ដោយទទួលបានសម្លេងគាំទ្រ ១៩២ ក្នុងចំណោមប្រទេសសមាជិកសរុបចំនួន ១៩៣ ដែលចូលរួមបោះឆ្នោត វៀតណាមត្រូវបានជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្ដិ២០២០-២០២១។ នេះគឺជាលើកទី២ ហើយដែលវៀតណាមទទួលបានការគាំទ្រពីសមាជិកអង្គការសហប្រជាជាតិ។ ការទទួលបានតួនាទីនេះ វៀតណាមនឹងបន្តរួមវិភាគទានជាវិជ្ជមានដល់ការខិតខំប្រឹងប្រែងរួមរបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

leftcenterrightdel
តំណាងប្រទេសប្រចាំនៅអង្គការសហប្រជាជាតិជាច្រើនអបអរសាទរវៀតណាម (រូបថត៖ vnanet.vn)

ព្រឹត្តិការណ៍នេះក៏បង្ហាញថា តួនាទីនិងកិត្យានុភាពរបស់វៀតណាមត្រូវបានលើកកម្ពស់ក្នុងក្រសែភ្នែករបស់មិត្តភក្តិអន្តរជាតិ។ បន្ទាប់ពីការប្រកាសលទ្ធផលជាផ្លូវការ ទីភ្នាក់ងារព័ត៌មាននៅទូទាំងពិភពលោកបានចេញផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍នេះ។ កាសែត Washington Times មានអត្ថបទសរសេរថា “សារៈសំខាន់របស់វៀតណាមចំពោះសន្តិសុខលើពិភពលោកបានកើនឡើងជាច្រើនបន្ទាប់ពីធ្វើជាម្ចាស់ផ្ទះវេទិកាសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ២០១៧ ដែលប្រព្រឹត្តឡើងនៅទីក្រុង Da Nang និងកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរ”។

នាថ្ងៃទី៨ ខែមិថុនា លោក Norikazu Suzuki អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានសម្ដែងនូវក្តីសប្បាយរីករាយចំពោះ វៀតណាមដោយត្រូវបានជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិអាណត្ដិ ២០២០-២០២១ ព្រមទាំងរំពឹងថា វៀតណាមនឹងពង្រីកតួនាទីជាអ្នកដឹកនាំមួយនៃសហគមន៍អន្តរជាតិក្នុងការរក្សាសន្តិភាពលើពិភពលោក។ សូមរំលឹកដែរថា បន្ទាប់ពីវៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តំណាងប្រទេសប្រចាំនៅអង្គការសហប្រជាជាតិជាច្រើនបានអបអរសាទរវៀតណាម។ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅអង្គការសហប្រជាជាតិ Gillian Bird បានសម្ដែងក្តីរីករាយចំពោះសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មានសមាជិកមួយទៀតដែលមានវត្តមាននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។

អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Kamal Malhotra សន្យាថា នឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងតួនាទីជាសមាជិកថ្មីនៃក្រុមប្រឹក្សាសន្តិសុខ។ លោក Kamal Malhotra សង្កត់ធ្ងន់ថា ក្នុងឋានៈជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ វៀតណាមនឹងមានឱកាសដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួន និងមានតួនាទីសំខាន់ក្នុងព្រឹត្តិការណ៍ក្នុងតំបន់ និងលើសកលលោក។ លោក Hunter Marston អតីតជំនួយការស្រាវជ្រាវជាន់ខ្ពស់របស់វិទ្យាស្ថាន Brookings នៅអាមេរិក បានឲ្យដឹងថា ការដែលវៀតណាមត្រូវបានជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្ដិ ២០២០-២០២១ មានអត្ថន័យដ៏សំខាន់។ វៀតណាមបានបង្ហាញពីតួនាទីកាន់តែកើនឡើងរបស់ខ្លួនក្នុងវិស័យពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ និងសន្តិសុខនៅតំបន់អាស៊ីអាគ្នេយ៍។

យោងតាមលោក Hunter Marston បានឲ្យដឹងថា នៅឆ្នាំ២០២០ ក៏ជាពេលដែលវៀតណាមនឹងធ្វើប្រធានប្តូរវេនអាស៊ានដែរ នេះគឺជាឱកាសដ៏ធំមួយសម្រាប់វៀតណាមក្នុងការរួមវិភាគទានជាក់ស្ដែងដល់បញ្ហាអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយថែមទៀតអំពីរូបភាពនៃទឹកដី និងមនុស្សវៀតណាម។

ដោយមានបទពិសោជន៍នៅអាណត្ដិឆ្នាំ ២០០៨-២០០៩ ការគាំទ្រពីសហគមន៍អន្តរជាតិ និងការប្ដេជ្ញចិត្តក្លាយជា“ដៃគូជឿទុកចិត្តដើម្បីសន្តិភាពប្រកបដោយចីរភាព” វៀតណាមមានសមត្ថភាពដើម្បីអនុវត្តល្អភារកិច្ចបំពេញតាមការរំពឹងទុករបស់ប្រទេសដែលគាំទ្រវៀតណាម។ នេះក៏ជាឱកាសសម្រាប់វៀតណាមបន្តមានការរួមវិភាគទានជាវិជ្ជមាន និងមានការទទួលខុសត្រូវចំពោះអង្គការសហប្រជាជាតិនិយាយរួម និងក្រុមប្រឹក្សាសន្តិសុខនិយាយដោយឡែក៕

បកប្រែដោយ Thuy Anh