ប្រទេសវៀតណាមនិងប្រទេសន័រវែសបានបង្កើតទំនាក់ទំនងការទូតកាលពីថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ១៩៧១។ ប្រទេសន័រវែសបានជួយគាំទ្រការតស៊ូដើម្បីឯករាជ្យជាតិរបស់វៀតណាម។ ក្នុងប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងវៀតណាម-ន័រវែសបានអភិវឌ្ឍន៍យ៉ាងស្ថិរភាព។ ប្រទេសន័រវែសបានជួយវៀតណាមក្នុងការផ្លាស់ថ្មី ការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងសមាហរណកម្មអន្តរជាតិ។ ប្រទេសទាំងពីរបានធ្វើសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅវេទិកាពហុភាគីដូចជា៖ អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក(WTO) និងធនាគារពិភពលោក (WB)។ ភាគីទាំងពីរបានផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងមានជំនួបនៅខាងក្រៅកិច្ចប្រជុំ សិក្ខាសាលាអន្តរជាតិ។

leftcenterrightdel
លោក Nguyen Xuan Phuc ជួបទ្វេភាគីជាមួយលោកស្រី Erna Solberg នៅខាងក្រៅកិច្ចប្រជុំ ASEM ១២ នៅឆ្នាំ២០១៨ (រូបថត៖ vnanet.vn)

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម - វិនិយោគ នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-ន័រវែសទទួលបាន ៣៦៣ លានដុល្លារអាមេរិក។ បច្ចុប្បន្ន ប្រទេសន័រវែសមានគម្រោងវិនិយោគចំនួន ៤១ ដោយមានទុនចុះបញ្ជី ១៦៦ លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ ៤១/១៣០ ប្រទេស និងតំបន់ដែនដីដែលវិនិយោគនៅវៀតណាម។ មកដល់សព្វថ្ងៃនេះ ប្រទេសន័រវែសបានផ្ដល់ទឹកប្រាក់ជំនួយឥតសំណង ៣២០ លានដុល្លារអាមេរិកឲ្យវៀតណាម។ ប្រទេសន័រវែសជាប្រទេសមួយក្នុងចំណោមប្រទេសដែលនៅរក្សាបានជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់វៀតណាម។ គម្រោងដែលធ្វើហិរញ្ញប្បទានដោយប្រទេសន័រវែសកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាព រួមចំណែកក្នុងការជួយវៀតណាមសម្រេចមុនពេលកំណត់នូវគោលដៅអភិវឌ្ឍសហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ។

តាំងពីឆ្នាំ២០០៧ ប្រទេសន័រវែសបានផ្ដល់ហិរញ្ញប្បទានក្នុងវិស័យវប្បធម៌ឲ្យវៀតណាមតាមរយៈគម្រោង Transposition តភ្ជាប់អង្គការសិល្បៈចំនួន១២; ការរៀបចំកម្មវិធីប្រគំតន្ត្រីរួម; ការរៀបចំវគ្គហ្វឹកហ្វឹនរយៈពេលខ្លីសម្រាប់និស្សិតវៀតណាម។ល។

ប្រទេសន័រវែសបានផ្តល់អាហារូបករណ៍ឲ្យនិស្សិតវៀតណាម ជួយបណ្ដុះបណ្ដាលដើម្បីលើកកម្ពស់សមត្ថភាពឲ្យគ្រូបង្រៀន កម្មាភិបាលស្រាវជ្រាវនៃសាកលវិទ្យាល័យ និងវិទ្យាស្ថានវៀតណាម។ ប្រទេសន័រវែសក៏បានជួយវៀតណាមក្នុងការបណ្ដុះបណ្ដាលកម្មាភិបាលលើវិស័យដែលប្រទេសន័រវែសមានប្រៀបខ្លាំង។

កត្តាមួយក្នុងចំណោមកត្តារួមចំណែកជម្រុញទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យអភិវឌ្ឍយ៉ាងខ្លាំងក្លា​ គឺសហគមន៍ជនជាតិវៀតណាមនៅប្រទេសន័រវែសនេះផង។ បច្ចុប្បន្ន សហគមន៍ជនជាតិវៀតណាមនៅប្រទេសន័រវែសមានជាង ២០,០០០ នាក់ ក្នុងនោះជនជាតិវៀតណាមកាន់សញ្ជាតិណ័រវេសគឺ ៩០% នាក់។ ពួកគេគឺជាកត្តាសំខាន់ដែលជាស្ពានតភ្ជាប់និងជួយគាំទ្រក្នុងការជម្រុញទំនាក់ទំនងលើគ្រប់វិស័យទាំងអស់រវាងវៀតណាមនិងន័រវែស។

ក្នុងកាលៈទេសៈទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យកំពុងអភិវឌ្ឍស្ថិរភាព យើងជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រន័រវែសរបស់លោក Nguyen Xuan Phuc នឹងបញ្ចប់ប្រកបដោយជោគជ័យ ជម្រុញទំនាក់ទំនងវៀតណាម-ន័រវែសបន្តអភិវឌ្ឍន៍ខ្លាំងក្លាបន្ថែមទៀត៕

បកប្រែដោយ Thuy Anh