leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកនាយករដ្ឋមន្ត្រី Medvedev ពិភាក្សាការងារ

ក្នុងឱកាសនេះអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក To Anh Dung បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាសបញ្ចប់ដំណើរទស្សនកិច្ចនេះ។

អ្នកសារព័ត៌មាន៖ ដំណើរទស្សនកិច្ចនៅសហភាពអឺរ៉ុបរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ស្របនឹងពេលរំលឹកខួបអនុស្សាវរីយ៍ធំៗក្នុងទំនាក់ទំនងជាមួយបណ្តាប្រទេសដែលមកដល់។ តើលោកអាចចែករំលែកអំពីអត្ថន័យ និងខ្លឹមសារនៃដំណើរទស្សនកិច្ចលើកនេះ?

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក To Anh Dung៖

ប្រទេសចំនួន២ក្នុងចំណោមប្រទេសទាំង៣ដែលនាយករដ្ឋមន្ត្រីបានមកបំពេញទស្សនកិច្ចលើកនេះគឺស្របឱកាសដែលពង្រាយរាល់សកម្មភាពរំលឹកខួបអនុស្សាវរីយ៍សំខាន់ៗ។ ចំពោះសហព័ន្ធរុស្ស៊ី ភាគីទាំងពីរបានប្រារព្ធខួបលើកទី២៥  នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ (១៩៩៤-២០១៩) ទន្ទឹមនឹងនោះ គឺការត្រៀមរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៥០-២០២០)។ ទាំងនោះសុទ្ធតែជាព្រឹត្តការណ៍សំខាន់ដែលកត់សម្គាល់ដំណាក់កាលអភិវឌ្ឍន៍ដ៏សំខាន់នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ទំនាក់ទំនងនេះត្រូវបានឆ្លងកាត់ការសាកល្បងជាច្រើនតាមរយៈនៃការប្រែប្រួលនៃប្រវត្តិសាស្រ្ត និងត្រូវបានរឹតបន្តឹងជាបន្តបន្ទាប់។ លោក Medvedev នាយករដ្ឋមន្រ្តីនៃសហព័ន្ធរុស្ស៊ីបាននិយាយថា នោះគឺបណ្តាទស្សវត្សរ៍នៃចំណងមិត្តភាពនិងការយល់ចិត្តពីគ្នា។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាម និងរុស្ស៊ី គឺមានភាពស្និទ្ធស្នាល និងស្មោះត្រង់។

ជាពិសេសក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងលោកនាយករដ្ឋមន្ត្រី Medvedev បានរួមគ្នាបើកសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ឆ្នាំវៀតណាម - រុស្ស៊ី (ឆ្នាំវៀតណាមនៅរុស្ស៊ី)។ នេះជាព្រឹត្ដិការណ៍ដ៏សំខាន់ដែលត្រូវបានធ្វើឡើងជាលើកដំបូងដោយមានព្រឹត្តិការណ៍ជាង ២០០ ដែលនឹងត្រូវបានប្រារព្ធនៅប្រទេសទាំងពីរ។

នៅឆ្នាំ២០១៩នេះ  វៀតណាម និងស៊ុយអែតក៏ប្រារព្ធខួបលើកទី៥០នៃការបង្កើតទំនាក់ទំនងការទូត។ គ្មានជនវៀតណាមណាម្នាក់អាចបំភ្លេចរូបភាពរបស់នាយករដ្ឋមន្ត្រី Olof Palme ដែលដឹកនាំក្រុមបាតុករប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់អាមេរិកនៅវៀតណាមក្នុងទសវត្សរ៍ឆ្នាំ៦០។  ប្រទេសស៊ុយអែតបានក្លាយទៅជាប្រទេសលោកខាងលិចដំបូងគេដែលទទួលស្គាល់និងបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (ខែមករា ឆ្នាំ១៩៦៩) ហើយបានផ្តល់ឱ្យវៀតណាមនូវជំនួយជ្រោមជ្រែងដ៏ធំធេងស្មោះសក្នុងទសវត្សរ៍ជាច្រើន។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ក្នុងឱកាសនេះគឺជាដំណើរទស្សនកិច្ចមួយដ៏ពោរពេញទៅដោយមនោសញ្ចេតនា នៅពេលដែលភាគីទាំងពីរបានរំលឹកឡើងវិញអំពីការចងចាំនៃទំនាក់ទំនងប្រវត្តិសាស្ត្រជិតស្និតតាមរយៈរាល់រឿងរ៉ាវ ការប្រជុំនិមួយៗជាមួយមិត្តភក្តិស៊ុយអែត។

ចំពោះន័រវែសទោះបីជាវាមិនមែនជាខួបរំលឹកធំក៏ដោយ ប៉ុន្តែនេះក៏ជាប្រទេសលោកខាងលិចដែលបានបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមពីយូរមកហើយ ប្រទេសទាំងពីរក៏នឹងរៀបចំរាល់សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២១។ ប្រជាជនន័រវែសជានិច្ចបង្ហាញពីសេចក្តីស្រឡាញ់ និងការគាំទ្រចំពោះបុព្វហេតុនៃការតស៊ូ និងការអភិវឌ្ឍរបស់ប្រជាជនវៀតណាម។

អ្នកសារព័ត៌មាន៖ តើលោកអនុរដ្ឋមន្ដ្រីវាយតំលៃលទ្ធផលនៃដំណើរទស្សនកិច្ចនេះចំពោះការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូទាំងនេះយ៉ាងដូចម្តេច?

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក To Anh Dung៖

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទៅកាន់ប្រទេសទាំងបី បង្ហាញឲ្យឃើញថា ទំនាក់ទំនងរបស់វៀតណាមជាមួយរុស្ស៊ី ស៊ុយអ៊ែត និងន័រវែស មានការរីកចម្រើនកាន់តែច្រើន និងទូលំទូលាយនៅក្នុងវិស័យជាច្រើន។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំរុស្ស៊ីបានឯកភាពថាទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានសក្តានុពលជាច្រើនដែលត្រូវការធ្វើអាជីវកម្ម។ មានកិច្ចសហប្រតិបត្តិការជាច្រើន ដែលមានលក្ខណៈយុទ្ធសាស្រ្តផង និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រទេសទាំងពីរផង។ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើរាល់ទិសដៅយុទ្ធសាស្ត្រ និងវិធានការជាក់លាក់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យនាពេលខាងមុខ។ បានឯកភាពបន្តអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប ខិតខំសម្រេចឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម - រុស្ស៊ីពីជិត ៥ ពាន់លានដុល្លារដល់ ១០ ពាន់លានដុល្លារក្នុងឆ្នាំ២០២០ និងឆ្នាំក្រោយៗ។

ថ្នាក់ដឹកនាំដឹកនាំនៃប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាថា ទន្ទឹមនឹងការពង្រឹងបន្ថែមទៀតនូវវិស័យសហប្រតិបត្តិការប្រពៃណីដូចជាថាមពលប្រេងនិងឧស្ម័ន ការការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយប្រទេសទាំងពីរចាំបាច់ត្រូវអនុវត្តយ៉ាងសកម្មយ៉ាងខ្លាំងក្លានូវទិសដៅថ្មីៗនៃកិច្ចសហប្រតិបត្តិការនៅបណ្តាវិស័យនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការអភិវឌ្ឍ បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាឌីជីថល ទីក្រុងឆ្លាតវៃ រដ្ឋាភិបាលអេឡិចត្រូនិក... ដែលប្រការនេះនឹងរួមចំណែកដល់មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីទៅកាន់ប្រទេសន័រវែស និងស៊ុយអែតលើកនេះក៏មានកិច្ចសហការសំខាន់ៗជាច្រើនផងដែរ។ ប្រទេសទាំងពីរមានការប្តេជ្ញាខ្ពស់ក្នុងការជំរុញកិច្ចព្រមព្រៀងសំខាន់ៗជាមួយវៀតណាម។ នាយករដ្ឋមន្ត្រីស៊ុយអែតលោក Stefan Loefven បានគាំទ្រចំពោះការចុះហត្ថលេខាអនុម័ត និងការអនុវត្តឲ្យបានឆាប់ៗនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) រវាងវៀតណាម និងសហភាពអឺរ៉ុប។ នាយករដ្ឋមន្ត្រីន័រវែសបានព្រមព្រៀងពន្លឿនកិច្ចចរចាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ។ លទ្ធផលនៃការផ្លាស់ប្តូរក្នុងដំណើរទស្សនកិច្ចលើកនេះបង្ហាញនូវសក្តានុពលថ្មីៗនិងជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ រីឯជាមួយន័រវែសវិញ ការផ្តួចផ្តើមជាច្រើនទាក់ទងទៅនឹងសេដ្ឋកិច្ចសមុទ្រប្រេងនិងឧស្ម័ន ថាមពលកកើតឡើងវិញ កំណើនបៃតង... ត្រូវបានពិភាក្សាដោយដៃគូ ។

ជាមួយប្រទេសស៊ុយអែតគំនិតអំពីទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍប្រកបដោយនិរន្តរភាពភាព និងផ្លាស់ថ្មី ច្នៃប្រឌិតដែលបានលើកឡើងនៅក្នុងដំណើរទស្សនកិច្ច នៅដើមខែឧសភាឆ្នាំ២០១៩ ដោយព្រះរាជបុត្រី ជាព្រះរាជទាយាទស៊ុយអែត ត្រូវបានពិភាក្សាបន្ថែមទៀតក្នុងដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ។ សមិទ្ធិផលរបស់ប្រទេសស៊ុយអែតក្នុងបច្ចេកវិទ្យា និងការច្នៃប្រឌិតរួមជាមួយក្រុមហ៊ុនស៊ុយអែត និងអង្គការនានារបស់ស៊ុយអែតមានគម្រោងវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាមដែលជាគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរ។

អ្នកសារព័ត៌មាន៖ តើលទ្ធផលនៃដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដល់ការជំរុញទំនាក់ទំនងការបរទេស និងការធ្វើសមាហរណកម្មក៏ដូចជាការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ប្រទេសយ៉ាងដូចម្តេច?

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក To Anh Dung៖

តាមរយៈដំណើរទស្សនកិច្ចនេះភាពរឹងមាំនៃទំនាក់ទំនងរវាងវៀតណាម និងរុស្ស៊ីត្រូវបានបញ្ជាក់កាន់តែច្បាស់លាស់។ ក្នុងជំនួបទាំងអស់ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងលោកនាយករដ្ឋមន្រ្តី Medvedev និងថ្នាក់ដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់យ៉ាងខ្លាំងក្លាអំពីសារៈសំខាន់នៃការជឿទុកចិត្តគ្នាយ៉ាងជ្រាលជ្រៅក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - រុស្ស៊ី និងវៀតណាមគឺជាដៃគូសំខាន់របស់ប្រទេសរុស្ស៊ីនៅអាស៊ីអាគ្នេយ៍ និងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។ នេះគឺជាការធានាដ៏រឹងមាំសម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងប្រទេសទាំងពីរនាពេលអនាគត។

ប្រធានបទនៃកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍប្រកបដោយចីរភាពក្លាយជាស្មារតីរហូតនៃកិច្ចសហប្រតិបត្តិការជាមួយន័រវែស​និងស៊ុយអែត។ នោះគឺជារឿងរ៉ាវ នៃការការពារព្រៃឈើ ការការពារបរិស្ថាន ការកាត់បន្ថយកាកសំណល់ប្លាស្ទិច កាកសំណល់សមុទ្រ ការប្រឈមនឹងការប្រែប្រួលអាកាសធាតុលើទិដ្ឋភាពទ្វេភាគី និងពហុភាគី។

ថ្នាក់ដឹកនាំនៃប្រទេសទាំងអស់នេះសុទ្ធតែបានវាយតំលៃខ្ពស់ចំពោះតួនាទីក្នុងតំបន់និងអន្តរជាតិរបស់វៀតណាមដែលចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើរាល់វេទិការពហុភាគីនៅក្នុងបរិបទប្រទេសវៀតណាមឈរឈ្មោះជាបេក្ខភាពសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ បណ្តាប្រទេសក៏ចង់ឲ្យសម្លេងរបស់វៀតណាមដើម្បីពង្រឹងទំនាក់ទំនងជាមួយតំបន់ និងជាមួយអាស៊ាននៅពេលវៀតណាមក្លាយទៅជាប្រធានអាស៊ាននៅឆ្នាំ២០២០៕

បកប្រែដោយ Minh Trung