leftcenterrightdel
នាយករដ្ឋមន្ត្រីប្រទេសអាមេនី លោក Nikol Pashinyan (រូបថត៖ vnanet.vn)

មានទីតាំងស្ថិតនៅតំបន់អាស៊ីខាងលិចនៅក្នុងតំបន់ Caucasus ដោយមានព្រំប្រទល់ជាមួយ និងប្រទេស Azerbaijan, Georgia, Turkey និងអុីរ៉ង់ សាធារណរដ្ឋអាមេនី មានផ្ទៃដីចំនួន ២៩,៧៤៣ គីឡូម៉ែត្រការ៉េ ដែលមានប្រជាជន ២.៩៨ លាននាក់ (គិតត្រឹមខែធ្នូ ឆ្នាំ២០១៧)។ ឆ្លងកាត់ការបត់បែននៃប្រវត្តិសាស្ត្រជាច្រើនតាំងពីពាក់កណ្តាលទសវត្ស ១៩៩០ នោះ អាមេនី ចាប់ផ្តើមធ្វើការកែទម្រង់សេដ្ឋកិច្ចដោយផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចទីផ្សារ។ អាមេនី បានធ្វើឯកជនភាវូបនីយកម្ម និងកែទម្រង់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុដើម្បីទាក់ទាញការវិនិយោគបរទេស និងលើកទឹកចិត្តដល់ផលិតកម្មក្នុងស្រុក។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះអត្រាកំណើនរបស់អាមេនីមានស្ថិរភាព និងអតិផរណាទាប។ អាមេនីមានសក្តានុពលក្នុងការផលិត និងនាំចេញគ្រឿងអេឡិចត្រូនិចទំនើបៗ ស្ពាន់ ខ្សែកាប បារី ទឹកដោះគោ សាច់ ស្រាកូញាក់ គ្រឿងអលង្ការ និងមានតំរូវការនាំចូលបណ្តាប្រភេទធញ្ញជាតិ ស្ករ ផលិតផលបច្ចេកវិទ្យាខ្ពស់ឥន្ធនៈ។

ក្នុងនាមជាប្រទេសមួយដែលមានធនធានធម្មជាតិតិចតួច ដោយមានភូមិសាស្ត្រមិនអំណោយផលនោះបានជាតំលៃនៃវិស័យផលិតកម្មកសិកម្ម និងឧស្សាហកម្មរបស់ប្រទេសអាមេនី ស្រូបយកអត្រាតិចតួចនៃផលិតផលក្នុងស្រុកសរុប ហើយត្រូវតែអាស្រ័យយ៉ាងខ្លាំងទៅលើប្រភពវត្ថុធាតុដើមនៅក្រៅប្រទេស។ ប្រទេសអាមេនីមានគោលនយោបាយ យន្តការល្អដែលទាក់ទាញអាណិកជនអាមេនី រស់នៅក្រៅប្រទេសផ្ទេររូបិយប័ណ្ណមកប្រទេសវិញ ហើយជារៀងរាល់ឆ្នាំពួកគេបានផ្ទេររូបិយប័ណ្ណបរទេសជាច្រើនទៅប្រទេសវិញ ដែលរួមចំណែកដល់ថវិការដ្ឋ។ យោងតាមការស្ថិតិនៅឆ្នាំ២០១៧ ទឹកប្រាក់ផ្ទេរពីបរទេសទៅអាមេនីមានចំនួន១.៧៦ ពាន់លានដុល្លារ។

ក្នុងកិច្ចការបរទេស អាមេនី បានអនុវត្តទំនាក់ទំនងពហុភាគីប្រកបដោយតុល្យភាពមានទំនាក់ទំនងជាមួយរុស្ស៊ី ប្រទេសលោកខាងលិច និងសហភាពអឺរ៉ុប ដើម្បីពង្រីកការវិនិយោគទុន និងទាក់ទាញដើមទុនបរទេសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាការធានាសន្តិសុខជាតិ។ បច្ចុប្បន្នប្រទេសអាមេនីគឺជាសមាជិកនៃអង្គការអន្តរជាតិ និងតំបន់ជាង៤០  ដែលរួមមានអង្គការសហប្រជាជាតិ សហគមន៍ប្រទេសឯករាជ្យ (SNG) អង្គការសន្តិសុខ និងសហប្រតិបត្តិការនៅទ្វីបអឺរ៉ុប (OSCE) អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌ អង្គការសហប្រជាជាតិ (អង្គការយូណេស្កូ) ក្រុមប្រឹក្សាអឺរ៉ុប អង្គការពាណិជ្ជកម្មពិភពលោក (WTO) អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច សមុទ្រខ្មៅ សហគមន៍ភាសាបារាំង ... អាមេនីក៏បានចូលរួមយ៉ាងសកម្មក្នុងបណ្តាយន្តការសហប្រតិបត្តិការផ្សេងទៀតដូចជា៖ ចលនាមិនចូលបក្សសម្ព័ន្ធ ការចូលរួមក្នុងកម្មវិធីដៃគូសន្តិភាពនៃអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) ។

វៀតណាម និងអាមេនី បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩២។ ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានរក្សា និងពង្រឹងទំនាក់ទំនងនយោបាយល្អ។ សាធារណរដ្ឋអាមេនី បានផ្តល់ឱ្យវៀតណាមនូវជំនួយ ការគាំទ្រដ៏មានតម្លៃក្នុងការកសាង និងការពារប្រទេស រួមទាំងការជួយបណ្តុះបណ្តាលកម្មាភិបាល និងនិស្សិតវៀតណាម។ នាសព្វថ្ងៃនេះ ភាគីទាំងពីរតែងតែសម្របសម្រួល គាំទ្រគ្នាទៅវិញទៅមកក្នុងវេទិការអន្តរជាតិ និងរឹតបន្តឹងទំនាក់ទំនងរវាងស្ថាប័នគ្រប់ជាន់ថ្នាក់នឹងគ្នា លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័ន និងតំបន់នៃប្រទេសទាំងពីរដោយហេតុនេះបង្កើនទំនុកចិត្តផ្នែកនយោបាយ ការយោគយល់គ្នាទៅវិញទៅមក ការបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់ការពង្រីក និងការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគនិងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។

វៀតណាម និងអាមេនី មានយន្តការអន្តររដ្ឋាភិបាលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ - បច្ចេកទេស។ ដោយសារភូមិសាស្ដ្របានជាសក្ដានុភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងអាមេនី និងវៀតណាមនៅតែមានកំរិតតិចតួចនៅឡើយ។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងអាមេនីនៅឆ្នាំ២០១៥ បានកើនឡើងដល់ ៦.១  លានដុល្លារ។ ក្នុងឆ្នាំ២០១៦ គឺ ២.៤ លានដុល្លាអាមេរិក (ថយចុះ ៦២% បើធៀបនឹងឆ្នាំ ២០១៥)។ ឆ្នាំ២០១៨ គឺ ៣.៦ លានដុល្លារអាមេរិក។ ការដែលវៀតណាម និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៥ នៅខេត្ត Burabai ប្រទេស Kazakhstan បានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងអាមេនី។

ក្នុងបរិបទដែលទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព យើងជឿជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan និងលោកជំទាវ នឹងទទួលជោគជ័យ ធ្វើឲ្យទំនាក់ទំនងវៀតណាម -អាមេនី បន្តរីកចម្រើននៅក្នុងគ្រប់វិស័យដែលភាគីទាំងពីរមានសក្តានុពល មានតម្រូវការ និងមានអត្ថប្រយោជន៍៕

បកប្រែដោយ Minh Trung