ក្នុងឆ្នាំ ១៩៧៥ បន្ទាប់ពីបង្រួបបង្រួមប្រទេសជាតិ លោក Nguyen Van Ninh (កាលនោះជាអនុប្រធានការិយាល័យទ័ពជំនាញចម្រុះ នៃនាយកដ្ឋានកុលយុទ្ធ) គឺជាកម្មាភិបាលម្នាក់ក្នុងចំណោមកម្មាភិបាលដំបូងនៃនាយកដ្ឋានកុលយុទ្ធដែលបានចាត់បញ្ជូនទៅប្រជុំកោះ Truong Sa ដើម្បីស្រាវជ្រាវ គ្រប់គ្រង និងដោះស្រាយរាល់បញ្ហាដែលទាក់ទងនឹងកោះសមុទ្រ។ ក្នុងរយៈពេល ១៥ ឆ្នាំ (១៩៧៥-១៩៩០) ទាំងឈាម ញើស និងទឹកភ្នែករបស់លោក Ninh និងយុទ្ធមិត្តបានលាយជាមួយខ្សាច់ និងរលកសមុទ្រនៃប្រជុំកោះ Truong Sa ។

ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនៅលើកោះ គាត់ដឹងច្បាស់ពីការលំបាករបស់កងទ័ព។ បន្លែគឺជារបស់ប្រណីតបំផុត។ កងទ័ពច្រើនតែហូបសារ៉ាយសមុទ្រដើម្បីកុំឲ្យរមូលពោះ។ ប៉ុន្តែអ្វីៗដែលពិបាកបំផុតគឺទឹកសាប ...។ តាមលោក  Ninh ការរស់នៅរបស់បងប្អូននៅលើស្ថានីយ៍ DK1 ក៏មានភាពលំបាកលំបិនយ៉ាងខ្លាំងដែរ។ បងប្អូននៅលើស្ថានីយ៍ DK1 ត្រូវប្រចាំការនៅលើសមុទ្រពេញមួយឆ្នាំ ជួលកាលពីរបីឆ្នាំទើបបានចូលក្នុងដីគោកម្តង។ លោក Ninh ឲ្យដឹងថា “ក្នុងពេលដំបូងនៃការសាងសង់ស្ថានីយ៍ ដោយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមិនមានភាពជឿនលឿនដូចសព្វថ្ងៃនេះទេ បើមានខ្យល់ព្យុះខ្លាំងគឺវានឹងប៉ះពាល់ដល់ស្ថានីយ៍ DK1 ហើយគំរាមកំហែងដល់អាយុជីវិតរបស់បងប្អូន។ ទោះជារងគ្រោះថ្នាក់ជាច្រើនប៉ែបនេះ ក៏ប៉ុន្តែបងប្អូននៅតែរក្សាភាពអង់អាចក្លាហានដើម្បីការពារអធិបតេយ្យភាពសមុទ្រ និងកោះរបស់មាតុភូមិដែរ។ ខ្ញុំពិតជារីករាយ និងមានមោទនភាពខ្លាំងណាស់”។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Van Ninh រៀបរាប់រឿងរ៉ាវអំពីបុណ្យ​ចូល​ឆ្នាំ​ថ្មីនៅប្រ​ជុំកោះ Truong Sa 

ឲ្យយើងខ្ញុំមើលរូបថតរបស់លោកនាយឧត្តមសេនីយ៍ Le Duc Anh (កាលនោះជារដ្ឋមន្រ្តីក្រសួងការពារប្រទេស) និងក្រុមបេសកកម្មនៅ ប្រជុំកោះ Truong Sa លោក Ninh រំជួលចិត្តយ៉ាងខ្លាំងដោយនឹកឃើញនូវអនុស្សាវរីយ៍នៃពិធីសច្ចាប្រណិធានក្នុងឱកាសរំលឹកខួបលើកទី ៣៣ ឆ្នាំនៃការបង្កើតកងទ័ពជើងទឹកដែលបានធ្វើឡើងនៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ១៩៨៨។ នាព្រឹកនោះ នៅលើកោះ Truong Sa ក្នុងបរិយាកាសដ៏ឧឡារិក លោកនាយឧត្ដមសេនីយ៍ Le Duc Anh បានអានពាក្យសច្ចាប្រណិធាន។ រាល់ពាក្យសច្ចាប្រណិធានរបស់លោកនាយឧត្តមសេនីយ៍ Le Duc Anh ត្រូវបានលោក Ninh កត់ក្នុងទិនានុលេសន៍របស់ខ្លួន “យើងខ្ញុំសូមស្បថចំពោះមុខដួងព្រលឹងបុព្វបុរសរបស់យើង ចំពោះមុខដួងព្រលឹងនៃកម្មាភិបាល និងយុទ្ធជនដែលបានពលីជីវិតដើម្បីមាតុភូមិ យើងខ្ញុំសូមសន្យាជាមួយប្រជាជននៅទូទាំងប្រទេស និងសូមផ្តាំផ្ញើរដល់មនុស្សជំនាន់ក្រោយៗថា យើងខ្ញុំនឹងប្តេជ្ញាចិត្តការពារមាតុភូមិជាទីស្រឡាញ់ ការពារប្រជុំកោះ Truong Sa ដែលជាផ្នែកមួយនៃទឹកដីដ៏ពិសិដ្ឋរបស់មាតុភូមិជាទីស្រឡាញ់របស់យើង” ។

ក្នុងរយៈពេល ១៥ ឆ្នាំ ជារៀងរាល់ឆ្នាំ លោកឧត្តមសេនីយ៍ត្រី Nguyen Van Ninh បានទៅកោះពី ៣ ដល់ ៤ ដង ក៏ប៉ុន្តែសម្រាប់គាត់ ការធ្វើដំណើរទៅជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជននៅប្រជុំកោះTruong Sa តែងតែមានការរំជួលចិត្តយ៉ាងខ្លាំងដែរ។ លោក Ninh ចង់ចាំជានិច្ចនូវបុណ្យចូលឆ្នាំថ្មីដំបូងដែលលោកបានទទូលឆ្នាំថ្មីជាមួយកម្មាភិបាល និងយុទ្ធជននៅកោះ Song Tu Tay ។ ពេលរសៀលថ្ងៃដំណាច់ឆ្នាំ បងប្អូននៅលើកោះបានប្រញាប់ប្រញាល់រៀបចំវេចនំអន្សំរាងបួនជ្រុង។ នំអន្សំរាងបួនជ្រុងនៅលើកោះនេះពិតជាពិសេសណាស់ នៅខាងក្នុងត្រូវបានវេចដោយស្លឹកប្រទាលដើម្បីឲ្យសាច់នំមានពណ៌ខៀវ ឯខាងក្រៅគឺជាស្លឹកដើមឆ័ត្រវិញ ពីព្រោះស្លឹកប្រទាលដែលយកពីដីគោកមិនគ្រប់ទេ។ នាយប់ថ្ងៃចុងឆ្នាំ ឆ្នាំងដាំនំអន្សមពុះខ្ជោលៗ កម្មាភិបាល យុទ្ធជនបានប្រមូលផ្តុំគ្នាច្រៀង និងជជែកលេងជាមួយគ្នា។ កម្មវិធីទទួលទេវតាឆ្នាំថ្មីរបស់កងទ័ពនៅលើកោះតែងតែប្រព្រឹត្តទៅយូរជាងកន្លែងផ្សេងៗ។ បន្ទាប់ពីស្តាប់ការជូនពរឆ្នាំថ្មីរបស់លោកប្រធានរដ្ឋ កម្មាភិបាលនឹងទៅជុំវិញកោះដើម្បីត្រួតពិនិត្យ ហើយជូនពរឆ្នាំថ្មី និងលើកទឹកចិត្តដល់យុទ្ធជនទាំងឡាយដែលកំពុងបំពេញភារកិច្ចយាមការពារ។ មានពេលមួយដែលបានជួបយុទ្ធជនវ័យក្មេងម្នាក់កំពុងយាមការពារ លោក Ninh បានសួរអំពីស្រុកកំណើត និងចំណាប់អារម្មណ៍របស់យុទ្ធជនវ័យក្មេងនេះនៅពេលដែលវេលាឆ្លងចូលឆ្នាំថ្មីជិតមកដល់។ យុទ្ធជនវ័យក្មេងនេះឆ្លើយថា "បាទ ខ្ញុំមកពីខេត្ត Ha Tinh។ ខ្ញុំនឹកក្រុមគ្រួសារខ្ញុំខ្លាំងណាស់ ប៉ុន្តែខ្ញុំសន្យាជាមួយឪពុកម្តាយថា ខ្ញុំនឹងបំពេញល្អកាតព្វកិច្ចជាយុទ្ធជនប្រចាំនៅកោះ" ចម្លើយនោះបានធ្វើឲ្យ​គាត់រំជួលចិត្តយ៉ាង​ខ្លាំង ហើយចងចាំរហូតមកដល់ពេលនេះ៕

បកប្រែដោយ Duy Hoan