ភ្លាមៗបន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានជួបសន្ទនាជាមួយលេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក  Miguel Díaz-Canel ។

leftcenterrightdel
ពិធីបដិសណ្ឋារកិច្ចជាផ្លូវការលោកប្រធានរដ្ឋ Nguyen Xuan Phuc ក្រោមអធិបតីភាពរបស់លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក  Miguel Díaz-Canel

ពង្រឹងសាមគ្គីភាពជាភាតរភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងគុយបា

ក្នុងបរិយាកាសពោរពេញទៅដោយភាពជាសមមិត្ត ភាតរភាព ការយោគយល់គ្នា និងការជឿទុកចិត្តគ្នា លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកប្រធានរដ្ឋ Miguel Díaz-Canel បានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពថ្មីៗនៃប្រទេសនីមួយៗ ដោយផ្តោតលើការផ្លាស់ប្តូរទិសដៅ និងវិធានការដើម្បីពង្រឹងសាមគ្គីភាព ភាតរភាព កិច្ចសហប្រតិបត្តិការរវាងបក្ស រដ្ឋ និងប្រជាជនវៀតណាម និងគុយបា ព្រមទាំងផ្លាស់ប្តូរអំពីបញ្ហាតំបន់ និងអន្តរជាតិ សេដ្ឋកិច្ច ដែលមានផលប្រយោជន៍ទៅវិញទៅមក។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានពាំនាំនូវការសួរសុខទុក្ខយ៉ាងកក់ក្ដៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាមជូនចំពោះលោកប្រធានរដ្ឋ  Miguel Díaz-Canel និងលោកនាយឧត្តមសេនីយ៍ Raul Castro រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ៗគុយបា ដទៃទៀត។ លោក Nguyen Xuan Phuc បានអបអរសាទរចំពោះបក្ស រដ្ឋ និងប្រជាជនគុយបាដែលសម្រេចបាននូវសមិទ្ធផលថ្មីៗនៅក្នុងបរិបទនៃស្ថានភាពអន្តរជាតិដែលមានការវិវឌ្ឍមិនអាចទាយទុកជាមុនបាន ជាពិសេសផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ ១៩ និងគោលនយោបាយហ៊ុមព័ទ្ធ ប្រឆាំងប្រទេសគុយបា។ ជាមួយគ្នានេះដែរ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី ៨ របស់បក្សកុម្មុយនិស្តគុយបា (ខែមេសាឆ្នាំ ២០២១) និងជឿជាក់យ៉ាងមោះមុតថា ប្រជាជនគុយបា នឹងសម្រេចបាននូវសមិទ្ធផលជាច្រើនថែមទៀតក្នុងបុព្វហេតុការពារ និងកសាងប្រទេសជាតិប្រកបដោយសម្បូររុងរឿង និងនិរន្តរភាព។

រីឯខ្លួនវិញ លោកប្រធានរដ្ឋ Miguel Díaz-Canel បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ទៅកាន់ប្រទេសគុយបា បន្ទាប់ពីមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ទទួលបានលទ្ធផលជោគជ័យជាផ្លែផ្កា ។ លោកប្រធានរដ្ឋ Miguel Díaz-Canel បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមចំពោះសាមគ្គីភាព ការគាំទ្រដ៏ស្មោះស្ម័គ្រមិនលំអៀង និងតម្លាភាពចំពោះបុព្វហេតុបដិវត្តន៍គុយបា និងចំពោះប្រជាជនគុយបា នាពេលកន្លងមក រហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងគ្រាលំបាក។

ភាគីទាំងពីរមានសេចក្តីរីករាយដោយឃើញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីក្នុងរយៈពេលកន្លងមកបន្តសម្រេចបាននូវការវិវឌ្ឍថ្មីៗ និងវិជ្ជមានលើគ្រប់វិស័យ។ ទំនាក់ទំនងនយោបាយ-ការទូតល្អផូរផង សាមគ្គីភាព និងការជឿទុកចិត្តរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លាទោះបីមានការលំបាកក៏ដោយ។ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគបានបន្តរក្សា និងពង្រីកក្នុងវិស័យមួយចំនួន ទោះបីមានការលំបាកដោយសារផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ ១៩ ក្តី។

លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកប្រធានរដ្ឋ Miguel Díaz-Canel បានឯកភាពថា នាពេលខាងមុខភាគីទាំងពីរចាំបាច់បន្តពង្រឹងទំនាក់ទំនងនយោបាយតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រក្សាភាពទៀងទាត់ ភាព​បត់បែននិងបង្កើនប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ។ ភាគីទាំងពីរនឹងសម្របសម្រួលដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីប្រកបដោយប្រសិទ្ធភាព បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីក្នុងកម្រិតមួយសមស្របនឹងសក្តានុពល និងទំនាក់ទំនងនយោបាយល្អរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថ្លែងអំណរគុណដោយស្មោះចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រសួងសុខាភិបាល ផ្នែកឱសថជីវសាស្ត្រគុយបា ដែលបានចែករំលែក និងផ្តល់អាទិភាពខ្ពស់បំផុតដល់ការផ្គត់ផ្គង់ និងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ ១៩ របស់គុយបា ដល់វៀតណាម។ នេះគឺជាការបង្ហាញឱ្យឃើញច្បាស់នូវការគាំទ្រទាន់ពេលវេលាដែលគុយបា តែងតែផ្តល់ជូនវៀតណាម។

ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាម បានប្រកាសការសម្រេចចិត្តផ្តល់ជូនប្រជាជនគុយបា នូវអំណោយជាអង្ករចំនួន ៥,០០០ តោន និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន។ ក្រសួង ផ្នែក ដៃគូមួយចំនួនទៀតក៏មានអំណោយជាក់ស្តែងជូនដល់ក្រសួងផ្នែក និងដៃគូនានារបស់គុយបា ផងដែរ។

leftcenterrightdel
ប្រធានរដ្ឋទាំងពីរធ្វើជាសក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារនានារវាងភាគីទាំងពីរ

ត្រៀមខ្លួនជាស្រេចក្នុងការផ្លាស់ប្តូរបទពិសោធន៍ជាមួយរដ្ឋសភាគុយបា

នាថ្ងៃទី ១៩ ខែកញ្ញា នៅទីស្នាក់ការរដ្ឋសភាគុយបា លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់​វៀតណាម បានជួបសន្ទនាជាមួយប្រធានរដ្ឋសភា គុយបា Esteban Lazo Hernández។

លោកប្រធានរដ្ឋបានមានប្រសាសន៍ថា បក្ស រដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាមមានបំណងបន្តអភិវឌ្ឍទំនាក់ទំនងជាគំរូរវាងវៀតណាម និងគុយបា  ដែលបានបង្កើតឡើងនិងពូនជ្រំដោយលោកប្រធានហូជីមិញ និងអគ្គមគ្គុទ្ទេសន៏ Fidel Castro រួមនិងមេដឹកនាំជំនាន់ជាច្រើននៃប្រទេសទាំងពីរ។

មេដឹកនាំទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានបន្តមានការវិវឌ្ឍជាវិជ្ជមានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីទាំងពីររក្សាការផ្លាស់ប្តូរកម្រិតខ្ពស់នៃទស្សនកិច្ច កិច្ចសហប្រតិបត្តិការទ្វេភាគី និងរាល់យន្តការជួយគាំទ្រគ្នាទៅវិញទៅមក រួមនិងការជួយគ្នាទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ជឿជាក់ថា រដ្ឋសភាទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ គាំទ្រគ្នាយ៉ាងសកម្មនូវរាល់សកម្មភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយៈការផ្តល់សច្ចាប័នលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែកៀកស្មា គាំទ្រគុយបា  និងតវ៉ាទាមទារឱ្យដកគោលនយោបាយឡោមព័ទ្ធ និងហ៊ុមព័ទ្ធប្រឆាំងគុយបា ដូចដែលបានបង្ហាញតាមរយៈការបោះឆ្នោត ក៏ដូចជាការថ្លែងមតិនៅឯមហាសន្និបាតអង្គការសហប្រជាជាតិអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

* ក្នុងឱកាសអញ្ជើញមកទីក្រុង La Habana  លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក៏បានមកដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍វីរបុរសជាតិ José Marti ៕

បកប្រែដោយ Minh Trung