ក្នុងឱកាសនេះអនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក To Anh Dung បានផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះ។

leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក To Anh Dung ផ្តល់បទសម្ភាសន៍ជូនសារព័ត៌មាន

 

អ្នកយកព័ត៌មាន៖ តើលោកអនុរដ្ឋមន្រ្តីអាចចែករំលែក អំពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសរូម៉ានី និងសាធារណរដ្ឋឆែក របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឬទេ?

អនុរដ្ឋមន្រ្តីលោក To Anh Dung ៖ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសរ៉ូម៉ានីចាប់តាំងពីឆ្នាំ១៩៧៧ និងទៅកាន់សាធារណរដ្ឋឆែកចាប់តាំងពីឆ្នាំ២០០៧ មកម៉្លេះ។ អាចនិយាយបានថាទំនាក់ទំនងមិត្តភាព ជាប្រពៃណីរបស់វៀតណាមជាមួយប្រទេសរូម៉ានី និងសាធារណរដ្ឋឆែកក្នុងរយៈពេល៧ទសវត្សរ៍កន្លងមក បានជម្នះលើបញ្ហាប្រឈមជាច្រើន ហើយកំពុងត្រូវបានពង្រឹងនិងមានវឌ្ឍនភាពគួរឲ្យលើកទឹកចិត្តក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ តាមរយៈទស្សនកិច្ចនេះវៀតណាមបាន បញ្ជាក់សាជាថ្មីពីការឲ្យតម្លៃ និងមានបំណងចង់បង្កើនថែមទៀតនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយមិត្តប្រពៃណីនៅអឺរ៉ុបភាគកណ្តាលនិងខាងកើត ដែលក្នុងចំណោមប្រទេសនោះ ប្រទេសរ៉ូម៉ានី និងសាធារណរដ្ឋឆែកជាដៃគូអាទិភាពផងដែរ។

តាមរយៈដំណើរទស្សនកិច្ចនេះ វៀតណាម និងរ៉ូម៉ានី និងសាធារណរដ្ឋឆែកបានឯកភាពគ្នាលើការយល់ដឹងដូចគ្នាមួយចំនួន មានកិច្ចព្រមព្រៀងសំខាន់ៗជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន។ ថ្នាក់ដឹកនាំនៃរូម៉ានី និងសាធារណរដ្ឋឆែក បានអះអាងថា វៀតណាមមានតួនាទីយ៉ាងសំខាន់ក្នុង គោលនយោបាយរបស់ខ្លួនគឺជាដៃគូដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍ ដោយវាយតំលៃថា ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការនៅមានកម្រិតតិចតួច មិនសមស្របជាមួយទំនាក់ទំនងនយោបាយល្អ និងបំណងប្រាថ្នាជំរុញថែមទៀតឲ្យបានទូលំទូលាយ កិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន ។

កម្មវត្ថុមួយដិតដាមក្នុងដំណើរទស្សនកិច្ចនេះគឺការជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) និងកិច្ចព្រមព្រៀងគាំពារ ការវិនិយោគទុនរវាងវៀតណាមនិង EU (EVIPA)។ សាធារណរដ្ឋឆែក ហើយជាពិសេសប្រទេសរូម៉ានី ដែលក្នុងនាមជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុបសុទ្ធតែបានអះអាងថា ជាមិត្តភក្តិជិតស្និទ្ធ និងជាដៃគូប្រពៃណីរបស់វៀតណាម ពួកគេគាំទ្រយ៉ាងខ្លាំងដល់ការចុះហត្ថលេខាលើ EVFTA និង EVIPA ក្នុងរង្វង់រយៈពេលពីមួយដល់ពីរ ខែឆាប់ៗនេះ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចាត់ទុកថា ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងចំនួនពីរនេះគឺជាឱកាសដ៏ល្អសម្រាប់សហភាពអឺរ៉ុបនិយាយរួម និងសហគ្រាសបណ្តាប្រទេសនៅអឺរ៉ុបភាគកណ្តាល និងខាងកើតនិយាយដោយឡែក ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគទុន នៅវៀតណាមរួមចំណែកនាំមកនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងតំបន់នេះឡើងកម្រិតកម្ពស់ថ្មីមយយ។

ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសរូម៉ានី និងសាធារណរដ្ឋឆែករបស់នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលបានជោគជ័យយ៉ាងធំធេង ដោយបើកឱកាសយ៉ាងទូលំទូលាយសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប្រទេសទាំងពីរលើវិស័យជាច្រើន។ នាពេលខាងមុខដើម្បីអនុវត្តនូវរាល់លទ្ធផលដែលទទួលបានតាមរយៈដំណើរទស្សនកិច្ចនេះ គួរតែមានការចូលរួមយ៉ាងសកម្មពីគ្រប់ក្រសួង ស្ថាប័ន អង្គភាព តំបន់ និងសហគ្រាសនៃប្រទេសទាំងពីរ។

អ្នកយកព័ត៌មាន៖ តើលោក វាយតំលៃអំពីសក្តានុពល នៃកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងរវាងវៀតណាមនិងរូម៉ានី និងសាធារណរដ្ឋឆែក ក៏ដូចជាការរំពឹងទុក ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងពីរនេះនៅពេលខាងមុខនេះយ៉ាងដូចម្តេច?

អនុរដ្ឋមន្រ្តីលោក To Anh Dung៖ ប្រទេសវៀតណាមជាមួយប្រទេសរូម៉ានី និងសាធារណរដ្ឋឆែកមានទំនាក់ទំនងមិត្តភាពប្រពៃណីអស់រយៈពេលជិត៧០ ឆ្នាំមកហើយ។ សព្វថ្ងៃនេះ ទំនាក់ទំនងប្រពៃណីបានបន្តរីកចម្រើនយ៉ាងខ្លាំងក្លាដោយរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធ្វើសមាហរណកម្មនៅក្នុងប្រទេសនីមួយៗ។ នេះគឺជាបុរេលក្ខខណ្ឌដ៏រឹងមាំមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្តាប្រទេសទាំងនេះក្នុងវិស័យជាច្រើននាពេលខាងមុខ។

សក្តានុពលនៃកិច្ចសហប្រតិបត្តិការជាមួយរូម៉ានី និងសាធារណរដ្ឋឆែកនៅតែទូលំទូលាយណាស់ ជាពិសេសនៅក្នុងបណ្តាតំបន់ដែលវៀតណាម និងប្រទេសទាំងពីរអាចបំពេញគ្នាទៅវិញទៅមក។

អាស្រ័យហេតុនេះ នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះមានឯកសារជាច្រើនត្រូវបានចុះហត្ថលេខាដូចជាអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មជាមួយរូម៉ានី, អនុស្សារណៈនៃការយោគយល់គ្នាក្នុងវិស័យភូមិសាស្ត្ររ៉ែ និងបទដ្ឋាននៃការវាស់វែងគុណភាពជាមួយ សាធារណរដ្ឋឆែក។

ការអប់រំបណ្ដុះបណ្ដាលគឺជាវិស័យប្រពៃណីនៃកិច្ចសហប្រតិបត្តិការដែលវៀតណាម និងប្រទេសទាំងពីរត្រូវតែលើកកម្ពស់នាពេលឆាប់ៗខាងមុខ ជាពិសេសរ៉ូម៉ានី និងសាធារណរដ្ឋឆែកសុទ្ធតែមានប្រព័ន្ធអប់រំប្រកបដោយគុណភាពនិងមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តល្អជាមួយនិងកំរៃនៃការសិក្សា និងជីវភាពរស់នោះប្រចាំថ្ងៃ សមរម្យ។ ប្រទេសទាំងពីរបានជួយបណ្តុះបណ្តាល និស្សិត និងកម្មាភិបាលវៀតណាមដែលមានសមត្ថភាពខ្ពស់ៗរាប់ពាន់នាក់។ នេះជាធនធានមនុស្សដ៏សំខាន់ ដើម្បីរឹតបន្តឹងទំនាក់ទំនងរបស់វៀតណាមជាមួយរូម៉ានីនិងសាធារណរដ្ឋឆែកនាពេលអនាគត។

ទាំងរូម៉ានី និងសាធារណរដ្ឋឆែកសុទ្ធតែមានតម្រូវការ កម្លាំងពលកម្ម។ ជាមួយនិងកម្លាំងពលកម្មវ័យក្មេង ឧស្សាហ៍ព្យាយាមវៀតណាមអាចជាប្រភពផ្តល់កម្លាំងពលកម្មសំរាប់បណ្តាប្រទេស។ សហគមន៍វៀតណាមនៅ សាធារណរដ្ឋឆែដោយមានប្រជាជន៦៥,០០០នាក់ ក៏ដូចជាមាន៥០០នាក់ស្នាក់នៅជាប្រចាំ និងពលករជិត ៣,០០០នាក់កំពុងធ្វើការនៅប្រទេសរ៉ូម៉ានី គឺជាប្រភពធនធានដ៏សម្បូរមួយដែលយើងត្រូវការទាញយកផលប្រយោជន៍សម្រាប់តភ្ជាប់រាល់ប្រទេសតាមរយៈរាល់គម្រោងនៃកិច្ចសហប្រតិបត្តិការចាប់ពីក្រុមហ៊ុន ខ្នាតតូច និងមធ្យម រហូតដល់គម្រោងវិនិយោគទំហំធំជាង។

វិស័យទេសចរណ៍គឺជាវិស័យដ៏មានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសវៀតណាម និងបណ្តាប្រទេសនៅអឺរ៉ុបភាគកណ្តាល និងខាងកើត ដែលក្នុងនោះមានទាំងប្រទេសរូម៉ានី និងសាធារណរដ្ឋឆែក។ ប្រជាជននៃប្រទេសទាំងពីរនេះសុទ្ធតែស្រឡាញ់ និងមានបំណងចង់មានឱកាសមកលេងកំសាន្ត នៅប្រទេសវៀតណាម។ ផ្ទុយទៅវិញ ប្រជាជនវៀតណាមក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សាទេសចរណ៍រូម៉ានី និងឆែកផងដែរ។ សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងបណ្ដាតំបន់របស់ប្រទេសនៅវៀតណាម ជាមួយនិងបណ្តាខេត្ត ក្រុងនៃប្រទេសទាំងពីរគួរតែត្រូវបានធ្វើអាជីវកម្មនាពេលអនាគតនេះ។

សង្កេតមើលលើគ្រប់ទិដ្ឋភាពយើងអាចសន្និដ្ឋានបានថា កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងរូម៉ានី និងសាធារណរដ្ឋឆែកមានមូលដ្ឋានគ្រឹះប្រវត្តិសាស្រ្ត និងសក្តានុពល ឧត្តមភាពដែលត្រូវបានធ្វើអាជីវកម្ម ឲ្យបានល្អថែមទៀតនាពេលអនាគត។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោយដំណើរទស្សនកិច្ចនៅប្រទេសរូម៉ានី និងសាធារណរដ្ឋឆែកលើកនេះរបស់ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទំនាក់ទំនង មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាង វៀតណាម និង រូម៉ានី និងសាធារណរដ្ឋឆែក នឹងត្រូវបានលើកឡើងកម្រិតកម្ពស់ថ្មីមួយ កាន់តែជាក់ស្តែង និងស៊ីជម្រៅដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសនីមួយៗ

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្រ្តី៕

បកប្រែដោយ Minh Trung