leftcenterrightdel
លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេសវៀតណាម ប្រធាន SOM អាស៊ានវៀតណាមបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំ AMM-52 និងកិច្ចប្រជុំពាក់ព័ន្ធនានា (រូបថត៖ vnanet.vn)

អ្នកយកព័ត៌មាន៖ តើលោកអនុរដ្ឋមន្រ្តីវាយតម្លៃយ៉ាងដូចម្តេចអំពីកិច្ចប្រជុំ AMM-52?

លោកអនុរដ្ឋមន្ត្រី Nguyen Quoc Dung៖ ជាទូទៅកិច្ចប្រជុំលើកនេះសម្រេចបាននូវលទ្ធផលល្អជាច្រើន មានជាអាថ៌ដូចជា៖ ទីមួយ ដំណើរការកសាងសហគមន៍បន្តទទួលបានការសន្យាយ៉ាងខ្លាំងក្លាពីសឹងតែគ្រប់ប្រទេសជាសមាជិកអាស៊ាន។ កម្មវិធីសកម្មភាព និងផែនការការងារជាច្រើនក៏បានអនុវត្តយ៉ាងសកម្ម និងបញ្ចប់តាមកាលបរិច្ឆេទ។ បណ្តាប្រទេសសន្យានឹងខំប្រឹងប្រែងដើម្បីជំរុញការកសាងសហគមន៍ដោយឈរលើសសរស្តម្ភទាំង ៣ គឺ៖ សន្តិសុខនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ - សង្គម។ នៅកិច្ចប្រជុំ បណ្តាប្រទេសក៏បានជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការជាច្រើនដូចជា ការប្រឆាំងនឹងកាកសំណល់សមុទ្រ ការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ការបង្កើនការតភ្ជាប់សហគ្រាស ការបណ្តុះបណ្តាល និងការអភិវឌ្ឍប្រភពធនធានមនុស្សឲ្យសម្របខ្លួនទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ …

ទី ២ ទំនាក់ទំនងរវាងអាស៊ាន និងបណ្តាដៃគូត្រូវបានពង្រឹង និងពង្រីក។ បណ្តាប្រទេសជាដៃគូបានសំដែងឡើងនូវការយកចិត្តទុកដាក់ និងគោលបំណងចង់ជំរុញទំនាក់ទំនងជាមួយអាស៊ាន ហើយផ្តល់គំនិតផ្តួចផ្តើម និងលើកឡើងកិច្ចសហប្រតិបត្តិការថ្មីៗ។ អញ្ចឹងទេ យើងអាចនិយាយបានថា តាមរយៈកិច្ចប្រជុំលើកនេះ ឋានៈ តួនាទីរបស់អាស៊ាន និងតួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់ត្រូវបានបន្តជំរុញ ហើយទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីបណ្តាប្រទេសជាដៃគូ។

អ្នកយកព័ត៌មាន៖ តើបញ្ហាក្តៅៗអ្វីខ្លះដែលរដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីបណ្តាប្រទេសជាដៃគូពិភាក្សាជាមួយគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ?

លោកអនុរដ្ឋមន្ត្រី Nguyen Quoc Dung៖ នៅកិច្ចប្រជុំលើកនេះ រដ្ឋមន្ត្រីទាំងឡាយបានយកចិត្តទុកដាក់ដល់បញ្ហាជាច្រើន មានជាអាថ៌គឺ៖ សង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិកជាមួយចិន ការរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី កិច្ចព្រមព្រៀង RCEP និងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងជប៉ុន និងកូរ៉េខាងត្បូងជាដើម។ ស្តីពីបញ្ហាសន្តិសុខ រដ្ឋមន្ត្រីទាំងឡាយបានពិភាក្សាអំពីសភាពការណ៍សមុទ្រខាងកើត បញ្ហាឧបទ្វីបកូរ៉េ សភាពការណ៍រដ្ឋ Rakhine នៅប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាការប្រឆាំងនឹងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ...

អ្នកយកព័ត៌មាន៖ លោកបាននិយាយថា បណ្តាប្រទេសមានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសមុទ្រខាងកើត។ តើលោកអនុរដ្ឋមន្ត្រីអាចឲ្យដឹងថា បណ្តាប្រទេសវាយតម្លៃយ៉ាងដូចម្តេចអំពីការប្រែប្រួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត?

លោកអនុរដ្ឋមន្ត្រី Nguyen Quoc Dung៖ រដ្ឋមន្ត្រីជាច្រើនរូបបានសម្តែងឡើងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីការប្រែប្រួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត។ ប្រទេសទាំងឡាយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ហើយស្នើឲ្យភាគីនានាគោរពច្បាប់អន្តរជាតិជាពិសេស អនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នៅឆ្នាំ ១៩៨២ ព្រមទាំងអំពាវនាវឲ្យភាគីនានាអត់ធ្មត់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ DOC ដោយមានបំណងចង់សម្រេចឲ្យបាន COC យ៉ាងឆាប់ៗ ប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព។

អ្នកយកព័ត៌មាន៖ តើលោកអនុរដ្ឋមន្ត្រីអាចឲ្យដឹងថា បណ្តាប្រទេសជាដៃគូវាយតម្លៃយ៉ាងដូចម្តេចអំពីឯកសារទស្សនៈរបស់អាស៊ានលើ មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក?

លោកអនុរដ្ឋមន្ត្រី Nguyen Quoc Dung៖ ឯកសារនេះបានបង្ហាញពីទស្សនៈរបស់អាស៊ានស្តីពីកិច្ចសហប្រតិបត្តិការនៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ដែលរួមមានបណ្តាគោលការណ៍ និងលក្ខណៈវិនិច្ឆ័យដែលអាស៊ានកំណត់ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ នយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍនៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ គោលការណ៍ និងលក្ខណៈវិនិច្ឆ័យទាំងនេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅលើពិភពលោក ហេតុនេះហើយបានជាបណ្តាប្រទេសជាដៃគូរបស់អាស៊ានបានគាំទ្រដែរ។ ការអនុវត្តកិច្ចសហប្រតិបត្តិការនាពេលខាងមុខ នឹងពិភាក្សាបន្តក្នុងអាស៊ាន។

អ្នកយកព័ត៌មាន៖ តើលោកអនុរដ្ឋមន្ត្រីវាយតម្លៃយ៉ាងដូចម្តេចអំពីសេចក្តីប្រកាសរួមនៃកិច្ចប្រជុំលើកនេះ?

លោកអនុរដ្ឋមន្ត្រី Nguyen Quoc Dung៖ នៅកិច្ចប្រជុំលើកនេះ ប្រទេសទាំងឡាយមានការខិតខំប្រឹងប្រែងជាច្រើនក្នុងស្មារតីសុឆន្ទៈ កសាង យល់ដឹងគ្នាទៅវិញទៅមក និងចែករំលែកការយកចិត្តទុកដាក់ពីគ្នា។ អាស៊ានបានចេញសេចក្តីប្រកាសរួម ដែលខ្ញុំគិតថា មានខ្លឹមសារល្អលើគ្រប់ជ្រុងជ្រោយ និងបង្ហាញយ៉ាងពេញលេញនូវលទ្ធផលនៃដំណើរការសហប្រតិបត្តិការអាស៊ាន និងឆ្លុះបញ្ចាំងពីបញ្ហានានាដែលបណ្តាប្រទេសមានការយកចិត្តទុកដាក់ដូចគ្នា។

អ្នកសារព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Huyen Trang