នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ ទៅកាន់វៀតណាម ចាប់តាំងពីលោកស្រីត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី។ ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងទំនុកចិត្តខាងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ និងធ្វើឱ្យទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់កាន់តែស៊ីជម្រៅថែមទៀត។

វៀតណាមនិងនូវែលហ្សេឡង់បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ១៩៧៥។ ឆ្លងកាត់រយៈពេលជិត ៥០ ឆ្នាំកន្លងមក ទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់ នៅតែរក្សាបាននូវសន្ទុះនៃការអភិវឌ្ឍជាវិជ្ជមាន។

ក្នុងគោលនយោបាយការបរទេស នូវែលហ្សេឡង់យកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ចចំពោះទំនាក់ទំនងជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាកត្តាសំខាន់ក្នុងគោលនយោបាយរបស់ខ្លួនចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ វៀតណាមក៏បង្ហាញការខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងមិត្តភាពល្អជាមួយនូវែលហ្សេឡង់ ដែលជាដៃគូយុទ្ធសាស្ត្ររបស់វៀតណាមនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ព្រមទាំងជាដៃគូយុទ្ធសាស្ត្ររបស់អាស៊ាន។ ទោះបីជាជំងឺរាតត្បាត Covid-19 បង្កការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏ភាគីទាំងពីរនៅតែរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបជុំក្នុងទម្រង់បត់បែន ដោយហេតុនោះបង្កើនទំនុកចិត្តខាងនយោបាយ និងរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំវៀតណាម កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២

ចាប់តាំងពីការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០០៩ និងកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ ២០២០ ទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-នូវែលហ្សេឡង់ មានការរីកចម្រើនយ៉ាងខ្លាំង។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាមធ្យមប្រហែល ២០% ក្នុងមួយឆ្នាំ។ គិតត្រឹមខែតុលា ឆ្នាំ ២០២២ វៀតណាមមានគម្រោងវិនិយោគចំនួន ១១ នៅនូវែលហ្សេឡង់ ជាមួយដើមទុនចុះបញ្ជីសរុបចំនួន ៣៨.៤ លានដុល្លារអាមេរិក។ នូវែលហ្សេឡង់មានគម្រោងវិនិយោគចំនួន ៤៩ ជាមួយដើមទុនចុះបញ្ជីសរុបចំនួន ២១០.១៨ លានដុល្លារអាមេរិក ដោយជាប់ចំណាត់ថ្នាក់លេខ ៣៩ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៣៩ ដែលមានការវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាម។

នូវែលហ្សេឡង់បន្តអនុវត្តប្រកបដោយប្រសិទ្ធភាព និងផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយវៀតណាម គាំទ្រការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយផ្តោតលើវិស័យដែលមានប្រៀបខ្លាំង និងអាទិភាពដូចជា៖ កសិកម្ម និងអភិវឌ្ឍន៍ជនបទ ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ការគ្រប់គ្រង និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុ ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ។

អំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងសហប្រតិបត្តិការលើការចែករំលែកព័ត៌មានក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងទ្វេភាគី។ នូវែលហ្សេឡង់បានជួយឧបត្ថម្ភវៀតណាមក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងភេរវកម្ម បច្ចេកទេសឧក្រិដ្ឋកម្ម និងការស៊ើបអង្កេត ការការពារ និងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ សុខាភិបាល និងបច្ចេកទេសក្នុងការសង្គ្រោះ។ ភាគីទាំងពីរបានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងក្របខណ្ឌរបស់ Interpol ក៏ដូចជាសេចក្តីថ្លែងការណ៍រួមអាស៊ាន-នូវែលហ្សេឡង់ឆ្នាំ ២០០៥ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិ។ ភាគីទាំងពីរបន្តអនុវត្តកម្មវិធីជួយឧបត្ថម្ភការបណ្តុះបណ្តាល ជាពិសេសភាសាអង់គ្លេសសម្រាប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រក្សាដំណើរទស្សនកិច្ចនៃនាវាកងទ័ពជើងទឹក និងយន្តការកិច្ចសន្ទនាការពារជាតិទ្វេភាគី។

ក្នុងវេទិកាពហុភាគី វៀតណាម និងនូវែលហ្សេឡង់គឺជាសមាជិកនៃអង្គការ និងវេទិកាក្នុងតំបន់ និងអន្តរជាតិសំខាន់ៗជាច្រើនដូចជា៖ អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) និងយន្តការសហប្រតិបត្តិការមួយចំនួនរបស់អាស៊ាន។ ភាគីទាំងពីរតែងតែគាំទ្រ និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

ដំណើរទស្សនកិច្ចរបស់លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ ប្រព្រឹត្តទៅក្នុងបរិបទដែលវៀតណាម និងនូវែលហ្សេឡង់កំពុងព្យាយាមតភ្ជាប់ឡើងវិញជាមួយពិភពខាងក្រៅ បន្ទាប់ពីរយៈពេលជាងពីរឆ្នាំនៃការប្រឈមមុខនឹងជំងឺរាតត្បាត Covid-19។ ប្រទេសទាំងពីរចែករំលែកការយកចិត្តទុកដាក់រួមនៃការងើបឡើងវិញ និងអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ពង្រឹង និងធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិ ក្នុងបរិបទនៃបរិយាកាសនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចនៅលើពិភពលោក ក៏ដូចជានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលប្រែប្រួលខ្លាំងក្នុងឆ្នាំ ២០២២។

ដោយឈរលើមូលដ្ឋានផលប្រយោជន៍ ចក្ខុវិស័យរួម និងការបង្កើនទំនុកចិត្តរវាងប្រទេសទាំងពីរ យើងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនៈកិច្ចរបស់មេដឹកនាំនូវែលហ្សេឡង់លើកនេះ នឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការ វៀតណាម-នូវែលហ្សេឡង់ ឈានទៅមុខបន្ថែមទៀតលើគ្រប់វិស័យ ឆ្លើយតបនឹងផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang