ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី។

 

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ឧសភា (រូបថត៖ vnanet.vn)

នាបច្ចុប្បន្ននេះ សហព័ន្ធរុស្ស៊ី ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៥ ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រមទាំងជាសមាជិកនៃ G20, ក្រុម BRICS និងអង្គការអន្តរជាតិ និងតំបន់ជាច្រើនទៀត។ អនុលោមតាមគោលនយោបាយការបរទេសដែលបានអនុម័តនៅឆ្នាំ២០១៦ ប្រទេសរុស្ស៊ីបានអនុវត្តគោលនយោបាយការបរទេសប្រកបដោយឯករាជ្យ ស្វ័យភាព និងបើកទូលំទូលាយ ដោយផ្អែកលើការការពារផលប្រយោជន៍ជាតិ និងការគោរពច្បាប់អន្តរជាតិ។ ប្រទេសរុស្ស៊ីចាត់ទុកតំបន់នៃសហគមន៍បណ្តាប្រទេសសហធននៃរដ្ឋឯករាជ្យ SNG ជាអាទិភាពចម្បង ក្នុងការបង្កើនការតភ្ជាប់ក្នុងតំបន់ ហើយវាយតម្លៃខ្ពស់ចំពោះតំបន់អាស៊ី - ប៉ាស៊ីហ្វិក។ ក្រៅពីនោះ ប្រទេសរុស្ស៊ីបានចូលរួមយ៉ាងសកម្មក្នុងយន្តការកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដូចជា APEC, កិច្ចប្រជុំកំពូល រុស្ស៊ី-អាស៊ាន, EAS, ARF, ASEM, ADMM+… ព្រមទាំងរុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសនៅក្នុងតំបន់ រួមទាំងវៀតណាម និងជំរុញការអភិវឌ្ឍលើវិស័យថាមពល បច្ចេកទេសយោធាទៀតផង។

ប្រវត្តិសាស្ត្របានបង្ហាញថា ទំនាក់ទំនងរវាងវៀតណាម និងអតីតសហភាពសូវៀត និងជាមួយសហព័ន្ធរុស្ស៊ីនាបច្ចុប្បន្ននេះកាន់តែរីកចម្រើនដ៏ល្អប្រសើរ។ អតីតសហភាពសូវៀតជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងនៅលើពិភពលោកដែលទទួលស្គាល់ និងបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម កាលពីថ្ងៃទី៣០ មករា ឆ្នាំ១៩៥០ ដែលជាគ្រឹះស្ថាននៃចំណងមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរក្រោយមក។

បន្ទាប់ពីអតីតសហភាពសូវៀតរលំរលាយ (កាលពីខែធ្នូ ឆ្នាំ១៩៩១) មក ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ និងមានផលប្រយោជន៍ទៅវិញទៅមករវាងវៀតណាម និងសហព័ន្ធរុស្ស៊ី បន្តត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។ ការដែលភាគីទាំងពីរចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពវៀតណាម-សហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ១៩៩៤ ក្នុងឱកាសអតីតនាយករដ្ឋមន្ត្រីវៀតណាម លោក Vo Van Kiet ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី បានបង្កើតមូលដ្ឋានគតិយុត្តសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងដំណាក់កាលអភិវឌ្ឍថ្មី។ ក្នុងឱកាសប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម (កាលពីថ្ងៃទី២៨ កុម្ភៈ ដល់ថ្ងៃទី២ មិនា ឆ្នាំ២០០១) ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ វៀតណាម និងរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ ទំនាក់ទំនងនយោបាយ វៀតណាម-រុស្ស៊ី មានទំនុកទុកចិត្តខ្ពស់ និងត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់បានប្រព្រឹត្តទៅជាប្រចាំ ដែលបង្កើតកម្លាំងចលករយ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានរក្សាយន្តការសហការ និងកិច្ចសន្ទនាជាច្រើនដូចជាកិច្ចសន្ទនាយុទ្ធសាស្ត្រការបរទេស ការពារជាតិ សន្តិសុខ ប្រចាំឆ្នាំ ថ្នាក់អនុរដ្ឋមន្ត្រីការបរទេស; កិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិជាដើម។ ទន្ទឹមនឹងនោះភាគីទាំងពីរបានរៀបចំការពិគ្រោះយោបល់នយោបាយជាប្រចាំ ថ្នាក់អនុរដ្ឋមន្ត្រីការបរទេស ថ្នាក់នាយកដ្ឋានក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នាលើបណ្តាបញ្ហាអន្តរជាតិ និងតំបន់ព្រមទាំងសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅបណ្តាវេទិកាអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ, APEC, ASEM ជាដើម។

ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀតណាម-សហព័ន្ធរុស្ស៊ី ក្នុងរយៈពេលកន្លងមក បានអភិវឌ្ឍយ៉ាងខ្លាំងក្លា ប៉ុន្តែនៅមិនទាន់សាកសមនឹងសក្តានុភាពរបស់ប្រទេសទាំងពីរឡើយ។ វៀតណាម និងបណ្តាប្រទេសសហភាពសេដ្ឋកិច្ច អាស៊ី-អឺរ៉ុប ដែលប្រទេសរុស្ស៊ីជាសមាជិកមួយ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពីថ្ងៃទី២៩ ឧសភា ឆ្នាំ២០១៥ និងចូលជាធរមានពីថ្ងៃទី៥ តុលា ឆ្នាំ២០១៦។ សកម្មភាពជួបប្រាស្រ័យវប្បធម៌ក៏ត្រូវបានរៀបចំឡើងជាប្រចាំ រួមចំណែកជំរុញការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។ ប្រទេសរុស្ស៊ីបន្តជាទីផ្សារទេសចរណ៍មួយក្នុងចំណោម ១០ ប្រទេសដែលអភិវឌ្ឍឈានមុខគេនៅវៀតណាម។ ភាគីទាំងពីរក៏បានយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល។ ប្រទេសរុស្ស៊ី បានជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្ស។ នាបច្ចុប្បន្ននេះ មាននិស្សិតវៀតណាមចំនួន ៥,០០០ នាក់ ដែលកំពុងសិក្សានៅប្រទេសរុស្ស៊ី។

ក្នុងបរិបទប្រទេសទាំងពីរនឹងរៀបចំឆ្នាំ វៀតណាម-រុស្ស៊ី និង រុស្ស៊ី-វៀតណាម ឆ្នាំ ២០១៩-២០២០ យើងជឿជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងទទួលបានជោគជ័យ រួមចំណែកជំរុញការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ វៀតណាម-សហព័ន្ធរុស្ស៊ីប្រកបដោយនិរន្តរភាព៕

បកប្រែដោយ Huyen Trang