គម្រោង “ខ្សែក្រវ៉ាត់ និងផ្លូវ” (BRI) ជាគំនិតផ្តួចផ្តើមរបស់ប្រធានរដ្ធចិន លោក ស៊ី ជីនពីង  ក្នុងឱកាសលោកបំពេញទស្សនកិច្ចជាលើកដំបូងនៅអាស៊ីកណ្តាល (នៅខែកញ្ញា ឆ្នាំ២០១៣) និងអាស៊ីអាគ្នេយ៍ (នៅខែតុលា ឆ្នាំ២០១៣)។ BRI លាតសន្ធឹងពីទ្វីបអាស៊ី ទៅទ្វីបអឺរ៉ុប ហើយអាចនឹងពង្រីកទៅដល់ទ្វីបអាហ្វ្រិក និងអាមេរិកឡាទីន រួមមាន ខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ (នៅលើដីគោក) និងផ្លូវសូត្រនៅលើសមុទ្រក្នុងសតវត្សទី២១។

ចំណុចសំខាន់ៗចំនួន ៥ នៃកិច្ចសហប្រតិបត្តិការដែលប្រទេសចិនស្នើឡើង ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមនេះ រួមមាន៖ ការតភ្ជាប់គោលនយោបាយ; ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ; ការតភ្ជាប់ពាណិជ្ជកម្ម និងការវិនិយោគ; ការតភ្ជាប់ហិរញ្ញវត្ថុ រូបិយវត្ថុ និងការតភ្ជាប់មនុស្ស។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងអគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ធចិន លោក ស៊ី ជីនពីង (រូបថត៖ baochinhphu.vn)

វេទិកាកិច្ចសហប្រតិបត្តិការ “ខ្សែក្រវ៉ាត់ និងផ្លូវ” លើកទី១  ត្រូវបានរៀបចំឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ដោយមានការចូលរួមពីប្រតិភូចំនួន ១,២០០ នាក់មកពីប្រទេស និងអង្គការអន្តរជាតិចំនួន១០០។ ក្នុងក្របខ័ណ្ឌនៃវេទិកា ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង ជាអធិបតីក្នុងកិច្ចប្រជុំតុមូល ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រមុខរដ្ឋាភិបាលនៃប្រទេសចំនួន ២៩ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ នាយកមូលនិធិរូបិយវត្ថុអន្ដរជាតិ និងប្រធានធនាគារពិភពលោក។

មកទល់សព្វថ្ងៃនេះ មានប្រទេស និងអង្គការអន្តរជាតិចំនួន ១៥០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានាដែលពាក់ព័ន្ធនឹងគំនិតផ្តូចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ” រួមទាំងការបង្កើនការតភ្ជាប់រវាងគំនិតផ្តូចផ្តើមនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេស ក្នុងតំបន់ ជាមួយគំនិតផ្តូចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ”។

នៅវេទិកាកិច្ចសហប្រតិបត្តិការ “ខ្សែក្រវ៉ាត់ និងផ្លូវ” លើកទី១ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន ២៩ បានឯកភាពលើគោលការណ៍សំខាន់ៗនៃកិច្ចសហប្រតិបត្តិការ “ខ្សែក្រវ៉ាត់ និងផ្លូវ”។ គោលការណ៍ទាំងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងសេចក្តីថ្លែងការរួមរបស់កិច្ចប្រជុំតុមូលកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការ “ខ្សែក្រវ៉ាត់ និងផ្លូវ” លើកទី១។

វេទិកាកិច្ចសហប្រតិបត្តិការ “ខ្សែក្រវ៉ាត់ និងផ្លូវ” លើកទី២ ប្រព្រឹត្តទៅក្រោមប្រធានបទ “សហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ៖ ឆ្ពោះទៅរកអនាគតរួមដ៏ល្អថែមទៀត” ដោយមានការចូលរួមពីប្រតិភូចំនួន ៥,០០០ រួមទាំងថ្នាក់ដឹកនាំរបស់អង្គការ អន្តរជាតិ និងប្រទេសចំនួន ៩០។ ជាពិសេស វេទិកាមានការចូលរួមពីប្រមុខរដ្ឋាភិបាលរបស់ប្រទេសចំនួន ៣៦ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយក មូលនិធិរូបិយវត្ថុអន្ដរជាតិ។

ចំពោះបុព្វហេតុផ្លាស់ថ្មីក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមក វៀតណាមសម្រេចបានលទ្ធផលដ៏លេចធ្លោជាច្រើនក្នុងការកែទម្រង់សេដ្ឋកិច្ចក្នុងប្រទេស និងការធ្វើសមាហរណកម្មអន្តរជាតិ។ នាបច្ចុប្បន្ននេះ វៀតណាមបានចូលរួមយន្តការនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់ តំបន់ អន្តរតំបន់ និងសកលលោក ដូចជា ៖ អង្គការសហប្រជាជាតិ APEC ASEM ASEAN និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ទន្លេមេគង្គ។ ទន្ទឹមនឹងនោះ វៀតណាមក៏បានចូលរួមក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មី ដូចជា៖ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចថ្នាក់តំបន់ទូលំទូលាយ (RCEP)។

វៀតណាមគាំទ្រចំពោះគំនិតផ្តួចផ្តើមជំរុញការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចក្នុងតំបន់ រួមទាំងគំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់ និងផ្លូវ"។ ការអនុវត្តគម្រោង "ខ្សែក្រវ៉ាត់ និងផ្លូវ" ត្រូវតែធានាគោលការណ៍នៃកិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាព សមភាព គោរពគ្នា និងមានផលប្រយោជន៍ទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ រួមចំណែកក្នុងការអភិវឌ្ឍន៍ដ៏រុងរឿងរួមរបស់ប្រទេសទាំងឡាយ។

កាលពីខែឧសភា ឆ្នាំ២០១៧ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានចូលរួមវេទិកាកិច្ចសហប្រតិបត្តិការ “ខ្សែក្រវ៉ាត់ និងផ្លូវ” លើកទី១ និងបញ្ជាក់ពីទស្សនៈរបស់វៀតណាមអំពីគោលការណ៍នៃកិច្ចសហប្រតិបត្តិការដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងភាពរុងរឿងនៅក្នុងតំបន់ និងនៅលើពិភពលោក។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងឱកាស អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន លោក ស៊ី ជីនពីង  បំពេញទស្សនកិច្ចជាផ្លូវការថ្នាក់រដ្ឋនៅវៀតណាម ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្តីពីការជំរុញការតភ្ជាប់គម្រោង “ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ” ជាមួយគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ” របស់ប្រទេសចិន។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចូលរួមវេទិកាកិច្ចសហប្រតិបត្តិការ “ខ្សែក្រវ៉ាត់ និងផ្លូវ” លើកទី២ ក្នុងបរិបទទំនាក់ទំនង វៀតណាម-ចិន បន្តការអភិវឌ្ឍប្រកបដោយស្ថិរភាព និងសម្រេចបានវឌ្ឍនភាពជាវិជ្ជមានជាច្រើន។ ដំណើរទស្សនកិច្ច និងការជួបជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានប្រព្រឹត្តទៅជាប្រចាំ រួមចំណែកពង្រឹងទំនុកចិត្តលើផ្នែកនយោបាយរវាងភាគីទាំងពីរ។ ការជួបប្រាស្រ័យ និងកិច្ចសហប្រតិបត្តិការនៅគ្រប់ជាន់ថ្នាក់ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍រវាងប្រទេសទាំងពីរក៏បានអភិវឌ្ឍយ៉ាងខ្លាំក្លាដែរ។

ការដែលនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចូលរួមនៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការ “ខ្សែក្រវ៉ាត់ និងផ្លូវ” លើកទី២  នឹងរួមចំណែកក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន ប្រកបដោយស្ថិរភាព និងនិរន្តរភាព ព្រមទាំងជាឱកាសមួយសម្រាប់វៀតណាមបើកទូលាយទីផ្សារ តភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ ជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ៕

បកប្រែដោយ Huyen Trang