នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២២ ជាឆ្នាំមានសារសំខាន់ណាស់ ព្រោះជាខួបលើកទី ៤៥ ដែលវៀតណាមចូលជាសមាជិកអង្គការសហប្រជាជាតិ។ ក្នុងរយៈពេលកន្លងមក វៀតណាមបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្ដាអង្គការអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិដើម្បីអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ពិពិធកម្មនិងជាសមាជិកប្រកបដោយទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ​។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលជួបលោកស្រី Pauline Tamesis

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien មានបំណងថា អង្គការសហប្រជាជាតិនឹងបន្តរួមដំណើរជាមួយក្រសួងការពារប្រទេសវៀតណាមក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាម តាមរយៈជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ការលើកកម្ពស់សមត្ថភាព បទពិសោធន៍ និងការកសាងមូលដ្ឋានទិន្នន័យព័ត៌មាន ព្រមទាំងបន្ដសម្របសម្រួលយ៉ាងជិតស្និទ្ធ ទាន់ពេលវេលាក្នុងការកសាង និងសម្រេចសំណុំឯកសារនៃគម្រោងជំនះផលវិបាកដោយសារសង្គ្រាម ។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា នាពេលខាងមុខ គោលការណ៍របស់វៀតណាមគឺចូលរួមយ៉ាងសកម្មថែមទៀតក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមទាំងការបង្កើនស្ថានបេសកកម្មរក្សាសន្តិភាពវៀតណាម ក៏ដូចជាទម្រង់នៃការអនុវត្ត។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ស្នើអង្គការសហប្រជាជាតិបន្តគាំទ្រការសន្យានយោបាយ និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បង្កើតលក្ខខណ្ឌអំណោយផលដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនេះ។

រីឯលោកស្រី Pauline Tamesis បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ជាពិសេសតួនាទីរបស់កងកម្លាំងយោធា និងនគរបាលក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19។ លោកស្រី Pauline Tamesis សង្កត់ធ្ងន់ទៀតថា អង្គការសហប្រជាជាតិនឹងរួមដំណើរនិងជួយគាំទ្ររដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងការស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្រោយជំងឺរាតត្បាត ក៏ដូចជាការជួយឧបត្ថម្ភវៀតណាមដើម្បីឆ្លើយតបតម្រូវការសុខាភិបាលនិងសុខភាពរបស់ប្រជាជន​។

អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាមក៏បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលក្នុងនោះ អត្រាស្ត្រីចូលរួមយ៉ាងច្រើន ព្រមទាំងបានអះ​អាង​ថា អង្គការសហប្រជាជាតិសន្យានឹងបន្តជួយគាំទ្រវៀតណាមក្នុងសកម្មភាពនេះ៕

បកប្រែដោយ Pham Diep