អ្នកយកព័ត៌មាន៖ តើលោករដ្ឋមន្ត្រីអាចនិយាយអំពីសារៈសំខាន់នៃព្រឹត្តិការណ៍ដែលលោកសាស្ត្រាចារ្យរង បណ្ឌិត ឯកអគ្គរដ្ឋទូត Nguyen Hong Thao បានជាប់ឆ្នោតជ្រើសតាំងសាជាថ្មីជាសមាជិក ILC សម្រាប់អាណត្តិ ២០២៣-២០២៧ បានឬទេ?

លោករដ្ឋមន្ត្រី Bui Thanh Son៖ ការដែលលោកឯកអគ្គរដ្ឋទូត Nguyen Hong Thao ត្រូវបានជាប់ឆ្នោតជ្រើសតាំងសាជាថ្មីជាសមាជិក ILC សម្រាប់អាណត្តិ ២០២៣-២០២៧ មានអត្ថន័យសំខាន់ៗ។

ទីមួយ រួមចំណែកអះអាងនូវគោលការណ៍ដ៏ត្រឹមត្រូវរបស់បក្ស និងរដ្ឋស្តីពីការអនុវត្តព្រមៗគ្នា នវានុវត្តន៍ និងមានប្រសិទ្ធភាព នូវសកម្មភាពកិច្ចការបរទេស និងចូលរួមយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងស៊ីជម្រៅ លើកកម្ពស់កិច្ចការបរទេសពហុភាគី ពង្រឹង និងពង្រីកទំនាក់ទំនងជាមួយដៃគូទាំងឡាយនៅលើពិភពលោកឲ្យកាន់តែស៊ីជម្រៅ។ ការដែលលោកឯកអគ្គរដ្ឋទូត Nguyen Hong Thao ត្រូវបានជាប់ឆ្នោតជ្រើសតាំងសាជាថ្មីជាសមាជិក ILC ក្នុងលទ្ធផលខ្ពស់ បញ្ជាក់ពីការគាំទ្រ និងជំនឿទុកចិត្តពីសហគមន៍អន្តរជាតិសម្រាប់វៀតណាម ព្រមទាំងបញ្ជាក់ថា ឋានៈ និងកិត្យានុភាពរបស់វៀតណាមមួយថ្ងៃកាន់តែកើនឡើងខ្ពស់នៅលើឆាកអន្តរជាតិ។

ទីពីរ ការបន្តចូលរួមរបស់វៀតណាមនៅក្នុង ILC បានអះអាងថា វៀតណាមម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ រួមចំណែកក្នុងការកសាងច្បាប់អន្តរជាតិ រួមជាមួយនឹងសហគមន៍អន្តរជាតិខិតខំប្រឹងប្រែង ដើម្បីពិភពលោកប្រកបដោយសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ ការគោរពច្បាប់អន្តរជាតិ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងវឌ្ឍនភាពសង្គម។

ទី៣ បង្ហាញពីការរីកចម្រើននៃកិច្ចការបរទេសពហុភាគីរបស់វៀតណាម ដែលបញ្ជាក់ពីភាពជឿជាក់របស់អន្តរជាតិចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងការរួមវិភាគទានយ៉ាងសកម្ម ដោយមានទំនួលខុសត្រូវរបស់វៀតណាម ចំពោះអង្គការសហប្រជាជាតិ និងស្ថាប័នពហុភាគី។ ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍នេះក៏បញ្ជាក់ផងដែរថា លក្ខណៈសម្បត្តិ និងសមត្ថភាពរបស់កម្មាភិបាលកិច្ចការបរទេសរបស់វៀតណាមនិយាយរួម និងកិច្ចការបរទេសពហុភាគីនិយាយដោយឡែកគឺកាន់តែមានភាពប្រសើរឡើង ឈានទៅដល់កម្រិតតំបន់ និងពិភពលោក។ សម្រាប់លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao ការជាប់ឆ្នោតជ្រើសតាំងសាជាថ្មីជាសមាជិក ILC គឺជាការទទួលស្គាល់ដ៏សក្តិសមរបស់អន្តរជាតិ សម្រាប់លក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ ក៏ដូចជាការរួមវិភាគទានយ៉ាងសកម្មរបស់លោកឯកអគ្គរដ្ឋទូតក្នុងការលើកកម្ពស់បញ្ហាច្បាប់អន្តរជាតិសំខាន់ៗក្នុងអំឡុងពេលបំពេញបេសកកម្មនៅ ILC សម្រាប់អាណត្តិ ២០១៧-២០២២។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao (ឆ្វេងដៃ) នៅឯការបោះឆ្នោត (រូបថត៖ vnanet.vn)

អ្នកយកព័ត៌មាន៖ តើលោករដ្ឋមន្ត្រីអាចនិយាយអំពីការលំបាក និងឧបសគ្គក្នុងយុទ្ធនាការចលនាបោះឆ្នោតនៅ ILC និងវិធានការដែលក្រសួងការបរទេសបានអនុវត្តដែរឬទេ?

លោករដ្ឋមន្ត្រី Bui Thanh Son៖ ការបោះឆ្នោតនៅទីភ្នាក់ងារអភិវឌ្ឍន៍ច្បាប់អន្តរជាតិដ៏មានកិត្យានុភាពដូចជា ILC តែងតែមានភាពប្រកួតប្រជែងយ៉ាងខ្លាំង។ ជាការពិត សម្រាប់អាណត្តិ ២០២៣-២០២៧ នៅគ្រប់តំបន់ទាំងអស់មានចំនួនបេក្ខជនច្រើន។ លើសពីនេះ ជំងឺរាតត្បាត Covid-19 ក្នុងរយៈពេលពីរឆ្នាំកន្លងមក បានបង្កឧបសគ្គជាច្រើនដល់ការផ្លាស់ប្តូរ និងសកម្មភាពអន្តរជាតិ ដូច្នេះហើយបានបង្កការលំបាកជាខ្លាំងសម្រាប់យុទ្ធនាការចលនាបោះឆ្នោត និងការណែនាំបេក្ខជន។

ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាល ក្រសួងការបរទេស ដែលជាស្ថាប័នសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បានអនុវត្តយុទ្ធនាការចលនាបោះឆ្នោតនៅកម្រិតជាច្រើន និងតាមរយៈបណ្តាញការបរទេសជាច្រើន ជាពិសេសកិច្ចការបរទេសថ្នាក់ជាន់ខ្ពស់ និងតាមរយៈគណៈបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ។ បណ្តាប្រទេស និងមិត្តភ័ក្តិអន្តរជាតិបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះឋានៈ កិត្យានុភាព ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង និងសមត្ថភាពរួមវិភាគទានរបស់វៀតណាមក្នុងអង្គការ និងស្ថាប័នពហុភាគីជាច្រើន រួមទាំង ILC ផងដែរ។ ដូច្នេះ ទោះបីជាមានការលំបាកជាច្រើនក៏ដោយ ក៏វៀតណាមសម្រេចបានគោលដៅដែលបានដាក់ចេញផង។

ខ្ញុំជឿជាក់ថា លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao នឹងបន្តរួមវិភាគទានយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការងាររបស់ ILC រួមចំណែកលើកកម្ពស់ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាម ព្រមទាំងពង្រឹងតួនាទីរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ បន្តអះអាងយ៉ាងច្បាស់ថា វៀតណាមជាមិត្ត ជាដៃគូគួរឱ្យទុកចិត្ត និងជាសមាជិកសកម្ម និងមានទំនួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ សក្តិសមនឹងជំនឿទុកចិត្តពីអន្តរជាតិ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោករដ្ឋមន្ត្រី!

បកប្រែដោយ Huyen Trang