នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ក្នុងការអនុវត្តនូវរាល់កិច្ចព្រមព្រៀងដែលសម្រេចបានរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បន្តពង្រីកនូវទំនាក់ទំនងពិសេសរវាងវៀតណាម និងគុយបា ដែលដឹកនាំដោយលោកប្រធានហូជីមិញ និងលោកប្រធានគុយបា Fidel Castro បានដាក់គ្រឹះ។ ព្រឹត្តិការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការបន្តរឹតបន្តឹង និងអភិវឌ្ឍថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព ទំនុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
រូបថតជាឧទាហរណ៍

ក្នុងប្រវត្តិសាស្ត្រពិភពលោកសម័យនេះ កម្រមានទំនាក់ទំនងពិសេសដូចទំនាក់ទំនងវៀតណាមនិងគុយបាណាស់។ អស់រយៈពេលជាង ៦០ ឆ្នាំមុន គឺនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៦០ វៀតណាម និងគុយបា បានបង្កើតទំនាក់ទំនងការទូត។ ថ្វីត្បិតតែនៅឆ្ងាយពីគ្នាពាក់កណ្តាលពិភពលោក និងភាសាខុសគ្នាក៏ដោយ ក៏វៀតណាម និងគុយបាតែងតែរួបរួមគ្នា ឈរប្រកៀកស្មាគ្នា ជួយគ្នាទៅវិញទៅមកក្នុងចលនារំដោះជាតិ ការបង្រួបបង្រួមជាតិ និងការពារជាតិនីមួយៗ។ គុយបាតែងតែនាំមុខគេក្នុងចលនាអន្តរជាតិដើម្បីគាំទ្រការតស៊ូ ទាមទារឯករាជ្យ និងសេរីភាពរបស់វៀតណាម។ ព្រឹត្តិការណ៍ដែលបង្ហាញពីចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរគឺដំណើរទស្សនកិច្ចរបស់លោក Fidel Castro ប្រធានគុយបា ដែលជាប្រមុខរដ្ឋបរទេសដំបូង និងតែមួយគត់បានទៅកាន់ខេត្ត Quang Tri ក្នុងខែកញ្ញា ឆ្នាំ១៩៧៣។ ប្រជាជនវៀតណាមតែងតែចងចាំជានិច្ចនូវក្តីស្រលាញ់ ទឹកចិត្ត និងការគាំទ្រដ៏ស្មោះស្ម័គ្ររបស់គុយបា ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈវោហារជាអមតៈគឺ "ដើម្បីវៀតណាម គុយបាត្រៀមខ្លួនរួចជាស្រេចលះបង់ឈាមរបស់ខ្លួនឯង" របស់លោកប្រធាន Fidel Castro។

គ្រប់ជំនាន់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរតែងតែចាត់ទុកទំនាក់ទំនងវៀតណាម-គុយបា ជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជនទាំងពីរ។ បក្ស រដ្ឋ និងប្រជាជនវៀតណាមមានគោលការណ៍ឥតងាករេ គឺរឹតបន្តឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព ទំនុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរជានិច្ចកាល។ គាំទ្រយ៉ាងខ្លាំងក្លានូវបុព្វហេតុបដិវត្តន៍របស់បក្ស រដ្ឋ និងប្រជាជនគុយបាបងប្អូន។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាពិភពលោកមានការវិវឌ្ឍជាច្រើនស្មុគស្មាញក៏ដោយ ក៏ទំនាក់ទំនងសាមគ្គីភាព ការគាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងគុយបា បានផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការជំរុញ និងអភិវឌ្ឍលើគ្រប់វិស័យចាប់ពីនយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ កសិកម្ម សំណង់ អប់រំ សុខាភិបាល ជីវបច្ចេកវិទ្យា ដឹកជញ្ជូនដល់ការហ្វឹកហ្វឺនកាយសម្បទា និងកីឡា... វៀតណាម និងគុយបា រក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំដើម្បីបំពេញទស្សនកិច្ចគ្នាទៅវិញទៅមក។ ក្រោមឥទ្ធិពលនៃជំងឺរាតត្បាត Covid-19 ថ្នាក់ដឹកនាំជាន់ខ្ពស់ និងគ្រប់ក្រសួង ផ្នែក នៃប្រទេសទាំងពីរបានបន្តរក្សាការផ្លាស់ប្តូរតាមប្រព័ន្ធវីដេអូរ។ ភាគីទាំងពីរក៏បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការដូចជា៖ គណៈកម្មាធិការសហប្រតិបត្តិការអន្តររដ្ឋាភិបាល សិក្ខាសាលាទ្រឹស្តីរវាងបក្សទាំងពីរ កិច្ចសន្ទនាគោលនយោបាយការពារជាតិនៅថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងការពិគ្រោះយោបល់នយោបាយនៅថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការបរទេស។

ទាក់ទងនឹងការផ្លាស់ប្តូរពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២០ សម្រេចបាន ១៧៨.៥ លានដុល្លារ។ នាថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-គុយបា (បានចុះហត្ថលេខានាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៨) បានចូលជាធរមានជាផ្លូវការ ជាមួយនឹងការប្តេជ្ញាចិត្តអនុគ្រោះពាណិជ្ជកម្មថ្មីជាច្រើននាំមកនូវផលប្រយោជន៍ដល់អាជីវកម្មនៃប្រទេសទាំងពីរ និងបង្កលក្ខណៈអំណោយផលដល់ សហគ្រាសនៃភាគីទាំងពីរ និងសកម្មភាពនាំចូល និងនាំចេញទំនិញទ្វេភាគី។

ក្នុងវិស័យការទូតពហុភាគី ភាគីទាំងពីររក្សាទំនាក់ទំនងសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ។ ថ្មីៗនេះ វៀតណាមបានគាំទ្របេក្ខភាពរបស់គុយបាក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២១-២០២៣; ជំរុញ និងគាំទ្រគុយបា យ៉ាងសកម្មក្នុងការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) (ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០)។ វៀតណាមគាំទ្រដោយមិនងាករេដល់ការបញ្ចប់នូវគោលនយោបាយឡោមព័ទ្ធ និងការហ៊ុមព័ទ្ធសេដ្ឋកិច្ច-ហិរញ្ញវត្ថុប្រឆាំងនឹងគុយបា របស់សហរដ្ឋអាមេរិក។ រីឯខ្លួនឯងវិញ គុយបា បានគាំទ្របេក្ខភាពរបស់វៀតណាមចូលជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។

ក្រឡេកទៅមើលពីអតីតកាល ៦០ ឆ្នាំនៃប្រវត្តិសាស្ត្រ យើងរីករាយដែលឃើញថា ទោះបីជាមានការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏ទំនាក់ទំនងនៃសាមគ្គីភាព ភាពស្អិតរមួត ភាពស្មោះត្រង់សុទ្ធសាធ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងកក់ក្តៅ។ ស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីគុយបានៅវៀតណាម យើងជឿជាក់យ៉ាងមុតមាំថាដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យយ៉ាងធំធេង រួមចំណែកយ៉ាងសំខាន់ក្នុងការនាំឱ្យទំនាក់ទំនងវៀតណាម-គុយបា កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត៕

បកប្រែដោយ Minh Trung