បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោក Xi Jinping ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចិន និងលោក Nguyen Phu Trong ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានជួបជុំពិភាក្សាការងារជាន់ខ្ពស់ជាមួយគ្នា។

leftcenterrightdel
លោក Xi Jinping អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជូនលោក Nguyen Phu Trong អគ្គលេខាបក្សគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ vnanet.vn)

មិត្តភាពជាប្រពៃណីគឺជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃរបស់បក្ស ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ

នៅក្នុងជំនួបពិភាក្សានេះ លោក Xi Jinping ក្នុងនាមបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនចិនបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន លោក Xi Jinping បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យពិសេសសម្រាប់ប្រទេសទាំងពីរ និងទំនាក់ទំនងវៀតណាម-ចិន។ លោក Xi Jinping បានសង្កត់ធ្ងន់ថា  លោក Nguyen Phu Trong អគ្គលេខាបក្សគឺជាមេដឹកនាំដំបូងគេ ដែលត្រូវបានស្វាគមន៍បន្ទាប់ពីមហាសន្និបាតលើកទី ២០ របស់បក្សកុម្មុយនិស្តចិន ហើយថា ការដែលលោក Nguyen Phu Trong អគ្គលេខាបក្ស មកបំពេញទស្សនកិច្ចនៅប្រទេសចិនជាលើកដំបូងបន្ទាប់ពីមហាសន្និបាតលើកទី ១៣  របស់បក្សកុម្មុយនិស្តវៀតណាមបានបង្ហាញពីការឱ្យតំលៃយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងភាគីទាំងពីរ និងប្រទេសទាំងពីរ​។

ក្នុងបរិយាកាសដ៏ស្មោះត្រង់ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីស្ថានភាពរបស់បក្ស និងប្រទេសនីមួយៗ និងទំនាក់ទំនងរវាងបក្ស និងប្រទេសទាំងពីរ។ លោក Nguyen Phu Trong បានអបអរសាទរជាថ្មីម្តងទៀតចំពោះជោគជ័យនៃមហាសន្និបាតលើកទី ២០ នៃបក្សកុម្មុយនិស្តចិន និងអបអរសាទរលោក Xi Jinping ដែលត្រូវបានជឿទុកចិត្តដោយមហាសន្និបាតបោះឆ្នោតជ្រើសតាំងបន្តជាអគ្គលេខាបក្សកុម្មុយនិស្តចិននីតិកាលទី ២០។ លោក Nguyen Phu Trong បានអះអាងថា វៀតណាម និងចិនគឺជាប្រទេសជិតខាង និងជាប្រទេសសង្គមនិយមទាំងពីរដែលត្រូវបានដឹកនាំដោយបក្សកុម្មុយនិស្ត។ ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងចិនត្រូវបានកសាង និងពូនជ្រំដោយលោកប្រធានហូជីមិញ និងប្រធានម៉ៅ សេទុង រួមនិងជំនាន់ក្រោយៗនៃប្រទេសទាំងពីរ ហើយគឺជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃរបស់បក្សទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ វៀតណាមតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលបំផុតក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន។ អំពីគោលនយោបាយការបរទេស វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការធ្វើពិពិធកម្ម និងពហុភាគីនៃទំនាក់ទំនង,  រួមបញ្ចូលគ្នានូវកម្លាំងនៃមហាសាមគ្គីជាតិជាមួយនឹងកម្លាំងនៃសម័យកាល ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម និងជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្មនិងមានការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ។

លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធផលរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។ លោក Xi Jinping បានសម្តែងនូវការជឿជាក់យ៉ាងមោះមុតថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលមានលោក Nguyen Phu Trong ជាអគ្គលេខាបក្ស ប្រជាជនវៀតណាមពិតជានឹងសម្រេចបានជោគជ័យនូវរាល់គោលដៅដែលកំណត់ដោយមហាសន្និបាតលើកទី១៣ របស់បក្សដើម្បីឆាប់ៗប្រែក្លាយវៀតណាមជាមូលដ្ឋានទៅជាប្រទេសឧស្សាហូបនីយកម្មក្នុងទិសដៅទំនើបកម្ម សម្រេចបានជោគជ័យនូវគោលដៅ ប្រជាជនមាន ប្រទេសខ្លាំង ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានអះអាងថា បក្ស រដ្ឋាភិបាល និងប្រជាជនចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម  និងមានបំណងនឹងខិតខំប្រឹងប្រែងរួមគ្នាជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ដើម្បីបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាំឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងចិន ឱ្យរីកចម្រើនប្រកបដោយសុខដុមរមនា និងស្ថិរភាព ក្រោមពាក្យស្លោក “អ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង សម្លឹងឆ្ពោះទៅអនាគត” និងស្មារតី “អ្នកជិតខាងល្អ មិត្តល្អ សមមិត្តល្អ ដៃគូល្អ” នាំឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតកម្ពស់ថ្មីមួយ។

លោកអគ្គលេខាបក្សទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះនិន្នាការអភិវឌ្ឍន៍ប្រកបដោយភាពរឹងមាំ និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងរវាងភាគីទាំងពីរ និងប្រទេសក្នុងរយៈពេលកន្លងមក។ ក្នុងស្ថានភាពលំបាកនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ភាគីទាំងពីរបានបន្តរក្សាការជួបប្រជុំ និងការផ្លាស់ប្តូរកម្រិតខ្ពស់ជាប្រចាំ។ ចាប់ពីដើមឆ្នាំ ២០២០ រហូតមកដល់ពេលនេះ អគ្គលេខាបក្សទាំងពីរបានទូរស័ព្ទឱ្យគ្នាចំនួន ៤ ដង និងផ្លាស់ប្តូរសំបុត្រ និងតេឡេក្រាមជាច្រើនដងក្នុងឱកាសនៃព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ភាគីនីមួយៗ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគគឺជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងអាស៊ាន និងពាណិជ្ជកម្មវៀតណាម-ចិន ស្មើនឹងមួយភាគបួននៃទំហំពាណិជ្ជកម្មសរុបរវាងចិន និងអាស៊ាន វៀតណាមជាដៃគូពាណិជ្ជកម្មធំទីប្រាំមួយរបស់ចិនក្នុងពិភពលោក។ ភាគីទាំងពីរបានឯកភាពថា ក្នុងបរិបទនៃវិបត្តិបច្ចុប្បន្ន និងអស្ថិរភាពក្នុងផ្នែកជាច្រើននៃពិភពលោក ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងសមិទ្ធផលដែល​វៀតណាម និងចិនសម្រេចបានគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសទាំងពីរ និងប្រជាជនទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើការតំរង់ទិសសំខាន់ៗដើម្បីបង្កើនទំនុកចិត្ត ពង្រឹងមិត្តភាព លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសំខាន់ៗលើគ្រប់វិស័យ រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ និងជំរុញទំនាក់ទំនងទ្វេភាគីវៀតណាម-ចិននឹងបន្តអភិវឌ្ឍប្រកបដោយស្ថិរភាព និងនិរន្តរភាពនាពេលខាងមុខ។

អគ្គលេខាបក្សទាំងពីរមានការផ្លាស់ប្តូរស៊ីជម្រៅលើបញ្ហាអន្តរជាតិ និងតំបន់ជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា។ អគ្គលេខាបក្សទាំងពីរបានសង្កត់ធ្ងន់ថា ចំណងមិត្តភាពរវាងប្រជាជនទាំងពីរ គឺជាមូលដ្ឋានគ្រឹះសង្គម និងជាប្រភពកម្លាំងសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងល្អប្រសើរ និងនិរន្តរភាព។ អគ្គលេខាបក្សទាំងពីរបានស្នើឱ្យភាគីនីមួយៗបន្តបង្កើតលក្ខខណ្ឌ ធ្វើដំណើរសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ឆាប់ៗបើកជើងហោះហើរពាណិជ្ជកម្ម  កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងពាណិជ្ជកម្មឡើងវិញ។

ទាក់ទិននឹងបញ្ហាព្រំដែន និងទឹកដី ភាគីទាំងពីរបានឯកភាពពង្រឹងការគ្រប់គ្រងខ្សែបន្ទាត់ព្រំដែនប្រកបដោយប្រសិទ្ធភាព ស្របតាមឯកសារ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ។ 

ទាក់ទិននឹងបញ្ហាលើសមុទ្រ អគ្គលេខាបក្សទាំងពីរបានចាត់ទុកថា នេះជាបញ្ហាដែលនៅសេសសល់ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ការរក្សាបាននូវសន្តិភាព និងស្ថិរភាពនៅសមុទ្រមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរ។ លោក Nguyen Phu Trong បានស្នើឱ្យភាគីទាំងពីរប្រកាន់ខ្ជាប់នូវគោលការណ៍ គោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ព្រមទាំងដោះស្រាយវិវាទ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិក្នុងកិច្ចការអន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS) ពង្រីកយ៉ាងល្អនូវរាល់យន្តការចរចានៅសមុទ្រ អនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងខិតខំបង្កើតក្រមប្រតិបត្តិជាក់ស្តែង និងមានប្រសិទ្ធភាពនៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះរួមទាំង UNCLOS 1982 ផងដែរ។

តាងនាមឱ្យបក្ស និងរដ្ឋវៀតណាម លោក Nguyen Phu Trong អគ្គលេខាបក្ស បានអញ្ជើញលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗខាងមុខនេះ។ លោក Xi Jinping បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងទទួលយកការអញ្ជើញនេះដោយក្តីរីករាយ។

ភ្លាមៗបន្ទាប់ពីបញ្ចប់កិច្ចចរចា លោក Nguyen Phu Trong និងលោក Xi Jinping បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន ១៣ រវាងភាគីទាំងពីរ៕

បកប្រែដោយ Minh Trung