សញ្ញាសម្គាល់ពិសេស

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងការទូតពហុភាគីរបស់វៀតណាមមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅពេលចូលរួមព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាបន្ដបន្ទាប់ដូចជា៖ ប្រទេសវៀតណាមបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC នៅឆ្នាំ ២០១៧, កិច្ចប្រជុំ WEF ASEAN នៅឆ្នាំ ២០១៨, កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងនៅឆ្នាំ ២០១៩,  ប្រធានអាស៊ាន និងកិច្ចប្រជុំ AIPA នៅឆ្នាំ ២០២០ ហើយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ លើសពីនេះ នៅមានសកម្មភាពពហុភាគីជាច្រើនទៀត ដោយមានការចូលរួមពីក្រសួង និងស្ថាប័ននានា។

ជាពិសេសឆ្នាំ ២០២១ គឺជាឆ្នាំទទួលបានជោគជ័យក្នុងផ្នែកការទូតនៅពេលដែលវៀតណាមត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកនៃគណៈកម្មាធិការពាណិជ្ជកម្មអន្ដរជាតិរបស់អង្គការសហប្រជាជាតិ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ទីស្នាក់ការរបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (PCA) ប្រចាំនៅវៀតណាម ក៏ដូចជាជាលើកទីពីរដែលមានបុគ្គលម្នាក់ត្រូវបានជ្រើសតាំងជាសមាជិកនៃគណៈកម្មការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ (ILC) ដោយមានសំឡេងគាំទ្រខ្ពស់ជាងលើកមុន។ ការណ៍នេះបានបញ្ជាក់ឱ្យឃើញថា សហគមន៍អន្តរជាតិកាន់តែជឿជាក់លើតួនាទីរបស់វៀតណាម ក៏ដូចជាសមត្ថភាពរបស់មន្ត្រីការទូតវៀតណាម។

leftcenterrightdel
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានធ្វើជាអធិបតីក្នុងសម័យប្រជុំពិភាក្សាបើកទូលាយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៩ មេសា ឆ្នាំ២០២១

សញ្ញាសម្គាល់នៃការទូតពហុភាគីរបស់វៀតណាមនៅពេលចូលរួមក្រុមប្រឹក្សាសន្តិសុខ ដែលត្រូវបានឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធាននាយកដ្ឋានអង្គការអន្តរជាតិ លោក Do Hung Viet បានលើកឡើងថា ជាបឋម វៀតណាមមានគោលជំហរដោយឈរលើច្បាប់អន្ដរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះផលប្រយោជន៍ស្របច្បាប់និងសំឡេងនៃភាគីពាក់ព័ន្ធ ដោយហេតុនេះ ទទួលបានការចុះសម្រុងគ្នា។ “ក្រៅពីនេះ វៀតណាមបានជំរុញឱ្យមានអាទិភាពជាបន្តបន្ទាប់ និងសម្រេចបានវាយ៉ាងល្អ។ យើងបានជំរុញឱ្យលើកកម្ពស់តួនាទី សំឡេងនិងវត្តមានរបស់អាស៊ាននៅអង្គការសហប្រជាជាតិ។ ក្នុងកិច្ចពិភាក្សាអំពីបញ្ហាមីយ៉ាន់ម៉ា វៀតណាមតែងតែអញ្ជើញតំណាងអាស៊ានចូលរួមចែករំលែកទស្សនៈ  និងវាយតម្លៃស្ថានភាពនៅមីយ៉ាន់ម៉ា។ នេះជាបញ្ហាថ្មីណាស់ ព្រោះចាប់ពីឆ្នាំ ២០២០ អាស៊ានទើបមានវត្តមាននិងផ្ដល់មតិយោបល់នៅក្រុមប្រឹក្សាសន្តិសុខ”។

ដោយយល់ព្រមជាមួយទស្សនៈខាងលើនេះ លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao សមាជិកនៃគណៈកម្មការច្បាប់អន្តរជាតិបានឲ្យដឹងថា ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាលើកដំបូង វៀត​ណាមបានអះអាងតួនាទីរបស់ខ្លួនជាបណ្តើរៗ។ ក្នុងអាណត្តិទី ២ វៀតណាមបានមានភាពម្ចាស់ការសម្រាប់បញ្ហាជាច្រើន។ យោងតាមលោកឯកអគ្គរដ្ឋទូត Nguyen Hong Thao បានលើកឡើងថា ការរួមវិភាគទានដ៏ធំបំផុតរបស់វៀតណាមនៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិគឺជំរុញដំណើរការកសាងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

វៀតណាមក៏បានបញ្ចេញសំឡេងនៃប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីដោះស្រាយជម្លោះនៅ "ចំណុចក្តៅ" ដូចជា ប្រទេសស៊ូដង់ អេត្យូពី និងប្រទេសមួយចំនួនទៀត។ ហើយជាលើកដំបូងដែលមហាសន្និបាតអង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី ២៧ ខែធ្នូ ជាទិវាអន្តរជាតិសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩  តាមគំនិតផ្តួចផ្តើមរបស់វៀតណាម។ លើសពីនេះ វៀតណាម និងអាល្លឺម៉ង់បានរួមគ្នាបញ្ចេញគំនិតផ្តួចផ្តើមស្តីពីការបង្កើតក្លឹបនៃប្រជាជាតិអំពីអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដោយមានការចូលរួមនៃប្រទេសចំនួន ១១២ ប្រទេស។

“នៅក្រុមប្រឹក្សាសន្តិសុខ វៀតណាមចូលរួមដោះស្រាយជម្លោះនៅអាហ្វ្រិក និងមជ្ឈិមបូព៌ាដើម្បីទទួលបានផលអ្វី?” សំណួរនេះត្រូវបានឆ្លើយតបដោយលោក Do Hung Viet ថា ភារកិច្ចចំបងនៃផ្នែកការទូតវៀតណាមគឺបង្កើតបរិយាកាសសន្តិភាពដើម្បីអភិវឌ្ឍន៍។ នៅពេលដែលវៀតណាមធ្វើសមាហរណកម្ម និងមានទំនាក់ទំនងការទូតជាមួយប្រទេសសមាជិក ១៨៩ ក្នុងចំណោមប្រទេស ១៩៣ របស់អង្គការសហប្រជាជាតិ គឺវត្តមាននិងការដោះប្ដូរពាណិជ្ជកម្មរបស់វៀតណាមបានគ្របដណ្តប់ទូទាំងពិភពលោក។ នៅទីណាមានវត្តមានប្រជាជននិងអាជីវកម្មវៀតណាម នៅទីនោះមានផលប្រយោជន៍របស់វៀតណាម។ ដូច្នេះហើយ នៅពេលដែលចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខ ទោះជារួមចំណែកច្រើន ឬ តិច ក៏ដោយក៏នាំមកនូវស្ថិរភាពនិងសន្តិភាពដល់បណ្ដាប្រទេស  ក៏នាំមកនូវផលប្រយោជន៍ផ្ទាល់ដល់ប្រជាជនវៀតណាមផងដែរ។ លោក Do Hung Viet បានសង្កត់ធ្ងន់ថា “យើងប្រហែលជាមិនឃើញភ្លាមៗទេ ប៉ុន្តែប្រហែល ៥ ឆ្នាំ ឬ ១០ សូម្បីតែ ១៥ ឆ្នាំក្រោយ យើងនឹងឃើញថា ការចូលរួមនេះមានសារៈសំខាន់យ៉ាងណា”។

ប៉ុន្ដែមានចំណុចដែលការទូតពហុភាគីនាំមកនូវផលប្រយោជន៍ភ្លាមៗ។ នៅពេលដែលការរាតត្បាត Covid-19 ផ្ទុះឡើង យន្តការពហុភាគីស្ទើរតែផ្អាក។ ប៉ុន្តែបន្ទាប់ពីមួយរយៈពេលខ្លី អង្គការនានា យន្តការពហុភាគីក្នុងតំបន់ ដូចជាអាស៊ានរហូតដល់អន្តរតំបន់ ដូចជា ASEM, APEC, G20 និងអង្គការនានារបស់អង្គការសហប្រជាជាតិ ដូចជាអង្គការសុខភាពពិភពលោក (WHO) មានតួនាទីសម្របសម្រួលយ៉ាងសំខាន់។ ជាពិសេសគឺយន្តការ COVAX ដែលបង្កើតឡើងដោយអង្គការសុខភាពពិភពលោកនិងសម្ព័ន្ធនវានុវត្តន៍ដើម្បីត្រៀមទប់ទល់នឹងការរាតត្បាតនៃជំងឺ (CEPI) សម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងថ្នាំបង្ការ (GAVI) និងមូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF)។ យន្តការនេះ បន្ទាប់ពីការបង្កើតឡើងបានកំណត់គោលដៅថានឹងផ្តល់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់សម្រាប់ ២០% នៃចំនួនប្រជាជននៅលើពិភពលោក ដែលក្នុងនោះ វៀតណាមអាចទទួលបានវ៉ាក់សាំងចំនួន ៣៩ លានដូសនាគ្រាដំបូង។

លោក Do Hung Viet បាននិយាយថែមទៀតថា វ៉ាក់សាំងដំបូងដែលចាក់ឲ្យប្រជាជនវៀតណាមបានមកពីយន្តការ COVAX។ ភាពលំបាកនៃដំណាក់កាលដំបូងគឺកង្វះការផ្គត់ផ្គង់ ដូច្នេះ យុទ្ធនាការចលនាត្រូវបានធ្វើយ៉ាងប្ដូរផ្ដាច់។ កត្តាសំខាន់គឺការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស និងរដ្ឋ។ កត្តាសំខាន់មួយទៀតដែលត្រូវបាន COVAX ពិចារណានៅពេលផ្តល់វ៉ាក់សាំងដល់ប្រទេសវៀតណាមគឺសមត្ថភាពនៃប្រព័ន្ធសុខាភិបាលក្នុងការចាក់វ៉ាក់សាំង។

ឆ្នាំ ២០២១ បានបិទជាមួយនឹងសមិទ្ធិផលលេចធ្លោនៃផ្នែកការទូតពហុភាគី ដោយបានរួមចំណែកយ៉ាងសំខាន់ចំពោះសញ្ញាសម្គាល់សំខាន់ៗនៃផ្នែកការទូតជារួម។ នៅពេលដែលវៀតណាមបញ្ចប់តួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ និងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ភារកិច្ចដែលដាក់ឱ្យផ្នែកការទូត ពហុភាគីកាន់តែធ្ងន់ទៅៗ។

បច្ចុប្បន្ននេះ នាយកដ្ឋានអង្គការអន្តរជាតិ-ក្រសួងការបរទេសវៀតណាមកំពុងរៀបចំផែនការដើម្បីបន្តឈរឈ្មោះជាបេក្ខភាពក្នុងអង្គការផ្សេងទៀតរបស់អង្គការសហប្រជាជាតិ។ ក្រៅពីការឈរឈ្មោះជាបេក្ខភាពសម្រាប់សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២៣-២០២៥ វៀតណាមគ្រោងថានឹងឈរឈ្មោះជាបេក្ខភាពសម្រាប់សមាជិកយន្តការនិងអង្គការមួយចំនួនផ្សេងទៀតរបស់អង្គការសហប្រជាជាតិ ព្រមទាំងបន្ដអនុវត្តគំនិតផ្ដួចផ្ដើមនិងអាទិភាព ជាមួយគ្នានោះ បង្កើនការចូលរួមក្នុងការដោះស្រាយបញ្ហាសន្តិសុខមិនមែនប្រពៃណី ជាពិសេសជំងឺរាតត្បាត និងការប្រែប្រួលអាកាសធាតុ៕

បកប្រែដោយ Pham Diep