នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាបានចំណាយពេលពិភាក្សា និងវាយតំលៃការងារក្នុងនីតិកាលទី១៤ នៃរដ្ឋសភា, ពិនិត្យឡើងវិញនូវរបាយការណ៍ការងារសម្រាប់អាណត្តិ ២០១៦-២០២១ របស់៖ ប្រធានរដ្ឋ, គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា, រដ្ឋាភិបាល, ក្រុមប្រឹក្សាជនជាតិ, គ្រប់គណៈកម្មការជំនាញនៃរដ្ឋសភា, តុលាការប្រជាជនកំពូលជាដើម។ របាយការណ៍ និងមតិពិភាក្សារបស់សមាជិករដ្ឋសភាទាំងអស់បានគូសបញ្ជាក់អំពីសមិទ្ធិផលដែលបានធ្វើក្នុងពេលអាណត្តិរបស់រាល់ភ្នាក់ងារទាំងអស់ក្នុងវិស័យការងាររៀងៗរបស់ខ្លួន។ លើសពីនេះទៀត ចំណុចខ្វះខាត បញ្ហានៅមានកម្រិតនានាក៏ត្រូវបានទទួលស្គាល់ដោយស្មោះត្រង់ផងដែរដើម្បីធ្វើការវិភាគ ទាញយកមេរៀន និងបទពិសោធន៍…។ រដ្ឋសភាបានបោះឆ្នោតអនុម័តសេចក្តីសំរេចចិត្តស្តីពីការបូកសរុប ពិនិត្យមើលឡើងវិញនូវការងារក្នុងអាណត្តិ ២០១៦-២០២១ នៃរដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល តុលាការប្រជាជនកំពូល មហាអយ្យការប្រជាជនកំពូល និងសវនកម្មរដ្ឋ។ នេះជាមូលដ្ឋានសម្រាប់ភ្នាក់ងារនានាបន្តច្នៃប្រឌិតថ្មី បង្កើនប្រសិទ្ធភាពក្នុងរយៈពេលខាងមុខ។

leftcenterrightdel
ប្រធានរដ្ឋសភាលោក Vuong Dinh Hue មានប្រសាសន៍បិទសម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី១៤

ក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី១១ រដ្ឋសភាបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការការពារប្រយុទ្ធប្រឆាំងគ្រឿងញៀន (ច្បាប់ធ្វើវិសោធនកម្ម), ពិចារណា និងសម្រេចនូវចំនួនប្រតិភូពេញម៉ោងនៃក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ ឆ្នាំ ២០២១-២០២៦។ ខ្លឹមសារសំខាន់ៗមួយចំនួនត្រូវបានរាយការណ៍ជូនរដ្ឋសភានៅឯសម័យប្រជុំនេះ រួមមានយោបល់ និងអនុសាសន៍របស់អ្នកបោះឆ្នោត និងប្រជាជនដែលត្រូវបានបញ្ជូនទៅសម័យប្រជុំលើកទី១១, លទ្ធផលនៃការត្រួតពិនិត្យរកដំណោះស្រាយលើញត្តិរបស់អ្នកបោះឆ្នោតដែលបានផ្ញើទៅសម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៤ ។ លទ្ធផលប្រតិបតិ្តការរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតចាប់ពីពេលចាប់ផ្តើមដល់ខែមីនា ឆ្នាំ២០២១ ... មតិ និងសំណើរបស់អ្នកបោះឆ្នោត និងប្រជាជនដែលត្រូវបានបញ្ជូនទៅរដ្ឋសភាត្រូវបានសង្ខេប និងផ្ទេរទៅអោយអាជ្ញាធរមានសមត្ថកិច្ចដើម្បីពិចារណាដោះស្រាយឆ្លើយបង្ហាញដោយមានស្មារតីទទួលខុសត្រូវខ្ពស់។

ខ្លឹមសារសំខាន់មួយនៃសម័យប្រជុំលើកនេះ គឺការដែលរដ្ឋសភាបានពិចារណា និងសម្រេចលើការងារបុគ្គលិកដើម្បីឆ្លើយតបឱ្យបានឆាប់រហ័សចំពោះការដឹកនាំរបស់បក្ស ទិសដៅ និងការគ្រប់គ្រងរបស់រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាល។ សម័យប្រជុំលើកទី១១ បានប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសទាំងមូលកំពុងផ្តោតលើការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី XIII របស់បក្ស និងត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ។ សេចក្តីសំរេចចិត្តរបស់រដ្ឋសភាក្នុងការបញ្ចប់ ជ្រើសតាំង និងអនុម័តនូវមុខតំណែងជាន់ខ្ពស់មួយចំនួននៅក្នុងជួរក្បាលម៉ាស៊ីនរដ្ឋ បានរួមចំណែកដល់ភាពលំនឹង ឯកភាព និងស្ថិរភាពខាងអង្គការចាត់តាំង និងបំពេញតាមតម្រូវការនៃការអនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៣ របស់បក្ស។ ទន្ទឹមនឹងនេះ ការងារបុគ្គលិកត្រូវបានធានាយ៉ាងម៉ឺងម៉ាត់ដោយប្រុងប្រយ័ត្នស្របតាមច្បាប់ ប្រជាធិបតេយ្យ និងធានានូវការដឹកនាំរបស់បក្ស។ នៅសម័យប្រជុំលើកទី១១ រដ្ឋសភាបានបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភា ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រធានរដ្ឋ នាយករដ្ឋមន្រ្តី អនុប្រធានរដ្ឋសភា ៣ រូប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ៤ រូប អនុប្រធានរដ្ឋ អគ្គលេខាធិការរដ្ឋសភា ប្រធាននៃគណៈកម្មាធិការជំនាញចំនួន ៣ នៃរដ្ឋសភា អគ្គសវនកររដ្ឋ។ រដ្ឋសភាក៏បានឯកភាពលើការតែងតាំងឧបនាយករដ្ឋមន្ត្រីចំនួន ២ រូប រដ្ឋមន្ត្រីចំនួន ១២ រូប និងសមាជិករដ្ឋាភិបាលនានា។

ក្នុងនាមជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន ដែលជាស្ថាប័នរដ្ឋអំណាចខ្ពស់បំផុតនៃសាធារណរដ្ឋសង្គមនិយម វៀតណាមក្នុងរាល់សេចក្តីសម្រេចចិត្តរបស់ខ្លួន រដ្ឋសភាតែងតែតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នានៃម្ចាស់បោះឆ្នោត ប្រជាជនដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ សកម្មភាពរបស់រដ្ឋសភាត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់អ្នកបោះឆ្នោត និងប្រជាជន។ ក្នុងរយៈពេលកន្លងមក រដ្ឋសភាទទួលបានលទ្ធផលលេចធ្លោគ្រប់ជ្រុងជ្រោយក្នុងការងារនីតិប្បញ្ញត្តិ ដោយសំរេចបានញ្ហាសំខាន់ៗរបស់ប្រទេសជាតិ និងការត្រួតពិនិត្យជាន់ខ្ពស់។ លទ្ធផលនេះបញ្ជាក់ពីភាពជោគជ័យដែលផ្តើមចេញពីការច្នៃប្រឌិតជាបន្តបន្ទាប់នៅក្នុងសកម្មភាពរបស់រដ្ឋសភា។ ក្នុងអាណត្តិទី ១៤ រដ្ឋសភាបានបន្តផ្តោតការយកចិត្តទុកដាក់លើការកសាង និងការធ្វើឱ្យល្អឥតខ្ចោះនូវប្រព័ន្ធច្បាប់។ លើសពីនេះទៀត តាមរយៈសកម្មភាពឃ្លាំមើលរបស់រដ្ឋសភាបានរកឃើញ និងផ្តល់អនុសាសន៍ក្នុងការកែសម្រួលបន្ថែម រួមចំណែកជំរុញការអនុវត្តល្អនូវគោលនយោបាយច្បាប់ និងការងារសេដ្ឋកិច្ចសង្គម។

បច្ចុប្បន្នប្រទេសវៀតណាមបានក្លាយជាប្រទេសមានសេដ្ឋកិច្ចធំទី ៤ នៅអាស៊ានដោយឈានដល់ការសម្រេចបាន GDP ៣៤០ ពាន់លានដុល្លារអាមេរិក។ រដ្ឋសភាក៏បានតែងតែគាំទ្រការទទួលខុសត្រូវ និងការលើកកម្ពស់គុណភាពនៃសេចក្តីសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេស។ សកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភា បានរួមវិភាគទានក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រទេសដទៃទៀត។ អាចបញ្ជាក់បានថា ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងសាមគ្គីភាពរវាងរដ្ឋសភា និងប្រធានរដ្ឋ រដ្ឋាភិបាល ភ្នាក់ងារតុលាការ និងស្ថាប័នពាក់ព័ន្ធនានា បានបង្កើតនូវកម្លាំងរួមដែលនាំឱ្យប្រទេសឈានទៅមុខឥតឈប់ឈរ។

ក្នុងសម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤ បានបិទបញ្ចប់ បក្សទាំងមូល ប្រជាជន និងកងទ័ពទាំងមូល កំពុងខិតខំធ្វើការរាល់ថ្ងៃឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ក្នុងអាណត្តិ ២០២១-២០២៦ ទទួលបានជោគជ័យដោយជ្រើសរើសសមាជិកដ៏ឆ្នើមដែលសក្តិសមជាតំណាងរបស់ប្រជាជន។ ការអភិវឌ្ឍនៃរដ្ឋសភាគឺជាដំណើរការនៃការទទួលបានមរតក និងការច្នៃប្រឌិតដោយឥតឈប់ឈរដើម្បីបំពេញបានតាមតម្រូវការ និងភារកិច្ច។ មូលដ្ឋានគ្រឹះប្រកបដោយចីរភាព ដែលត្រូវបានកសាងឡើងពីរដ្ឋសភានីតិកាលទី ១៤ និងអាណត្តិមុនៗនឹងក្លាយជាការរួមវិភាគទានរួមចំណែកបង្កើតភាពធន់ និងទំនុកចិត្តជួយប្រទេសរបស់យើងបន្តបើកទំព័រថ្មីរុងរឿងនាពេលខាងមុខនេះ៕

បកប្រែដោយ Minh Trung