កិច្ចប្រជុំនេះមានចំណងជើងថា “ដើម្បីផលប្រយោជន៍របស់ប្រជាជន ការទទួលខុសត្រូវរបស់គណបក្សនយោបាយ” ត្រូវបានរៀបចំឡើងតាមគំនិតផ្តួចផ្តើមរបស់បក្សកុម្មុយនិស្តចិន ដោយមានការចូលរួមពីប្រតិភូប្រមាណ ១០,០០០ នាក់មកពីគណបក្សនយោបាយ និងអង្គការជាង ៥០០ នៃប្រទេសជាង ១៦០ នៅជុំវិញពិភពលោក។

កាសែតកងទ័ពប្រជាជនមានកិត្តិយសសូមជូនខ្លឹមសារសំខាន់ៗក្នុងសេចក្តីសុន្ទរកថារបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នៅក្នុងកិច្ចប្រជុំនេះដូចខាងក្រោម៖

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងសេចក្តីសុន្ទរកថានៅក្នុងកិច្ចប្រជុំនេះ

សូមគោរពសមមិត្ត ស៊ី ជិនពីង អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន!

អស់លោក លោកស្រីមកពីគណបក្សនយោបាយ និងអង្គការនយោបាយនានានៅលើពិភពលោក!

ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយយ៉ាងក្រៃលែងដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលរវាងបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយនៅជុំវិញពិភពលោក ក្នុងឱកាសខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន។ ជាបឋមក្នុងនាម បក្ស រដ្ឋ និងប្រជាជនវៀតណាម ខ្ញុំសូមផ្ញើជូនមកបក្ស រដ្ឋាភិបាល និងប្រជាជនចិនបងប្អូននូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតក្នុងឱកាសខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិននេះ ។ ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ បក្សកុម្មុយនីស្តចិនបានដឹកនាំប្រជាជនចិនទទួលបានសមិទ្ធផលដ៏អស្ចារ្យជាប្រវត្តិសាស្ត្រ ហើយនិងទទួលបានសមិទ្ធផលជាច្រើនដែលត្រូវបានវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។ យើងខ្ញុំសូមអបអរសាទរដោយស្មោះត្រង់ចំពោះបក្សកុម្មុយនីស្ត និងប្រជាជនចិនដែលទទួលបានសមិទ្ធផលទាំងនោះ ហើយជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ដែលមានអគ្គលេខាបក្ស និងជាប្រធានរដ្ឋ ស៊ី ជិនពីង គឺជាស្នូលនោះ ប្រជាជនចិននឹងបន្តទទួលបានជោគជ័យកាន់តែអស្ចារ្យថែមទៀត កសាងប្រទេសចិនឱ្យក្លាយទៅជាប្រទេសសង្គមនិយមទំនើបប្រកបដោយវិបុលភាព អរិយធម៌ សុខដុមរមនា និងស្រស់ស្អាត។

អស់លោក លោកស្រី អ្នកនាងកញ្ញា

ដោយឈរលើគោលនយោបាយការបរទេសឯករាជ្យភាព ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍពហុភាគីនីយកម្ម និងការធ្វើពិពិធកម្មដែលផ្តើមចេញពីប្រពៃណីនៃអន្តរជាតិនិយមសុទ្ធសាធ និងជាមួយសារៈសំខាន់នៃមិត្តភាពដ៏យូរអង្វែងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរវៀតណាម - ចិន គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបានចូលរួមកិច្ចប្រជុំនេះក្នុងស្មារតីបើកចំហ និងសហប្រតិបត្តិការ ត្រៀមពិភាក្សាជាមួយគណបក្សនយោបាយនានាស្តីពីប្រធានបទ “ ដើម្បីសុភមង្គលរបស់ប្រជាជន ការទទួលខុសត្រូវរបស់គណបក្សនយោបាយ”។

ក្នុងមួយជីវិតរបស់លោកប្រធាន ហូ ជីមិញ ជាស្ថាបនិកបក្សកុម្មុយនិស្តវៀតណាម និងជាមេដឹកនាំមហិមារបស់ប្រជាជាតិវៀតណាម ដែលត្រូវបានអង្គការយូណេស្កូចាត់ទុកជាវីរៈបុរសនៃការរំដោះជាតិ និងជាអ្នកប្រាជ្ញវប្បធម៌ដ៏អស្ចារ្យរបស់វៀតណាមធ្លាប់បានមានប្រសាសន៍ថា៖ “ប្រជាជនមានតម្លៃបំផុត សំខាន់បំផុត ខ្ពស់បំផុត”, “គ្មានអ្វីនៅលើលោកមានតម្លៃដូចប្រជាជនឡើយ។ នៅលើលោកនេះគ្មានអ្វីដែលខ្លាំងជាងកម្លាំងសាមគ្គីរបស់ប្រជាជនឡើយ”។ ខ្ញុំជឿជាក់ថា អស់លោកអ្នកក៏យល់ព្រមជាមួយនិងទស្សនៈនេះដែរពីព្រោះថា ប្រជាជនគឺជាមូលដ្ឋានគ្រឹះនៃនយោបាយ សង្គម និងជាប្រភពនៃកម្លាំងរបស់គណបក្សនយោបាយ និងអង្គការនយោបាយទាំងអស់ ព្រមទាំងជាគោលដៅ និងទិសដៅនៃគោលការណ៍ណែនាំ និងគោលនយោបាយរបស់ប្រទេសនីមួយៗ និងគណបក្សនយោបាយពិតប្រាកដដែរ។

ការស្វែងរកសុភមង្គលគឺជាសេចក្តីប្រាថ្នា និងសិទ្ធិស្របច្បាប់របស់មនុស្សទាំងអស់។ នោះគឺជាសេចក្តីប្រាថ្នាសម្រាប់សង្គមល្អមួយដែលមនុស្សគ្រប់រូបត្រូវបានអភិវឌ្ឍពេញលេញ ត្រូវបានរស់នៅប្រកបដោយភាពរុងរឿង សុភមង្គល រស់នៅប្រកបដោយសុខសន្តិភាព មនុស្សគ្រប់គ្នាស្មើគ្នា ស្រឡាញ់គ្នា និងជួយគ្នាទៅវិញទៅមក។ ក្រៅពីសេចក្តីប្រាថ្នារួមនោះ ប្រជាជននៅតាមប្រទេស និងតំបន់នីមួយៗសុទ្ធតែមានការយកចិត្តទុកដាក់ដ៏សមហេតុផលនោះគឺការបញ្ចប់សង្គ្រាម និងជម្លោះ ការដោះស្រាយវិសមភាពសង្គម ភាពក្រីក្រ និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការការពារជំងឺ ...

សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតែជានិន្នាការសំខាន់នៅក្នុងពិភពលោក ប៉ុន្តែប្រជាជននៃប្រទេសទាំងអស់ក៏កំពុងប្រឈមនឹងភាពតានតឹងធ្ងន់ធ្ងរនៃសង្គ្រាមដែលកំពុងកើតមានឡើង និងរាល់ហានិភ័យនៃការថយចុះនៃសេដ្ឋកិច្ច និងស្ថិរភាពសង្គម និងការគំរាមកំហែងសន្តិសុខតាមប្រពៃណី និងមិនមែនប្រពៃណី។ ក្នុងនាមជាអង្គការនយោបាយសង្គមដ៏សំខាន់មួយនៅក្នុងជីវិតរបស់ប្រជាជាតិនានា ហើយក៏ជាតួអង្គសំខាន់មួយក្នុងទំនាក់ទំនងអន្តរជាតិ គណបក្សនយោបាយ និងអង្គការនយោបាយសង្គមត្រូវការលើកកម្ពស់តួនាទីរបស់ខ្លួន រួមគ្នាជាមួយរដ្ឋាភិបាលនៃប្រទេសដទៃទៀតដើម្បីនាំមកនូវសេចក្តីសុខដល់ប្រជាជន ចូលរួមយ៉ាងសកម្មក្នុងដំណើរការនៃការឆ្លើយតបចំពោះបញ្ហាប្រឈមជាសកល ធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពអភិបាលកិច្ចពិភពលោកដោយធ្វើឱ្យសម្រេចបាននូវសេចក្តីប្រាថ្នាសុភមង្គលរបស់មនុស្សជាតិ។ អាស្រ័យហេតុនោះ ខ្ញុំចង់ចែករំលែកនូវយោបល់មួយចំនួនដូចខាងក្រោមៈ

ទីមួយ៖ នៅលើទដ្ឋភាពជាតិ ការបង្កើត និងអនុវត្តគោលនយោបាយ គោលការណ៍ណែនាំ និងកម្មវិធីទាំងអស់ចាំបាច់ត្រូវតែផ្តើមចេញពី “ការប្រកាន់យកប្រជាជនធ្វើជាឬសគល់” ដោយយកប្រជាជនធ្វើជាស្នូល ដោយចាត់ទុកសុភមង្គលរបស់ប្រជាជនជាគោលបំណងខ្ពស់បំផុត។ ផ្តើមចេញពីនេះជំរុញរដ្ឋឱ្យអភិវឌ្ឍ និងអនុវត្តច្បាប់ និងគោលនយោបាយសមស្រប និងមានប្រសិទ្ធភាពដើម្បីធានាការអភិវឌ្ឍតាមទិសដៅនោះ។

ទីពីរ៖  បណ្តាប្រទេស និងគណបក្សនយោបាយត្រូវប្រកាន់ខ្ជាប់ស្មារតីសាមគ្គីភាព និងទំនួលខុសត្រូវរបស់សហគមន៍ ពង្រឹងការសន្ទនា ការយោគយល់គ្នា កិច្ចសហប្រតិបត្តិការអន្តរជាតិ គោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ចូលរួមក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងសន្តិសុខប្រពៃណី និងមិនប្រពៃណី។ លុះត្រាតែប្រទេសជាតិ និងប្រជាជនរស់នៅជាមួយគ្នាដោយសុខសន្តិភាព មិត្តភាព គោរពគ្នា និងផ្តល់ជំនួយគ្នាទៅវិញទៅមកដើម្បីអនាគតល្អរបស់មនុស្សជាតិនោះ ទើបប្រជាជននៅលើពិភពលោកអាចទទួលបាននូវសន្តិភាព សុភមង្គលពេញលេញ និងពិតប្រាកដ។

ទីបី៖  ភារកិច្ចបន្ទាន់របស់បណ្តាប្រទេស គណបក្សនយោបាយ និងអង្គការនយោបាយសង្គមនានាគឺសំដៅការពារសេចក្តីសុខរបស់ប្រជាជន ការលុបបំបាត់ជំងឺរាតត្បាត Covid-19 ឆាប់ៗ ការស្ដារឡើងវិញនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខសង្គម។ ដើម្បីអនុវត្តការងារនេះប្រកបដោយប្រសិទ្ធភាព ការខិតខំប្រឹងប្រែង និងការឯកភាពពីសំណាក់រដ្ឋាភិបាល គណបក្សនយោបាយ អង្គការ និងប្រជាជនគឺជាកត្តាសំខាន់ៗ ប៉ុន្តែកិច្ចសហប្រតិបត្តិការអន្តរជាតិមានប្រសិទ្ធិភាពគឺមានសារៈសំខាន់ណាស់ដែលក្នុងនោះធានាបាននូវការផ្គត់ផ្គង់ និងភាពស្មើគ្នាក្នុងការទទួលបានទាន់ពេលវេលានូវវ៉ាក់សាំងប្រឆាំងនឹងរោគរាតត្បាត។

អស់លោក លោកស្រី អ្នកនាងកញ្ញា

កម្មវិធីនយោបាយដំបូងរបស់បក្សកុម្មុយនិស្តវៀតណាមយើងខ្ញុំបានកំណត់ថា ភារកិច្ចជាមូលដ្ឋាននៃបដិវត្តន៍វៀតណាមគឺដើម្បីបំពេញនូវតម្រូវការបន្ទាន់របស់ប្រទេសជាតិ និងសេចក្តីប្រាថ្នារបស់ប្រជាជន។ លោកប្រធានរដ្ឋ ហូ ជីមិញ របស់យើងខ្ញុំពេញមួយជីវិតរបស់គាត់ក៏តែងតែរំលឹកដល់សមាជិកសមាជិកាបក្សជានិច្ចកាលថា "ត្រូវតែយល់ជ្រាបនូវទស្សនៈថា “មិនថាផលប្រយោជន៍ប៉ុន្មានក៏សម្រាប់ប្រជាជនដែរ មិនថាអំណាចប៉ុន្មានក៏សម្រាប់ប្រជាជនដែរ” "។

តាំងពីបានបង្កើតឡើងមកម៉្លេះ បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រជាជនវៀតណាមឆ្លងកាត់ឧបសគ្គយ៉ាងសន្ធឹកសន្ធាប់រហូតក្នុងរយៈពេល ៩០ ឆ្នាំកន្លងមក។ សព្វថ្ងៃនេះ វៀតណាមគឺជាប្រទេសកំពុងអភិវឌ្ឍដែលមានប្រាក់ចំណូលមធ្យម និងជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកប្រទេសវៀតណាមបានខិតខំឆ្លើយតបទៅនឹងការរីករាលដាលនៃ Covid-19 ដោយចាត់ទុកសុខភាព និងសុវត្ថិភាពនៃការរស់នៅរបស់ប្រជាជនជាមុនបង្អស់។

បទពិសោធន៍ពីការអនុវត្តជាក់ស្តែងរបស់យើងគឺតែងតែប្រកាន់យកសេចក្តីសុខរបស់ប្រជាជនជាគោលដៅខិតខំដោយពឹងផ្អែកលើកម្លាំងដែលមិនអាចកាត់ផ្តាច់បានរបស់ប្រជាជន។ បក្សដឹកនាំតាមរយៈវិធីនៃការអភិវឌ្ឍដោយផ្អែកលើគោលដៅកំណើនសេដ្ឋកិច្ចដើរទន្ទឹមគ្នានឹងវឌ្ឍនភាព និងសមភាពសង្គម ការការពារបរិស្ថាន និងចាត់ទុកវប្បធម៌ជាគ្រឹះខាងស្មារតីរបស់សង្គម។

ក្នុងឱកាសនេះជាថ្មីម្តងទៀតក្នុងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្រ និងការជួយឧបត្ថម្ភរបស់ប្រជាជននៃប្រទេសទាំងអស់ និងគណបក្សនយោបាយ និងអង្គការនយោបាយ - សង្គម ទាំងអស់ចំពោះប្រទេសវៀតណាមគ្រប់ជំនាន់។ យើងខ្ញុំសូមវាយតំលៃខ្ពស់ និងថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ជំនួយលើច្រើនវិស័យរហូតក្នុងការតស៊ូរបស់វៀតណាមដើម្បីដណ្តើមយកឯករាជ្យជាតិ ក៏ដូចជាក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិមិនថាពីមុនក៏ដូចជាសព្វថ្ងៃនេះឡើយ។

ជាចុងក្រោយ ខ្ញុំមានកិត្តិយសសូមប្រសិទ្ធិពរជូនឱ្យកិច្ចប្រជុំកំពូលរវាងបក្សកុម្មុយនិស្តចិន ជាមួយគណបក្សនយោបាយនានាលើពិភពលោកទទួលបានជោគជ័យជាផ្លែផ្កា៕

បកប្រែដោយ Minh Trung