អញ្ជើញចូលរួមសន្និសីទមានឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក Pham Binh Minh និងតំណាងថ្នាក់ដឹកនាំនៃរាល់ស្ថាប័នពាក់ព័ន្ធ។ មានប្រសាសន៍ក្នុងសន្និសីទ នាយករដ្ឋមន្ត្រី Pham Minh Chinh បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងជោគជ័យរបស់ផ្នែកការទូតក្នុងរយៈពេលកន្លងមក។

leftcenterrightdel
នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទ

វាយតំលៃលើបរិបទការងារនៃផ្នែកការទូតដំណាក់កាល ២០២២-២០២៣ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការប្រកួតប្រជែងជាយុទ្ធសាស្ត្រក្នុងតំបន់កំពុងមាននិន្នាការកើនឡើងនាំមកនូវផលប៉ះពាល់ពហុភាគីដល់វៀតណាម ដោយទាមទារឱ្យផ្នែកការទូតមានវិធានការឆ្លើយតប ដើម្បីទាញយកផលប្រយោជន៍ពីឱកាស និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា។ ការរាតត្បាត Covid-19 បន្តមានភាពស្មុគស្មាញ និងរីករាលដាលដែលទាមទារវិធីសាស្រ្ត និងដំណោះស្រាយជាសកលដើម្បីគ្រប់គ្រងជំងឺនេះ។ រាល់បញ្ហាសកលដូចជា ការប្រែប្រួលអាកាសធាតុ ភាពហិនហោចនៃធនធាន ភាពចាស់នៃចំនួនប្រជាជន និងឧស្សាហកម្ម 4.0 បង្ហាញពីសារៈសំខាន់នៃវិធីសាស្រ្តពហុភាគី និងពហុភាគីនិយម ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។ ទន្ទឹមនឹងនោះ ផ្នែកការទូតត្រូវសំដៅបម្រើគោលដៅស្នូលរបស់បក្ស និងរដ្ឋលើការកសាងលទ្ធិប្រជាធិបតេយ្យសង្គមនិយម និងនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។

ថ្លែងមតិក្នុងសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son បានសង្កត់ធ្ងន់ថា សន្និសីទលើកនេះប្រព្រឹត្តទៅនៅពេលវេលាដ៏សំខាន់បំផុតពោលគឺស្របពេលដែលផ្នែកការទូត រួមនិងប្រទេសជាតិកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ដោយបានខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តខ្ពស់ដើម្បីសម្រេចឱ្យបាននូវគោលដៅជាក់ស្តែងនាពេលបច្ចុប្បន្ន។

ក្នុងស្មារតីនោះ សន្និសីទលើកទី៣១ ផ្តោតលើការវាយតម្លៃ និងការព្យាករណ៍ស្ថានភាពអន្តរជាតិ និងតំបន់ដែលប៉ះពាល់ដល់សន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសយើង កំណត់នូវរាល់វិធានការដើម្បីអនុវត្តស្របគ្នា ប្រកបដោយភាពច្នៃប្រឌិត និងប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចការបរទេស ដែលបានកំណត់នៅក្នុងឯកសារនៃមហាសន្និបាតបក្សលើកទី XIII ។ ទន្ទឹមនឹងនោះ អង្គសន្និសីទនឹងពិភាក្សាអំពីវិធានការកសាងទំនាក់ទំនងការទូតដ៏ទូលំទូលាយ និងទំនើបស្របតាមគោលនយោបាយរបស់មហាសន្និបាតបក្សលើកទី XIII ជាពិសេសការកសាងទំនាក់ទំនងការទូតដ៏រឹងមាំខាងផ្នែកនយោបាយ និងមនោគមវិជ្ជា ភាពក្លាហានបដិវត្តន៍ សីលធម៌ សមត្ថភាពឈានទៅដល់កម្រិតតំបន់ និងកម្រិតអន្តរជាតិ។

មតិ និងសុន្ទរកថារបស់ប្រតិភូមកពីគ្រប់ស្ថាប័នពាក់ព័ន្ធ បានវាយតម្លៃខ្ពស់ចំពោះប្រធានបទ និងខ្លឹមសារដែលបានពិភាក្សានៅសន្និសីទនេះ។ តំណាងនៃតំបន់ និងសហគ្រាសនានាដែលចូលរួមសន្និសីទបានសម្តែងការកោតសរសើរចំពោះក្រសួងការបរទេស និងស្ថាប័នបេសកកម្មតំណាងវៀតណាមនៅបរទេសដោយបានអមដំណើរ និងជួយដល់មូលដ្ឋាន និងអាជីវកម្មក្នុងសកម្មភាពធុរកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងសង្ឃឹមថា ផ្នែកការទូតនឹងជំរុញបន្ថែមទៀតនូវសេដ្ឋកិច្ចការទូតសម្រាប់ការអភិវឌ្ឍប្រជាជន មូលដ្ឋាន និងសហគ្រាស ជាមជ្ឈមណ្ឌលបម្រើក្នុងដំណាក់កាលធ្វើសមាហរណកម្មអន្តរជាតិដ៏ទូលំទូលាយ៕

បកប្រែដោយ Minh Trung