ក្នុងរយៈពេលពីរឆ្នាំក្នុងតំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អាណត្តិ ២០២០-២០២១ វៀតណាមបានបញ្ជាក់ពីតួនាទី និងឋានៈរបស់ខ្លួននៅក្នុងស្ថាប័នសំខាន់បំផុតរបស់អង្គការសហប្រជាជាតិ។ វៀតណាមបានចូលរួមយ៉ាងសកម្ម បង្ហាញគោលជំហរឯករាជ្យ រួមចំណែកស្ថាបនា សហប្រតិបត្តិការ និងមានទំនួលខុសត្រូវ ដោះស្រាយយ៉ាងប៉ិនប្រសប់នូវភាពខុសគ្នារវាងសមាជិកទាំងឡាយ។ ទន្ទឹមនឹងនោះ វៀតណាមមានគំនិតផ្តួចផ្តើម និងការរួមវិភាគទានជាច្រើនក្នុងប្រតិបត្តិការរបស់ក្រុមប្រឹក្សាសន្តិសុខ ដោយទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសដទៃជាច្រើន។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

ក្នុងឱកាសដែលវៀតណាមបញ្ចប់អាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអាណត្តិ ២០២០-២០២១ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចាត់ទុកថា វៀតណាមបានបញ្ចប់ភារកិច្ចរបស់ខ្លួនក្នុងរយៈពេលពីរឆ្នាំក្នុងតំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

“ភាពជោគជ័យដ៏អស្ចារ្យបំផុតរបស់វៀតណាមគឺបន្ទាប់ពីរយៈពេលពីរឆ្នាំក្នុងតំណែងជាសមាជិកមិនអចិន្ត្រៃយ៍ ប្រទេសធំៗបានគោរពយើងកាន់តែច្រើនឡើង មិត្តជាប្រពៃណីក៏គោរពយើងកាន់តែច្រើនឡើងដែរ៖ មានបញ្ហាជាច្រើនដែលយើងបានចូលរួមវិភាគទាន។ ទីមួយ យើងបានរួមចំណែកក្នុងការគោរពនីតិរដ្ឋក្នុងកិច្ចការពារសន្តិភាព និងសន្តិសុខពិភពលោក។ ទី២ លើកកម្ពស់កិច្ចការពារជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ។ ទី៣ ក្នុងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី រួមទាំងការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្រិតទឹកសមុទ្រ។ ទី៤ យើងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងលើកកម្ពស់តួនាទីរបស់អង្គការ តំបន់ និងអនុតំបន់ កិច្ចសហប្រតិបត្តិការរវាងអង្គការ តំបន់ និងអនុតំបន់ជាមួយអង្គការសហប្រជាជាតិ ក្នុងកិច្ចការពារសន្តិភាព និងសន្តិសុខក្នុងតំបន់ និងលើពិភពលោក។ ទាំងនេះគឺជាការរួមវិភាគទានដ៏លេចធ្លោរបស់វៀតណាមក្នុងអាណត្តិនេះ។ ប្រសិនបើនិយាយអំពីបរិមាណការងារ យើងបានចូលរួមក្នុងកិច្ចប្រជុំចំនួន ៨៤០លើក នៅថ្នាក់ឯកអគ្គរដ្ឋទូត និងខ្ពស់ជាងនេះ ចូលរួមក្នុងកិច្ចចរចា និងអនុម័តលើឯកសារចំនួន ២៥៤ ហើយក្នុងរយៈពេលតែ ២ ខែក្នុងនាមជាប្រធាន យើងបានអនុម័តលើឯកសារចំនួន ២៦។ វៀតណាមមានគំនិតផ្តួចផ្តើម ដឹកនាំការធ្វើសេចក្តីព្រាង និងដឹកនាំកិច្ចចរចា និងអនុម័តលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខចំនួន២ និងសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាសន្តិសុខចំនួន៣។ ទាំងនោះគឺជាកិច្ចខិតខំប្រឹងប្រែងរួមរបស់យើងដើម្បីរួមចំណែកដល់ក្រុមប្រឹក្សាសន្តិសុខក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ”។

នាពេលខាងមុខ ទោះបីវៀតណាមនឹងលែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខក៏ដោយ ក៏ប្រធានបទអាទិភាពនៅក្នុងក្រុមប្រឹក្សាសន្តិសុខគឺដូចគ្នាទៅនឹងប្រធានបទនៅអង្គការសហប្រជាជាតិ ដែលនៅតែជាការគោរពនីតិរដ្ឋ និងច្បាប់អន្តរជាតិក្នុងការការពារសន្តិភាព និងសន្តិសុខអន្តរជាតិ; ការពារជនស៊ីវិល  និងឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី រួមទាំងការប្រែប្រួលអាកាសធាតុ៕

បកប្រែដោយ Huyen Trang