“បងប្អូនជនរួមជាតិ យុទ្ធជនទូទាំងប្រទេស និងជនរួមជាតិរបស់យើងនៅបរទេសជាទីរាប់អានមេត្រី”

នាពេលកន្លងមក ដោយប្រឈមមុខនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃស្ថានភាពរីករាលដាលនៃជំងឺ Covid-19 បក្ស និងរដ្ឋរបស់យើងបានចេញសេចក្តីណែនាំដឹកនាំជាច្រើនស្តីពីការបង្កើនការការពារប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ការថែរក្សា ការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងការពារសុខភាពប្រជាជន និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីជួយគាំទ្រដល់ប្រជាជន និងអង្គភាពអាជីវកម្មដែលជួបការលំបាកដោយសារផលប៉ះពាល់នៃការរាតត្បាតនៃជំងឺ Covid-19 ... អាជ្ញាធរគ្រប់ជាន់ថ្នាក់ គ្រប់វិស័យ គ្រប់មូលដ្ឋាន និងប្រជាជនទូទាំងប្រទេសបានអនុវត្តយ៉ាងសកម្ម និងឆាប់រហ័សនូវរាល់វិធានការតឹងរ៉ឹងដូចជា ការរក្សាគម្លាត ការធ្វើចត្តាឡីស័ក ការរក្សាគម្លាតសង្គម “យុទ្ធសាស្ត្រចាក់វ៉ាក់សាំង” និង “វ៉ាក់សាំង និងវិធានការ ៥ ពុំ”...ដើម្បីការពារប្រយុទ្ធប្រឆាំងការរីករាលជំងឺ ហើយជាជំហានដំបូងៗគឺទទួលបានលទ្ធផលវិជ្ជមានមួយចំនួនផងដែរ។

leftcenterrightdel
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong

ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ សូមកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាជនក្នុងប្រទេស និងជនរួមជាតិរបស់យើងនៅបរទេសដែលបានលើកកម្ពស់ប្រពៃណីស្នេហាជាតិ និងស្មារតីជួយគាំពារគ្នាទៅវិញទៅមក។ ខ្ញុំសូមថ្លែងអំណរគុណដល់សហគមន៍អន្ដរជាតិដែលបានចូលរួមគាំទ្រ និងចូលរួមជាមួយប្រទេសវៀតណាមក្នុងការប្រយុទ្ធប្រឆាំងរោគរាតត្បាតនេះ។ ខ្ញុំសូមកោតសរសើរការចូលរួមបានទាន់ពេលវេលា និងសកម្មនៃប្រព័ន្ធនយោបាយទាំងមូលដែលបានចូលរួមចំណែកក្នុងការគ្រប់គ្រង និងការពារការផ្ទុះឡើងនៃជំងឺ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ថែទាំជីវភាពរស់នៅ និងការពារសុខភាពប្រជាជន។

បច្ចុប្បន្ននេះស្ថានភាពនៃការរាតត្បាតជំងឺ Covid-19 កំពុងតែវិវឌ្ឍយ៉ាងស្មុគស្មាញ យ៉ាងលឿន បង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម និងគ្រប់ទិដ្ឋភាពនៃជីវិត។ ដោយប្រកាន់ខ្ជាប់នូវស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធជាមួយសត្រូវ” បានជាភារកិច្ចការពារសុខភាព និងអាយុជីវិតរបស់ប្រជាជនគឺសំខាន់បំផុត មុនគេបំផុត ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ខ្ញុំសូមអំពាវនាវដោយស្មោះដល់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល រួមនិងជនរួមជាតិរបស់យើងនៅបរទេសថា៖ យើងបានខិតខំប្រឹងប្រែងហើយ តែគប្បីខិតខំប្រឹងប្រែងថែមទៀត, យើងបានសាមគ្គីគ្នាហើយ តែគប្បីសាមគ្គីថែមទៀត, យើងបានប្តេជ្ញាចិត្តហើយ តែគប្បីប្តេជ្ញាចិត្តថែមទៀត ប្រទេសជាតិទាំងមូលគឺរួបរួមគ្នា ស្រុះចិត្តគំនិតគ្នា រួមជាមួយបក្ស រដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ រិះរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបានក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺក្នុងសហគមន៍។ ខ្ញុំសូមស្នើឱ្យគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការបក្ស អាជ្ញាធរ និងគណៈកម្មាធិការដឹកនាំការការពារ និងប្រយុទ្ធប្រឆាំង Covid-19 ពីថ្នាក់មជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋានត្រូវតែរឹតបន្តឹងថែមទៀតក្នុងការដឹកនាំ ព្រមទាំងខិតខំប្រឹងប្រែង ចំណាយទាំងកម្លាំងកាយចិត្ត និងពេលវេលាច្រើនបំផុត ត្រូវតែម្ចាស់ការក្តាប់ឱ្យបានមាំ និងព្យាករណ៍ពីស្ថានការណ៍ឱ្យបានល្អ ហើយជាដាច់ខាតមិនត្រូវធ្វេសប្រហែស មិនទុកឱ្យបាត់ភាពម្ចាស់ការ ឬព្យាករណ៍ស្ថានភាពជាមុនបាន។ ត្រូវតែចេះបត់បែនដោយភាពច្នៃប្រឌិតដើម្បីអនុវត្តការងារដ៏សំខាន់នេះប្រកបដោយប្រសិទ្ធភាព។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការចូលរួមចំណែករបស់ប្រទេសទាំងមូល បក្សទាំងមូល និងប្រជាជនទាំងមូលមានការរួបរួមសាមគ្គីគ្នាក្នុងឆន្ទៈមួយ និងសកម្មភាពមួយ និងមានជំនួយយ៉ាងស្មោះស្ម័គ្រពីជនរួមជាតិរបស់យើងនៅបរទេស និងមិត្តភក្តិអន្តរជាតិ យើងនឹងយកឈ្នះលើជំងឺ Covid-19 ជាដាច់ខាត ហើយត្រូវតែយកឈ្នះទាល់តែបានដើម្បីរួមវិភាគទានយ៉ាងស័ក្តសមនឹងកិច្ចខិតខំប្រឹងប្រែងរួមរបស់មនុស្សជាតិទាំងមូលដើម្បីពិភពលោកមួយដែលមានសុខភាពល្អ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងវិបុលភាព សក្ដិសមនឹងប្រពៃណីវីរភាពដ៏រុងរឿងរបស់ប្រទេសយើងប្រជាជនរបស់យើង! "

បកប្រែដោយ Minh Trung