នៅក្នុងអត្ថបទថ្មីៗនេះ សារព័ត៌មាន Nikkei Asian Review របស់ប្រទេសជប៉ុនបានសង្កត់ធ្ងន់ថា អាស៊ីអាគ្នេយ៍កំពុងប្រកួតប្រជែងដើម្បីស្ដារឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ទាំងស្រុង។ ដោយលើកឡើងពីករណីជាគំរូគឺប្រទេសវៀតណាមតែម្តង អ្នកនិពន្ធពីរនាក់គឺ Onishi Tomoya និង Nakano Takashi បាននិយាយថា ប្រទេសមានរាងអក្សរ S កំពុងសម្របខ្លួនទៅនឹងស្ថានភាពប្រក្រតីថ្មីយ៉ាងឆាប់រហ័ស។ “រោងចក្រប្រហែល ២០០ នៅវៀតណាមដែលជាដៃគូជាមួយម៉ាកយីហោកីឡាដ៏ល្បីល្បាញ Nike បានចាប់ផ្ដើមខ្សែសង្វាក់ផលិតកម្មឡើងវិញហើយ។ សម្ព័ន្ធក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង និងក្រុមហ៊ុន Intel របស់សហរដ្ឋអាមេរិកក៏បានបង្កើនការជួយគាំទ្ររបស់ពួកគេផងដែរដើម្បីឱ្យសកម្មភាពអាជីវកម្មរបស់ពួកគេនៅទីនេះនឹងបើកដំណើរការឡើងវិញជាបណ្តើរៗនៅក្នុងខែវិច្ឆិកានេះ" Nikkei Asian Review បានដកស្រង់សម្តី។

ឥទ្ធិពលនៃវិធានការទប់ស្កាត់ និងរឹតបន្តឹងកាន់តែតឹងរឹងដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាត Covid-19 បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មរថយន្តនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលថ្មីៗនេះ។ យោងតាម Nikkei Asian Review វៀតណាមមានរោងចក្រជាច្រើនដែលផលិតខ្សែភ្លើង ខណៈដែលប្រទេសម៉ាឡេស៊ីជាមជ្ឈមណ្ឌលផលិតឧបករណ៍អេឡិចត្រូនិក។ គិតត្រឹមតែប្រទេសវៀតណាមតែប៉ុណ្ណោះបានផ្តល់ខ្សែភ្លើងប្រហែល ៤០% សម្រាប់រថយន្តដែលនាំចូលទៅប្រទេសជប៉ុន។

leftcenterrightdel
រោងចក្រជាច្រើននៅក្នុងប្រទេសវៀតណាមបានចាប់ផ្តើមសកម្មភាពផលិតកម្មឡើងវិញ

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលចំនួនករណី Covid-19 នៅក្នុងប្រទេសវៀតណាមបានថយចុះជាបណ្តើរៗពីកម្រិតកំពូលនៅចុងខែសីហា ក្រុមហ៊ុនផលិតគ្រឿងបន្លាស់អគ្គិសនី និងអេឡិចត្រូនិច ដែលចាំបាច់សម្រាប់វិស័យឧស្សាហកម្មរថយន្តក៏ចាប់ផ្តើមដំណើរការជាធម្មតាម្តងទៀត។ យោងតាម Nikkei Asian Review ឱ្យដឹងថា ជាឧទាហរណ៍ ក្រុមហ៊ុន Furukawa Electric Company ត្រូវបានគេរំពឹងថានឹងដំណើរការពេញសមត្ថភាពនៅរោងចក្រចំនួន ៣ ក្នុងប្រទេសវៀតណាម។ នៅទីក្រុងហូជីមិញ តែម្នាក់ឯង ក្រុមហ៊ុន Furukawa Electric មានបុគ្គលិកប្រហែល ៨,០០០នាក់។ ក្រុមហ៊ុនផ្គត់ផ្គង់ផ្សេងទៀតដូចជា Yazaki និង Sumitomo Electric Industries ក៏គ្រោងនឹងចាប់ផ្តើមផលិតកម្មឡើងវិញនៅក្នុងប្រទេសវៀតណាមផងដែរ។

យោងតាមកាសែតអាល្លឺម៉ង់ Deutsche Welle (DW) ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ អាស៊ីអាគ្នេយ៍បានលេចចេញជាតួអង្គសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ប្រទេសដូចជាវៀតណាម ថៃ និងម៉ាឡេស៊ី បានក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំបំផុតសម្រាប់វិស័យឧស្សាហកម្មរថយន្ត កុំព្យូទ័រ អេឡិចត្រូនិក និងសម្លៀកបំពាក់។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពផលិតកម្មក្នុងតំបន់ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយការផ្ទុះឡើងវិញនៃមេរោគ SARS-CoV-2 ក្នុងប៉ុន្មានខែថ្មីៗនេះដែលភាគច្រើនត្រូវបានសន្មតថាគឺដោយសារមេរោគបំលែងថ្មី Delta ដែលមានសមត្ថភាពឆ្លងខ្លាំង។

ប្រឈមមុខនឹងស្ថានភាពនោះ DW វាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់រដ្ឋាភិបាល និងអាជ្ញាធរនៃគ្រប់ប្រទេសក្នុងការគាំទ្រអាជីវកម្មឱ្យស្តារផលិតកម្មឡើងវិញយ៉ាងឆាប់រហ័ស។ ជាពិសេស បើយោងតាមកាសែតអាល្លឺម៉ង់ វៀតណាមបាននិងកំពុងបង្កើតលក្ខខណ្ឌសម្រាប់រោងចក្រនានាក្នុងការបើកដំណើរការប្រសិនបើពួកគេអនុវត្តវិធានការទប់ស្កាត់យ៉ាងតឹងរឹង រួមទាំងការផ្តល់កន្លែងស្នាក់នៅ  ឬ រៀបចំការដឹកជញ្ជូនសាធារណៈដល់បុគ្គលិក កម្មករក្នុងស្ថានភាពថ្មីដើម្បីធានាឱ្យបានតឹងរឹង និងមានសុវត្ថិភាព។

ដោយសារការរំពឹងទុកនៃស្ថិរភាពយ៉ាងឆាប់រហ័សនៃស្ថានភាពជំងឺរាតត្បាត និងការស្ដារឡើងវិញនូវសកម្មភាពផលិតកម្ម DW បានវាយតម្លៃថា វៀតណាមនៅតែជាគោលដៅទាក់ទាញសម្រាប់លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយសារតែមានភាពស្វាហាប់នៃទីផ្សារការងារ និងតម្រូវការប្រើប្រាស់កើនឡើង ហើយនិងលក្ខខណ្ឌអំណោយផលជាច្រើនក្នុងការទាក់ទាញទុន FDI។ នៅក្នុងរបាយការណ៍សន្ទស្សន៍បរិយាកាសធុរកិច្ច (BCI) ដែលបានចេញផ្សាយនាពេលថ្មីៗនេះនៃត្រីមាសទី ៣ ឆ្នាំ ២០២១ សមាគមធុរកិច្ចអឺរ៉ុបនៅវៀតណាម (EuroCham) ក៏បាននិយាយថា មេដឹកនាំធុរកិច្ចអឺរ៉ុបមានសុទិដ្ឋិនិយមជាងចំពោះបរិយាកាសទីផ្សារធុរកិច្ចរបស់វៀតណាម បន្ទាប់ពីបញ្ចប់ការរក្សាគម្លាតសង្គម។

លើសពីនេះ ការចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 គឺជាមូលដ្ឋានដើម្បីស្តារផលិតកម្មឡើងវិញ។ DW បាននិយាយថា សារៈសំខាន់របស់វៀតណាមចំពោះដំណើរការស្តារខ្សែសង្វាក់ផ្គត់ផ្គង់ក៏ជាហេតុផលមួយដែលសហភាពអឺរ៉ុប ឬសហរដ្ឋអាមេរិកបានផ្តល់អាទិភាពដល់ការគាំទ្រវ៉ាក់សាំងរាប់លានដូសក្នុងពេលកន្លងមក ដែលជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់ពួកគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លោក Sian Fenner សេដ្ឋវិទូនៃក្រុមហ៊ុនប្រឹក្សា Oxford Economics (UK) បាននិយាយបែបនេះ៕

បកប្រែដោយ Minh Trung