ទុនបរទេសបន្តហូរចូលវៀតណាម

ការយកឈ្នះលើការលំបាកដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ ទាក់ទាញការវិនិយោគបរទេសរបស់វៀតណាម ក្នុងរយៈពេល ៩ ខែនៅតែកើនឡើង ៤.៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដោយឈានដល់ ២២.១៥ ពាន់លានដុល្លារ។ វាយតម្លៃលទ្ធផលនៃការទាក់ទាញទុនវិនិយោគបរទេសក្នុងរយៈពេល ៩ ខែ លោកស្រី Nguyen Thi Bich Ngoc អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ បានមានប្រសាសន៍ថា សម្រាប់វិនិយោគិនដែលកំពុងធ្វើអាជីវកម្មនៅវៀតណាមទោះបីជួបការលំបាកជាច្រើនដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ប៉ុន្តែសហគ្រាសវិនិយោគផ្ទាល់ពីបរទេសជាច្រើននៅតែប្តេជ្ញាជំរុញការវិនិយោគ និងការបណ្តាក់ទុនបន្ថែមលើគម្រោងនានានៅវៀតណាម។ លទ្ធផលនេះបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនបរទេសចំពោះបរិយាកាសវិនិយោគប្រកបដោយស្ថិរភាព សុវត្ថិភាព និងទាក់ទាញការចាប់អារម្មណ៍ដោយមានសក្តានុពល និងគុណសម្បត្តិលេចធ្លោជាច្រើនរបស់វៀតណាម។ គេអាចមើលឃើញថា ការលំបាកដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ -១៩ គ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោះទេ។

leftcenterrightdel
Samsung អេឡិចត្រូនិកវៀតណាម ពង្រឹងវិធានការដើម្បីការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ 

ដោយវាយតំលៃខ្ពស់ពីបរិយាកាសវិនិយោគនៅវៀតណាម តំណាងសហគ្រាស FDI មួយចំនួនបាននិយាយថា ពួកគេនៅតែជឿជាក់ និងបន្តមានផែនការពង្រីកផលិតកម្ម និងសកម្មភាពអាជីវកម្មរបស់ខ្លួននៅទីនេះ។ លោក Choi Joo Ho អគ្គនាយកនៃ Samsung Vietnam Complex បាននិយាយថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ Samsung Vietnam នៅតែរក្សាការផលិត និងនាំចេញ ហើយប្រសិនបើរោងចក្រនៅទីក្រុងហូជីមិញ ដំណើរការឡើងវិញឆាប់ៗនោះ ក្រុមហ៊ុននឹងសម្រេចបានគោលដៅនាំចេញរបស់ខ្លួននៅឆ្នាំនេះ។ “ថ្វីត្បិតតែការរីករាលដាលនៃជំងឺកូវីដ ១៩ បានបង្កការលំបាកក្នុងរយៈពេលវែងក្តី វៀតណាមនៅតែជាគោលដៅមកដល់ដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Samsung វៀតណាមកំពុងបន្តសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍដែលមានទំហំទឹកប្រាក់ជាង ២២០ លានដុល្លារនៅទីក្រុងហាណូយ។ លើសពីនេះទៅទៀត នៅពេលខាងមុខនេះក្រុមហ៊ុន Samsung នឹងបន្តពង្រីកផលិតកម្ម និងបន្តវិនិយោគលើឧបករណ៍សម្រាប់រោងចក្រចំនួន ៦ ដែលកំពុងដំណើរការនៅក្នុងប្រទេសវៀតណាម” នេះជាប្រសាសន៍របស់លោក Choi Joo Ho។

លោក Binu Jacob អគ្គនាយកក្រុមហ៊ុន Nestlé Vietnam បានមានប្រសាសន៍ថា ប្រសិនបើវៀតណាមអាចប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពខណៈធានាបាននូវប្រតិបត្តិការនៃសង្វាក់ផ្គត់ផ្គង់ គឺការវិនិយោគបរទេសនឹងបន្តកើនឡើងក្នុងរយៈពេលវែង។ លោកបានប្រាប់ឱ្យដឹងទៀតថា សម្ព័ន្ធក្រុមហ៊ុន Nestlé សម្រេចចិត្តវិនិយោគ ១៣២ លានដុល្លារអាមេរិកដើម្បីសាងសង់រោងចក្រថ្មីនៅខេត្ត Dong Nai ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ ដោយប្រែក្លាយវៀតណាមទៅជាមជ្ឈមណ្ឌលផលិតរបស់ Nestlé នៅអាស៊ី និងអូសេអានី។ ទាក់ទងនឹងមូលហេតុដែល Nestlé សម្រេចចិត្តពង្រីកការវិនិយោគនេះ លោក Binu Jacob បាននិយាយថា រោងចក្រផលិតនៅប្រទេសវៀតណាម បច្ចុប្បន្នគឺជារោងចក្រប្រកបដោយប្រសិទ្ធភាពឈានមុខគេរបស់ Nestlé។

យកចិត្តទុកដាក់ដោះស្រាយបញ្ហាលំបាកសម្រាប់វិនិយោគិន

នៅក្នុងបរិបទដ៏លំបាកនាពេលបច្ចុប្បន្ន នៅពេលដែលប្រទេសទាំងមូលកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ ១៩ នោះ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់វិនិយោគិន បរិយាកាសវិនិយោគដោយផ្តោតសំខាន់ទៅលើការធ្វើឱ្យប្រសើរឡើង ការបង្កើតបរិយាកាសវិនិយោគអាជីវកម្មប្រកបដោយភាពសមភាព យុត្តិធម៌ និងតម្លាភាព។ នាយករដ្ឋមន្រ្តីបានរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ដើម្បីស្តាប់នូវមតិយោបល់របស់វិនិយោគិន ព្រមទាំងបញ្ជាឱ្យគ្រប់ក្រសួង ស្ថាប័ន និងមូលដ្ឋានធ្វើការពិចារណា គិតគូរ និងដោះស្រាយរាល់ការលំបាក ឧបសគ្គដើម្បីឱ្យពួកគេអាចមានទំនុកចិត្តក្នុងការវិនិយោគនៅវៀតណាមក្នុងរយៈពេលវែង។

Dong Nai គឺជាតំបន់មួយដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ លើកទី ៤ ប៉ុន្តែចំនួនសរុបនៃការទាក់ទាញ និងវិនិយោគផ្ទាល់ពីបរទេសនៅ Dong Nai ក្នុងរយៈពេល ៩ ខែចុងក្រោយនៅតែកើនឡើង ២៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចែករំលែកបទពិសោធន៍ក្នុងការទាក់ទាញលំហូរទុនបរទេស លោកស្រី Nguyen Thi Hoang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Nai បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ គណៈកម្មាធិការប្រជាជនខេត្តបានដឹកនាំបណ្តាមន្ទីរ អង្គភាព និងស្ថាប័នចំណុះនានា បង្កើតផែនការទាក់ទាញការវិនិយោគបរទេសពីគ្រប់ទីផ្សារ។

Bac Ninh ក៏ជាគោលដៅមកដល់ដ៏ទាក់ទាញមួយរបស់វិនិយោគិនបរទេសជាច្រើនផងដែរ។ ចែករំលែកបទពិសោធន៍ទាក់ទាញ FDI នៅ Bac Ninh លោក Vuong Quoc Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Ninh បានឱ្យដឹងថា ដោយសារគោលនយោបាយសមស្រប បានជាសាជីវកម្មឆ្លងដែនជាច្រើននៅលើពិភពលោកបានមកវិនិយោគទុននៅខេត្ត Bac Ninh។

ដោយអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលអមដំណើរ និងបង្កើតលក្ខខ័ណ្ឌអំណោយផលដ៏ល្អបំផុត សម្រាប់ការអភិវឌ្ឍនៃសហគ្រាស FDI អនុរដ្ឋមន្រ្តីក្រសួងផែនការ និងវិនិយោគ លោកស្រី Nguyen Thi Bich Ngoc បានសង្កត់ធ្ងន់ថា ដើមទុន FDI បានក្លាយជាផ្នែកដ៏សំខាន់មួយនៃសេដ្ឋកិច្ច រួមចំណែកវិជ្ជមានចំពោះកំណើននៃថវិការដ្ឋ បង្កើនតម្លៃនៃទំហំនាំចេញ បង្កើតការងារ និងលើកកំពស់ប្រាក់ចំណូលរបស់ពលករ។  ជំងឺរាតត្បាត កូវីដ ១៩  បានដាក់សម្ពាធលើក្រសួង ស្ថាប័ន និងតំបន់នានាដើម្បីបន្តកែលម្អស្ថាប័ន កែលម្អបរិយាកាសវិនិយោគ អាជីវកម្ម និងកែសម្រួលបទប្បញ្ញត្តិដែលមិនសមស្របទៀតដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិននឹងចិត្តវិនិយោគក្នុងរយៈពេលវែងនៅវៀតណាមប្រកបដោយនិរន្តរភាព៕

បកប្រែដោយ Minh Trung