leftcenterrightdel
លោកឧត្តមនាវីត្រី Tran Thanh Nghiem មេបញ្ជាការកងទ័ពជើងទឹកវៀតណាមបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកឧត្តមនាវីឯក Yudo Margono មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូនេស៊ី

លោកឧត្តមនាវីត្រី Tran Thanh Nghiem បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកនៃប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរក្នុងរយៈពេលកន្លងមក។ កងទ័ពជើងទឹកឥណ្ឌូណេស៊ីបានចាត់បញ្ជូនគណៈប្រតិភូទៅចូលរួមសន្និសីទរៀបចំផែនការសម្រាប់កិច្ចការបរទេសការពារជាតិដែលជាម្ចាស់ផ្ទះដោយកងទ័ពជើងទឹកវៀតណាមឆ្នាំ ២០២០។ កងទ័ព​ជើងទឹកវៀតណាមបានចាត់បញ្ជូនគណៈប្រតិភូទៅចូលរួមសន្និសីទរៀបចំផែនការសម្រាប់ត្រៀមរៀបចំសកម្មភាពនៅក្នុងក្របខ័ណ្ឌធ្វើសមយុទ្ធពហុភាគី Komodo កងទ័ពជើងទឹកលើកទី ៤ នៅឆ្នាំ ២០២០ និងបន្តចាត់បញ្ជូននាយទាហានទៅចូលរួមវគ្គហ្វឹកហ្វឺននាយសេនាធិការតាមការអញ្ជើញរបស់កងទ័ពជើងទឹកឥណ្ឌូនេស៊ី។ យន្តការពិគ្រោះយោបល់កងទ័ពជើងទឹកទ្វេភាគីដែលត្រូវបានរៀបចំប្ដូរវេនដោយភាគីទាំងពីរឲ្យមានប្រសិទ្ធិភាពខ្ពស់។ មេបញ្ជាការកងទ័ពជើងទឹកវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការចូលរួម និងការផ្ដល់មតិយោបល់ពីគណៈប្រតិភូកងទ័ពជើងទឹកឥណ្ឌូណេស៊ី រួមចំណែកយ៉ាងសំខាន់ក្នុងជោគជ័យនៃកិច្ចប្រជុំក្រុមការងារស្តីពីការផ្លាស់ប្តូរបទពិសោធន៍ហ្វឹកហ្វឺនសម្រាប់កងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ានដែលរៀបចំឡើងដោយកងទ័ពជើងទឹកវៀតណាមកាលពីខែមេសា ឆ្នាំ ២០២១។

ថ្លែងនៅក្នុងជំនួបនេះ លោកឧត្តមនាវីឯក Yudo Margono បានអបអរសាទរ និងថ្លែងអំណរគុណដល់កងទ័ពជើងទឹកវៀតណាមដែលបានរៀបចំកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ានប្រកបដោយជោគជ័យក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ។ នៅក្នុងសន្និសីទនេះមេបញ្ជាការកងទ័ពជើងទឹកអាស៊ានបានចែករំលែកនូវទស្សនៈ និងវិធានការនានាដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ។ កងទ័ពជើងទឹកឥណ្ឌូណេស៊ីប្តេជ្ញាធ្វើការជាមួយកងទ័ពជើងទឹកវៀតណាមពិភាក្សាលើយន្តការសហប្រតិបត្តិការជាក់លាក់ដើម្បីកសាង និងថែរក្សាដែនទឹកដែលជាប់ព្រំដែនប្រទេសទាំងពីរប្រកបដោយសន្តិភាព និងស្ថិរភាព។ ជាមួយគ្នានោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកនេសាទនៃប្រទេសទាំងពីរក្នុងការធ្វើនេសាទ  និងមិនរំលោភដែនទឹកនៃប្រទេសរៀងៗខ្លួន។ មេបញ្ជាការកងទ័ពជើងទឹកនៃប្រទេសទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរក្នុងការដោះស្រាយបញ្ហារួមអំពីសន្ដិសុខនាវាចរណ៍៕

បកប្រែដោយ Thanh Cong