ឆ្លងកាត់ដំណាក់កាលជាច្រើនក្នុងប្រវត្ដិសាស្ដ្រ ប្ប្រទេសរុស្ស៊ីឥឡូវនេះបានក្លាយជាប្រទេសមួយវិបុលភាព ប្រជាធិបតេយ្យ និងមានប្រព័ន្ធនយោបាយប្រកបដោយស្ថិរភាព។ សហព័ន្ធរុស្ស៊ីទទួលបានសមិទ្ធផលដ៏ធំធេងជាច្រើនក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច សង្គម។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គុណភាពនៃជីវភាពរស់នៅ និងអាយុកាលជាមធ្យមរបស់ប្រជាជនបានកើនឡើង។

leftcenterrightdel
"វេទិកាធុរកិច្ចវៀតណាម-រុស្ស៊ី" ដែលប្រព្រឹត្តទៅនៅទីក្រុង Saint Petersburg នាថ្ងៃ២៥ ខែមេសា

សហព័ន្ធរុស្ស៊ីបានយកចិត្តទុកដាក់ដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាកន្លែងដែលកំពុងក្លាយទៅជាមណ្ឌលសេដ្ឋកិច្ច នយោបាយរបស់ពិភពលោក។ ក្នុងនោះ រុស្ស៊ីចាត់ទុកវៀតណាមគឺជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ជាងគេក្នុងតំបន់នេះ។ កិច្ចសហការរវាងប្រទេសទាំងពីរដោយផ្អែកលើបទពិសោធន៍ក្នុងរយៈពេលជិត ៧០ ឆ្នាំកន្លងមកចាប់តាំងពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥០។ ប្រទេសទាំងពីរទទួលបានជោគជ័យក្នុងការកសាងមូលដ្ឋានគ្រឹះដើម្បីជម្រុញ“ទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយ” តាមរយៈនោះតម្លើងទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយ”។

ក្នុងរយៈពេល ២ ឆ្នាំកន្លងមក ថ្នាក់ដឹកនាំសហព័ន្ធរុស្ស៊ី និងវៀតណាមបានមានដំណើរទស្សនកិច្ចទ្វេភាគីចំនួន៤គឺ៖ ដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីចំនួន២ របស់លោកអគ្គលេខាបក្ស Nguyen Phu Trong (បច្ចុប្បន្ននេះគឺជាអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong) និងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ជាមួយគ្នានោះដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមរបស់នាយករដ្ឋមន្រ្តីរុស្ស៊ី លោក D.A.Medvedev និងលោក V.V.Volodin ប្រធានសភា Duma ជាតិរុស្ស៊ី។

កក្តាមួយក្នុងចំណោមកក្តាសំខាន់បំផុតនៃទំនាក់ទំនងរុស្ស៊ី-វៀតណាមគឺជាកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាង១៥% លើស ៦ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនោះ សហព័ន្ធរុស្ស៊ីនិងវៀតណាមនៅមានកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វិទ្យាសាស្រ្ត បច្ចេកទេស បច្ចេកវិទ្យា អប់រំ និងបណ្ដុះបណ្ដាល វប្បធម៌ និងទេសចរណ៍។ ប្រទេសទាំងពីរក៏បានសហការយ៉ាងជិតស្និទ្ធនៅលើឆាកអន្តរជាតិ និងក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ ឬវេទិកាសន្ទនាក្នុងតំបន់ផងដែរ។

យោងតាមលោក K.V.Vnukov ឯកអគ្គរដ្ឋទូតវិសាមញ្ញពេញសមត្ថភាពសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមបានឲ្យដឹងថា កិច្ចសហការរវាងប្រទេសទាំងពីរដោយផ្អែកលើបទពិសោធន៍ប្រវត្តិសាស្ត្រ មិត្តភាពជាប្រពៃណី និងមនោសញ្ចេតនាគោរពគ្នាទៅវិញទៅមក។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តពង្រឹង និងពង្រីកដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh