នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានបញ្ជាក់ថា កិច្ចពិភាក្សានេះគឺជាឱកាសដ៏ល្អសម្រាប់ភាគីទាំងពីរពិភាក្សាលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយទន្ទឹមនឹងនោះក៏បានដាក់ទិសដៅ និងវិធានការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីឱ្យបន្តអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត រួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងជប៉ុន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ជួបពិភាក្សាជាមួយលោកនាយឧត្តមសេនីយ៍ Yamazaki Koji តាមប្រព័ន្ធវីដេអូ

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុននៅវៀតណាមក្នុងខែកញ្ញាកន្លងមក។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរបានជួបពិភាក្សានិងបានឯកភាពលើទិសដៅសំខាន់ៗស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនាពេលខាងមុខ។

ដើម្បីអនុវត្តខ្លឹមសារដែលបានឯកភាពដោយថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការការពារជាតិលើវិស័យមួយចំនួនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់, កិច្ចសហប្រតិបត្តិការរវាងអង្គភាពនានា,  ការបណ្តុះបណ្តាល, ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ, ឧស្សាហកម្មការពារជាតិ ពេទ្យយោធា សន្តិសុខតាមអុីនធឺណិត ការពិគ្រោះយោបល់និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ...។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពលើពិភពលោកនិងនៅក្នុងតំបន់។ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអះអាងថា ទស្សនៈរបស់វៀតណាមគឺរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; ធានាបាននូវសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះនៅសមុទ្រដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ វៀតណាមស្វាគមន៍និងគាំទ្រគំនិតផ្តួចផ្តើមរបស់ជប៉ុននិងការរួមវិភាគទានយ៉ាងសកម្មរបស់ជប៉ុនក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក៕

បកប្រែដោយ Pham Diep