វៀតណាមបានចូលជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាជាតិកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៧។ បន្ទាប់មក ទំនាក់ទំនងរវាងវៀតណាម និងអង្គការសហប្រជាជាតិបានអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។ កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការសហប្រជាជាតិជាឧទាហរណ៍ដ៏ល្អមួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងបណ្តាប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ ក៏ដូច​ជាតួនាទីរបស់អង្គការសហប្រជាជាតិក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានប្រសាសន៍នៅសម័យពេញអង្គរបស់កិច្ចប្រជុំកំពូលលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (អាមេរិក) កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៨

 

កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការសហប្រជាជាតិសម្រេចបានលទ្ធផលល្អជាច្រើន និងមានផលប៉ះពាល់ដ៏វិជ្ជមាន ហើយឆ្លើយតបទៅនឹងតម្រូវការរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃដំណាក់កាលនីមួយៗ។ លទ្ធផលទាំងនេះបាន ជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់វៀតណាម និងអង្គការសហប្រជាជាតិក្នុងការពុះពារជម្នះបញ្ហាដែលនៅសេសសល់ ហើយលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ព្រមទាំងគាំទ្រយ៉ាងសកម្មដល់បុព្វហេតុកសាងប្រទេសជាតិរបស់វៀតណាម រួមចំណែកលើកកម្ពស់តួនាទីរបស់អង្គការសហប្រជាជាតិ។

ចាប់តាំងពីពេលចូលជាសមាជិកនៃអង្គការសហប្រជាជាតិ វៀតណាមទទួលបានការគាំទ្រយ៉ាងធំធេងពីអង្គការនានារបស់សហប្រជាជាតិ ព្រមទាំងវៀតណាមបានបង្ហាញពីតួនាទីរបស់ប្រទេសជាសមាជិកសកម្មនិងមានការទទួលខុសត្រូវនៃអង្គការពិភពលោកនេះ។ ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការបង្កើត និងការអនុវត្តកតិកាសញ្ញាអន្តរជាតិទាំងឡាយរបស់អង្គការសហប្រជាជាតិ។ វៀតណាមបានរួមចំណែកក្នុងការខិតខំប្រឹងប្រែងរួម ដើម្បីជំរុញអង្គការសហប្រជាជាតិ ពង្រីកតួនាទីជាអង្គការនយោបាយពហុភាគីជាសកល យុត្តិធម៌ មានប្រសិទ្ធិភាព ឆ្លើយតបទៅនឹងសេចក្ដីប្រាថ្នារួមនៃមនុស្សលោក។

វៀតណាមបានចូលរួមក្នុងស្ថាប័នតាក់តែងគោលនយោបាយសំខាន់ៗជាច្រើនរបស់អង្គការសហប្រជាជាតិដូចជា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០០៨-២០០៩; ក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០១៤-២០១៦; ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម (ECOSOC) អាណត្តិ១៩៩៨-២០០០ និងក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការ UNESCO អាណត្តិ២០១៣-២០១៧។ វៀតណាមបានរួមវិភាគទានជាវិជ្ជមានជាច្រើនក្នុងការរំសាយសព្វាវុធ និងការប្រឆាំងនឹងការរីកសាយអាវុធ ជាពិសេសការរំសាយអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកផ្សេងៗទៀត។ នៅឆ្នាំ ២០១៧ ប្រទេសវៀតណាមជាប្រទេសមួយក្នុងចំណោម ៥២ ប្រទេសដំបូងបង្អស់ដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ។ នៅឆ្នាំ ២០១៨ ប្រទេសវៀតណាមជាប្រទេសទី ១០ ដែលផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ។ ជាពិសេសវៀតណាមបានខំប្រឹងប្រែងយ៉ាងសកម្មក្នុងការរួមវិភាគទានដល់សកម្មភាពរបស់អង្គការសហប្រជាជាតិលើវិស័យសន្តិភាព និងសន្តិសុខអន្តរជាតិ ជាពិសេសការបញ្ជូនកម្លាំងទៅចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ដោយមានសភាពការណ៍នយោបាយប្រកបដោយស្ថិរភាព និងមានបរិស្ថានសន្តិសុខប្រកបដោយសុវត្ថិភាព វៀតណាមមានបទពិសោធន៍ជាច្រើនក្នុងការរៀបចំសន្និសីទអន្តរជាតិប្រកបដោយជោគជ័យនិងសុវត្ថិភាព។ តាមរយៈការរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២ កាលពីខែកុម្ភៈ ឆ្នាំនេះ ប្រទេសវៀតណាមបានបង្ហាញជាថ្មីម្តងទៀតនូវតួនាទីរបស់ប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ ដែលមានការទទួលខុសត្រូវចំពោះការងារជាទូទៅ រួមចំណែកយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងដើម្បីសម្របសម្រួលនិងបង្កើតសន្តិភាពនៅក្នុងតំបន់និងលើពិភពលោក។

នាពេលខាងមុខ វៀតណាមបន្តរួមវិភាគទានជាវិជ្ជមានក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់និងនៅលើពិភពលោក។ វៀតណាមខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិឲ្យកាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាពថែមទៀត៕

បកប្រែដោយ Huyen Trang