នៅថ្ងៃទី ៨ ខែសីហាឆ្នាំ ២០១៩ អាស៊ានបានឈានចូលអាយុ ៥២ ឆ្នាំហើយ។ ដំណើរការកកើតឡើង និងអភិវឌ្ឍរបស់អាស៊ានក្នុងរយៈពេលជាង ៥ ទស្សវត្សរ៍កន្លងមកត្រូវបានបន្តដោយការខិតខំប្រឹងប្រែងឥតឈប់ឈររបស់បណ្តាប្រទេសជាសមាជិក​ និងរួមជាមួយនឹងគោលការណ៍គឺសម្រេចឲ្យបានស្មារតីនៃសេចក្តីថ្លែងការណ៍ទីក្រុងបាងកក "ដើម្បីតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាព សេរីភាព និងវិបុលភាព" ។

leftcenterrightdel
រូបថត៖ vietnamplus.vn

 

សហគមន៍មួយដ៏រឹងមាំខាងនយោបាយ ទំនាក់ទំនងសេដ្ឋកិច្ចផ្សាភ្ជាប់ និងការចែករំលែកផ្តល់ជំនួយគ្នាទៅវិញទៅមក

ដោយមានប្រជាជនចំនួនជាង ៦៤២ លាននាក់ និងមានផ្ទៃដីជាង ១.៧ លានគីឡូម៉ែត្រការ៉េ អាស៊ាន គឺជាទីផ្សារដែលមានសក្តានុពលយ៉ាងសំខាន់មួយ។ គេបានព្យាករណ៍ថា នៅឆ្នាំ ២០៥០ អាស៊ាននឹងក្លាយទៅជាខឿនសេដ្ឋកិច្ចមួយធំលំដាប់ទី ៤ នៅលើពិភពលោក។ សហគមន៍អាស៊ានបានឈានចូលឆ្នាំទី៤ នៃការបង្កើត និងអភិវឌ្ឍន៍របស់ខ្លួនចាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៥ ហើយកំពុងព្យាយាមសម្រេចឲ្យបាននូវចក្ខុវិស័យរបស់ខ្លួនដល់ឆ្នាំ ២០២៥ ។

ដើម្បីឲ្យមានបរិយាកាសមួយក្នុងតំបន់ប្រកបដោយសន្តិភាព សន្តិសុខ និងស្ថិរភាព បណ្តាប្រទេសអាស៊ានបាន និងកំពុងខិតខំជំរុញកិច្ចសន្ទនាពង្រឹងកិច្ចសហប្រតិបត្តិការកសាងជំនឿទុកចិត្តលើកកម្ពស់ការគោរពតាមច្បាប់អន្តរជាតិ។

អាស៊ានក៏បានបង្ហាញយ៉ាងរឹងមាំនូវភាពចាស់ទុំនយោបាយ សមត្ថភាពរបស់ខ្លួនក្នុងការរក្សាសាមគ្គីភាព និងឯកភាពគ្នាក្នុងបញ្ហាសន្តិភាព និងសន្តិសុខក្នុងតំបន់ ដូចជាស្ថានភាពសមុទ្រខាងកើត បញ្ហាជនជាតិមូស្លីមនៅរដ្ឋរ៉ាក់ហៃ (មីយ៉ាន់ម៉ា) ឧបទ្វីបកូរ៉េ ជាដើម។ កិច្ចសហប្រតិបត្តិការដើម្បីការពារ ទប់ទល់នឹងបញ្ហាសន្តិសុខមិនមែនប្រពៃណីនៅតែត្រូវបានផ្សព្វផ្សាយយ៉ាងខ្លាំង។

រាល់កិច្ចខិតខំប្រឹងប្រែងសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្ទៃក្នុងតំបន់ និងជាមួយដៃគូនានាបានធ្វើឱ្យកំណើនសេដ្ឋកិច្ចអាស៊ានមានស្ថិរភាព ហើយត្រូវបានគេព្យាករណ៍ថានឹងឈានឡើងដល់ ៤.៩% ក្នុងឆ្នាំ ២០១៩ ពោលគឺខ្ពស់ជិតទ្វេដងនៃកម្រិតមធ្យមពិភពលោក។ ផលិតផលក្នុងស្រុកសរុបឈានដល់ប្រមាណ ៣,០០០ ពាន់លានដុល្លារ ហើយទំហំទីផ្សារពង្រីកដល់ដៃគូសេដ្ឋកិច្ចកំពូលៗតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA + 1) និង RCEP ជាមួយចិន និងជប៉ុន កូរ៉េ ឥណ្ឌា អូស្ត្រាលី ញូហ្សេឡែន ... គំនិតផ្តួចផ្តើមដើម្បីតភ្ជាប់អាស៊ាន បង្រួមគម្លាតអភិវឌ្ឍក្នុងអាស៊ានកំពុងត្រូវបានសម្រេចជាបណ្តើរៗ។ អាស៊ានក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយដោយមានចំនួនភ្ញៀវទេសចរក្នុងតំបន់មានជិត ៥០ លាននាក់ និងភ្ញៀវទេសចរអន្តរជាតិឈានដល់ជិត ១៣០ លាននាក់ក្នុងឆ្នាំ ២០១៨ ។

អ្វីៗដែលគួរឲ្យពេញចិត្តនោះគឺថាប្រជាជនត្រូវបានចាត់ទុកជាមជ្ឈភាព ក្នុងដំណើរការកសាងសហគមន៍អាស៊ាន។ សិទ្ធិទាំងអស់របស់ប្រជាជនក្នុងតំបន់ត្រូវបានលើកកម្ពស់តាមរយៈរាល់កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ការរីករាលដាលរោគអាសន្ន សិទ្ធិឆ្លងដែនដោយការលើកលែងទិដ្ឋាការក្នុងចំណោមប្រទេសអាស៊ានក្នុងរយៈពេលពី១៥ ថ្ងៃដល់ ៣០ថ្ងៃ ។ល។

តួនាទីជាមជ្ឈភាពយ៉ាងរឹងមាំនៅក្នុងរចនាសម្ព័ន្ធតំបន់បើកចំហ

ដោយមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រយុទ្ធសាស្រ្តដ៏សំខាន់មួយ គឺជាមជ្ឈភាពនៃតំបន់ធំធេងមួយដែលតភ្ជាប់ជាមួយមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក អាស៊ានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតរចនាសម្ព័ន្ធសហប្រតិបត្តិការក្នុងតំបន់បើកចំប្រកបដោយតម្លាភាព បរិយាប័ន្ន ដោយឈរលើច្បាប់ ភាពជិតស្និទ្ធ ភាពសម្របសម្រួល និងមានទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅមក។

តភ្ជាប់ដើម្បីសម្របខ្លួន

ប្រវត្តិសាស្រ្តជាង ៥ ទស្សវត្សរ៍ បានឃើញជាច្រើនដងថា អាស៊ានត្រូវតែខំប្រឹងប្រែងឆ្លងផុតឧបសគ្គជាច្រើនរាប់មិនអស់។ ប៉ុន្តែតាមរយៈនោះអាស៊ានកាន់តែមានភាពចាស់ទុំ ផ្អែកលើសមត្ថភាពរបស់ខ្លួនឯង និងមានស្ថិរភាពរឹងមាំជាងមុន។ គន្លឹះនៃភាពជោគជ័យ និងកម្លាំងរបស់អាស៊ានគឺសាមគ្គីភាព។ ដើម្បីឋិតឋេរ និងសម្របខ្លួនប្រកបដោយប្រសិទ្ធភាពចំពោះនឹងបំរែបំរួលបរិយាកាសដ៏ស្មុគស្មាញក្នុងតំបន់ និងអន្តរជាតិ អាស៊ានតែងតែមានជំហររឹងមាំក្នុងការរក្សាសាមគ្គីភាព ឯកភាព និងលើកកម្ពស់សមត្ថភាពខ្លួនទីពឹងខ្លួននៃខាងសេដ្ឋកិច្ច និងសមត្ថភាពក្នុងការឆ្លើយតបយ៉ាងសកម្ម និងឆាប់រហ័សចំពោះឧបសគ្គដែលកើតឡើង។

ក្នុងស្មារតីនៃប្រធានបទឆ្នាំ ២០១៩ ស្តីពី "ការពង្រឹងភាពជាដៃគូដើម្បីនិរន្តរភាព" និងបន្តស្មារតីឆ្នាំ ២០១៨ "ខ្លួនជាទីពឹងខ្លួន និងនវានុវត្ត"។ អាស៊ាននៅតែបន្តបង្ហាញពីសមត្ថភាព ម្ចាស់ការ និងសមត្ថភាពសម្របខ្លួនក្នុងគ្រប់កាលៈទេសៈរបស់ខ្លួនឯង។ នាពេលថ្មីៗនេះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ ដោយប្រឈមនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃស្ថានភាពក្នុងតំបន់ រដ្ឋមន្ត្រីទាំងអស់បានបន្តអះអាងនូវជំហរគោលការណ៍របស់អាស៊ានដែលក្នុងនោះបានសង្កត់ធ្ងន់លើសារសំខាន់នៃការអនុវត្តតាមច្បាប់អន្តរជាតិ និងអនុសញ្ញាស្តីពីច្បាប់សមុទ្រដោយបង្ហាញពីការព្រួយបារម្ភចំពោះរាល់ឧបត្តិហេតុធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន។ ប្រឈមមុខនឹងភាពតានតឹងនៃពាណិជ្ជកម្មរវាងខឿនសេដ្ឋកិច្ចធំៗ និងនិន្នាការនៃការបង្កើនគាំពារនិយម អាស៊ានប្តេជ្ញាចិត្តពង្រឹងថែមទៀតនូវពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ និងបញ្ចប់ការចរចាកិច្ចព្រមព្រៀង RCEP នាពេលឆាប់ៗ។

ឆ្នាំ ២០២០៖ ជាតម្រុយកត់សម្គាល់យ៉ាងសំខាន់មួយសម្រាប់វៀតណាម

ឆ្នាំ ២០២០ នាពេលខាងមុខនឹងជាតម្រុយកត់សម្គាល់ដ៏សំខាន់មួយដែលប្រទេសវៀតណាមនឹងដើរតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន និងក៏ជាខួបលើកទី ២៥ នៃការចូលរួមអាស៊ានរបស់វៀតណាមផងដែរ។ ទន្ទឹមនឹងអាណត្តិជាប្រធានអាស៊ាននៅឆ្នាំ ២០២០ នោះ វៀតណាមក៏បានអនុវត្តនូវតួនាទីមួយទៀតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០២០-២០២១ ផងដែរ។

អាទិភាពដំបូងបង្អស់របស់វៀតណាមនៅឆ្នាំ ២០២០ នោះគឺការចូលរួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យរបស់អាស៊ានក្នុងគោលដៅនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។ នេះក៏ជាឱកាសមួយសម្រាប់វៀតណាមជំរុញទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសអាស៊ាន និងដៃគូ ព្រមទាំងជួយលើកកម្ពស់នូវតួនាទី កិត្យានុភាពលើឆាកអន្តរជាតិរបស់ប្រទេសជាតិ និងជួយលើកកម្ពស់មុខមាត់វៀតណាម និងផ្សព្វផ្សាយពីអត្តសញ្ញាណវប្បធម៌ប្រទេស និងប្រជាជនវៀតណាមផងដែរ។

ដើម្បីធ្វើបានដូចនេះ វៀតណាមត្រូវកៀងគរពីការគាំទ្រ ការឯកភាពនៃបណ្តាប្រទេសអាស៊ាន និងមិត្តភក្តិ ដៃគូអាស៊ាននានា ការចូលរួមពីគ្រប់ក្រសួង គ្រប់ស្ថាប័នមានសមត្ថកិច្ច និងប្រជាជនទាំងមូល។

ក្រោមការណែនាំរបស់គណៈកម្មាធិការជាតិទទួលបន្ទុកឆ្នាំជាប្រធានអាស៊ានឆ្នាំ ២០២០ ការរៀបចំត្រៀមគ្រប់លក្ខណៈសម្រាប់ឆ្នាំជាប្រធានអាស៊ាន ២០២០ កំពុងត្រូវបានអនុវត្តយ៉ាងសកម្ម។ វៀតណាមកំពុងធ្វើអស់ពីសមត្ថភាពដើម្បីអនុវត្តនូវតួនាទីជាប្រធានអាស៊ាន ២០២០ ដោយជោគជ័យ រួមចំណែកកសាងនូវសហគមន៍អាស៊ាន រួបរួមគ្នាយ៉ាងជិតស្និទ្ធ និងសកម្មក្នុងការសម្របខ្លួនទៅនិងបញ្ហាប្រឈមទាំងអស់៕

បកប្រែដោយ Minh Trung