាន ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ការផ្លាស់ប្តូរនាយទាហានវ័យក្មេងការបណ្តុះបណ្តាល ការយាមល្បាតរួមគ្នា ការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាពិសេសកិច្ចសហប្រតិបត្តិការលើផ្នែកពេទ្យយោធារនៃប្រទេសទាំងពីរ ដែលសហការគ្នាក្នុងការពិនិត្យសុខភាព និងព្យាបាលជំងឺដល់ប្រជាជននៃប្រទេសទាំងពីរនៅតំបន់ព្រំដែន និងការជួបជុំផ្លាស់ប្តូរដើម្បីពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិនៅតាមតំបន់ព្រំដែនវៀតណាម - ចិន។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក Wei Fenghe

លើសពីនេះទៀត រាល់សកម្មភាពសហប្រតិបត្តិការរបស់កងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរក្នុងការធានាសន្តិសុខ និងសុវត្ថិភាពតំបន់ព្រំដែន បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជន នៃប្រទេសទាំងពីរក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ច ទទួលបានការគាំទ្រ និងវាយតំលៃខ្ពស់ពីប្រជាជន និងអាជ្ញាធរនៃភាគីទាំងពីរ។ ចំពោះលទ្ធផលល្អៗដូចខាងលើ រដ្ឋមន្ត្រីទាំងពីរបានឯកភាពថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៅតែជាតួនាទីស្នូលនៅក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងចិន៕

បកប្រែដោយ Thanh Cong