ប្រទេសវៀតណាមទទួលបន្ទុកជាប្រធានអាស៊ាន ២០២០ ក្នុងបរិបទដែលពិភពលោក និងតំបន់ប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានដោយបណ្តាលមកពីរោគរាតត្បាត Covid-19  ថែមទាំងបរិយាកាសភូមិសាស្ត្រយុទ្ធសាស្រ្តមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក៏ដូចជាបញ្ហាសន្តិសុខមិនមែនប្រពៃណីនានាកំពុងលេចឡើង។ ទោះបីមានការលំបាកជាច្រើនក្នុងនាមជាប្រធានអាស៊ាន ២០២០ ក្តី ប៉ុន្តែប្រទេសវៀតណាមបានចូលរួមវិភាគទានកាន់តែច្រើនឡើងៗក្នុងការអភិវឌ្ឍសហគមន៍អាស៊ានប្រកបដោយសុខដុមរមនា ភាពច្នៃប្រឌិត ភាពជាម្ចាស់ការ និងសាមគ្គីភាពអាស៊ាន។ លទ្ធផលដែលអាស៊ានសម្រេចបានក្នុងឆ្នាំ ២០២០ ក្រោមការដឹកនាំរបស់វៀតណាម ក្នុងឋានៈជាប្រធានអាស៊ានគឺជាភ័ស្តុតាងយ៉ាងច្បាស់លាស់នៃអាស៊ានមួយដែលមានភាពស្អិតរមួត ឆ្លើយតប ខ្ជាប់ខ្ជួន និងមិនដែលចុះចាញ់ក្នុងគ្រប់កាលៈទេសៈឡើយ។ លោកសាស្ត្រាចារ្យ Carl Thayer នៃសាកលវិទ្យាល័យ New South Wales (អូស្ត្រាលី) បានមានប្រសាសន៍ថា “ក្នុងនាមជាប្រធានអាស៊ាន ២០២០ ប្រទេសវៀតណាមបានបង្ហាញនូវស្មារតីនៃ“ភាពស្អិតរមួត និងការឆ្លើយតប”។

leftcenterrightdel
ប្រទេសវៀតណាមទទួលបន្ទុកជាប្រធានអាស៊ាន ២០២០ 

ដើម្បីលើកកម្ពស់ការកសាងសហគមន៍ និងលើកកម្ពស់តួនាទីរបស់អាស៊ានក្នុងពិភពមួយដែលមានការវិវឌ្ឍយ៉ាងខ្លាំងនោះ វៀតណាមរួមជាមួយបណ្តាប្រទេសជាសមាជិកបានកំណត់នូវប្រធានបទរួមសម្រាប់ឆ្នាំ ២០២០ ជា “អាស៊ានមួយប្រកបដោយភាពស្អិតរមួត និងការឆ្លើយតប"។ ការផ្ទុះឡើងភ្លាមៗ និងផលវិបាកដែលមិនធ្លាប់មានពីរោគរាតត្បាត Covid-19 បានបង្ហាញថា ប្រធានបទនេះមានភាពទាន់ពេលវេលា និងសមស្របជាងពេលណាៗទាំងអស់។ ដោយបង្ហាញពីសមត្ថភាពក្នុងការប្រតិកម្មរហ័ស ទាន់ពេលវេលា ក៏ដូចជាសមត្ថភាពក្នុងការសម្របសម្រួលគ្នាលើគោលនយោបាយ  និងសកម្មភាពក្នុងចំណោមប្រទេសជាសមាជិក ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំអាស៊ាននោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចេញសេចក្តីប្រកាសនៃប្រធានអាស៊ានស្តីពីការឆ្លើយតបរួមរបស់អាស៊ានចំពោះការរីករាលដាលនៃ Covid-19 ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តខាងនយោបាយកម្រិតខ្ពស់របស់សមាគម និងការប្តេជ្ញាចិត្តក្នុងការគ្រប់គ្រងរោគរាតត្បាត។ បន្ទាប់ពីនោះ ប្រទេសវៀតណាម និងបណ្តាប្រទេសអាស៊ានបានឯកភាពលើគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការជាច្រើនដើម្បីឆ្លើយតបទៅនឹង Covid-19 ដូចជា៖ មូលនិធិអាស៊ានដើម្បីឆ្លើយតបនឹង Covid-19, ឃ្លាំងបំរុងសម្ភារៈវេជ្ជសាស្ត្របន្ទាន់ក្នុងតំបន់, ក្របខ័ណ្ឌការស្តារឡើងវិញអាស៊ានទាំងមូល, ផែនការអនុវត្តរួមគ្នានៅលើសសរស្តម្ភទាំង ៣ របស់សហគមន៍ដើម្បីគាំទ្រដល់ប្រជាជន និងអាជីវកម្មឱ្យជៀសផុតពីផលវិបាកនៃជំងឺរាតត្បាតនិងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនឱ្យមានស្ថិរភាព។

ក្នុងបរិបទដែលពហុភាគីនិយមកំពុងជួបប្រទះនឹងបញ្ហាជាឧបសគ្គយ៉ាងសន្ធឹកសន្ធាប់ក្តី ប៉ុន្តែតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ របស់វៀតណាម បានមើលឃើញដៃគូជាច្រើនប្តេជ្ញារួមវិភាគទានផ្នែកហិរញ្ញវត្ថុដោយមានចំនួនជាក់លាក់សំរាប់គំនិតផ្តួចផ្តើមអាស៊ានក្នុងការឆ្លើយតប ការជំនះផលប៉ះពាល់នៃរោគរាតត្បាត។ សេចក្តីថ្លែងការណ៍នេះគាំទ្រឯកសារនៃទស្សនទានរបស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ក៏ដូចជាជំហរគោលការណ៍របស់អាស៊ានស្តីពីការលើកកម្ពស់នីតិរដ្ឋ ពង្រឹងការសន្ទនា ការកសាងទំនុកចិត្ត ការអត់ធ្មត់ ការមិនទុកឱ្យមានទង្វើណាមួយធ្វើឱ្យស្ថានការណ៍ស្មុគស្មាញដោយឈរលើច្បាប់អន្តរជាតិ។

ទាំងនេះគឺជាភស្តុតាងជាក់ស្តែងដែលស្ថិតក្រោមការដឹកនាំប្រកបដោយភាពបត់បែន សុខដុមរមនា និងប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម អាស៊ានបានទទួលជោគជ័យក្នុងការបន្តរក្សាបានសាមគ្គីភាព ឯកភាព តួនាទីស្នូលនៅក្នុងរចនាសម្ព័ន្ធតំបន់ ទទួលបានការគោរពគាំទ្រ និងកិច្ចសហប្រតិបត្តិការពីមហាអំណាច និងដៃគូនៅលើពិភពលោក។

សូមបញ្ជាក់ផងដែរថា សមត្ថភាពរបស់វៀតណាមក្នុងការធ្វើជាប្រធានអាស៊ាន បានធ្វើឱ្យអាស៊ានមានភាពបត់បែន និងសកម្មដោយសម្របខ្លួនទៅនឹងការផ្លាស់ប្តូរសម័យកាល។ ទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតក៏ដោយ ក្នុងឆ្នាំ ២០២០ ដោយផ្អែកលើវេទិកាឌីជីថលទំនើបនោះ អាស៊ាននៅតែរក្សាការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា។

ការធ្វើជាប្រធានអាស៊ាន ២០២០ របស់វៀតណាមកើតឡើងស្របពេលរំលឹកខួបលើកទី ២៥ នៃការចូលរួម“ដំបូលរួម”របស់វៀតណាមក្នុងអាស៊ាន។ អាស៊ានគឺជារបកគំហើញដំបូងមួយសម្រាប់វៀតណាមដើម្បីអនុវត្តបាវចនានៃការធ្វើពិពិធកម្ម និងទំនាក់ទំនងពហុភាគី។ ចូលរួមអាស៊ានបាននាំមកនូវផលប្រយោជន៍ និងឱកាសជាច្រើនសម្រាប់វៀតណាមដើម្បីធ្វើសមាហរណកម្មជាជំហានៗក្នុងតំបន់ និងពិភពលោក លើកស្ទួយសមត្ថភាព ការធ្វើកំណែទម្រង់ក្នុងស្រុក និងលើកកម្ពស់តួនាទីនៃប្រទេសមួយប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាងមួយភាគបួននៃសតវត្សរ៍ នៃការចូលរួមអាស៊ាន ទោះបីកម្រិតនៃការអភិវឌ្ឍនៅមានគម្លាតបើធៀបនឹងប្រទេសជាច្រើនក៏ដោយ ប៉ុន្តែវៀតណាមតែងតែបង្ហាញនូវសុឆន្ទៈ ការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវ រួមចំណែកយ៉ាងសំខាន់ដល់សមិទ្ធិផលរួមរបស់អាស៊ាន។ នោះគឺប្រទេសវៀតណាមបានខិតខំជំរុញការទទួលយកប្រទេសដែលនៅសេសសល់ដើម្បីសំរេចក្តីសុបិន្តនៃ“មហាគ្រួសារ” មួយរបស់អាស៊ានដែលមាន ១០ ប្រទេសនៅអាស៊ីអាគ្នេយ៍។ ពោលគឺថា ប្រទេសវៀតណាមបានចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវនៅពេលចូលរួមក្នុងកិច្ចការសមាគម។

ឆ្នាំជាប្រធានអាស៊ានឆ្នាំ ២០២០ ត្រូវបានវាយតថាទទួលបានជោគជ័យលើគ្រប់វិស័យ បានបង្ហាញពីភាពរីកលូតលាស់លើឆាកអន្ដរជាតិរបស់វៀតណាម ដោយហេតុនេះរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍របស់បក្ស រដ្ឋ រដ្ឋាភិបាលស្តីពីការធ្វើសមាហរណកម្មអន្តរជាតិ ការជំរុញទំនាក់ទំនងការបរទេសពហុភាគីដល់ឆ្នាំ ២០៣០។ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc នៅក្នុងសន្និសីទបូកសរុបលទ្ធផលជាប្រធានអាស៊ានឆ្នាំ ២០២០ នាថ្ងៃទី ១១ ធ្នូ បានមានប្រសាសន៍ថា៖ “ជោគជ័យដ៏ទូលំទូលាយ និងលេចធ្លោនៃឆ្នាំប្រធានអាស៊ាន ២០២០ គឺជាជ័យជំនះថ្មីនៃគោលនយោបាយការបរទេសពហុភាគីរបស់បក្ស។ ដូចនឹងអគ្គលេខាបក្ស និងជាប្រធានរដ្ឋ Nguyen Phu Trong បានថ្លែងថា៖ ប្រទេសវៀតណាមយើងមិនដែលមានបុព្វហេតុ សក្តានុពល ឋានៈ និងកេរ្តិ៍ឈ្មោះអន្តរជាតិដូចនាពេលបច្ចុប្បន្ននេះទេ។ នេះប្រដូចជាការបន្ថែមភាពរឹងមាំថ្មីសម្រាប់យើងដើម្បីឱ្យមានការជឿជាក់លើខ្លួនឯង និងបន្តឆ្ពោះទៅរកដំណើរការនៃការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព”៕

បកប្រែដោយ Minh Trung