លើកស្ទួយប្រពៃណីនៃការចែករំលែកភាពផ្អែមល្ហែម និងភាពជូរចត់

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងនាមរដ្ឋ និងប្រជាជនវៀតណាម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ មកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម ហើយបានចាត់ទុកថា ការដែលអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ជ្រើសរើសវៀតណាមជាប្រទេសដំបូងមកបំពេញទស្សនកិច្ចនោះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់បក្ស និងរដ្ឋឡាវចំពោះចំណងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - ឡាវ រួមចំណែកក្នុងការបង្កើតកម្លាំងចលករដើម្បីជំរុញ និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងជិតស្និទ្ធភាពស្មោះត្រង់ និងកិច្ចសហប្រតិបត្តិការ ការទុកចិត្តគ្នារវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយដែលបានឃើញថា ទោះបីត្រូវបានរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏ទំនាក់ទំនងវៀតណាម - ឡាវ នៅតែបន្តអភិវឌ្ឍជាវិជ្ជមាននាពេលកន្លងមក។ ទំនាក់ទំនងនយោបាយបន្តត្រូវបានបង្រួបបង្រួមយ៉ាងរឹងមាំ ភាគីទាំងពីរបានខិតខំរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងជាន់ខ្ពស់ក្នុងទម្រង់ផ្សេងៗ ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរបានធ្វើមហាសន្និបាតបក្សដោយជោគជ័យ និងមានថ្នាក់ដឹកនាំក្នុងអាណត្តិថ្មីដែលរួមចំណែកដល់ការតំរង់ទិស និងការលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យក្នុងអាណត្តិថ្មី។ ភាគីទាំងពីរបានឯកភាពគ្នាធ្វើការយ៉ាងជិតស្និទ្ធដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែទូលំទូលាយ កាន់តែស៊ីជម្រៅ សមនឹងទំនាក់ទំនងពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោក Thongloun Sisoulith បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅលើវេទិកាពហុភាគី ជាពិសេសអាស៊ាន និងយន្តការអនុតំបន់មេគង្គ រវាងវៀតណាម ឡាវ និងកម្ពុជា។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអបអរសាទរប្រទេសឡាវ ដែលទើបតែត្រូវបានជ្រើសតាំងជាអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ប្រការនេះបង្ហាញពីកិត្យានុភាព និងជំហររបស់ប្រទេសឡាវកំពុងត្រូវបានលើកកម្ពស់ឥតឈប់ឈរនៅលើឆាកអន្តរជាតិ។

បេសកកម្មដ៏ថ្លៃថ្នូររបស់ប្រទេសទាំងពីរ

គួរឱ្យរំលឹកដែលថា នាថ្ងៃដដែលក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ កម្មាភិបាល សាស្ត្រាចារ្យ និងនិស្សិតនៃបណ្ឌិតសភានយោបាយជាតិ ហូជីមិញ។ អញ្ជើញចូលរួមផងដែរគឺលោកប្រធានរដ្ឋ Nguyen Xuan Phuc។

នៅក្នុងការជួបសំណេះសំណាលនេះ អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក Thongloun Sisoulith បានថ្លែងអំណរគុណចំពោះជំនួយដ៏ធំធេង និងមានតម្លៃរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះបុព្វហេតុរំដោះជាតិ និងបុព្វហេតុការពារ និងអភិវឌ្ឍប្រទេសរបស់បក្ស រដ្ឋ និងប្រជាជនឡាវ។ លោក Thongloun Sisoulith មានសេចក្តីសោមនស្សរីករាយដោយឃើញថា ក្រោមការដឹកនាំយ៉ាងជិតស្និទ្ធរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បណ្ឌិត្យសភានយោបាយជាតិហូជីមិញ កំពុងរីកចម្រើនឥតឈប់ឈរ ទទួលបានលទ្ធផលសំខាន់ និងលេចធ្លោ ក្លាយជាកន្លែងបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពសម្រាប់កម្មាភិបាលសំខាន់ៗរបស់បក្សកុម្មុយនិស្តវៀតណាម ទន្ទឹមនឹងនោះក៏បានបំពេញភារកិច្ចអន្តរជាតិគឺបណ្តុះបណ្តាលកម្មាភិបាលសំខាន់ៗរបស់បក្សបដិវត្តន៍ប្រជាជនឡាវផងដែរ។ ហើយធនធានមនុស្សនេះ បាននិងកំពុងក្លាយជាមូលធនដ៏មានតំលៃសម្រាប់ប្រទេសឡាវក្នុងបុព្វហេតុការពារជាតិ កសាង និងអភិវឌ្ឍទំនាក់ទំនង ឡាវ - វៀតណាម ស្ថិតស្ថិរ និងនិរន្តរភាព។

លោក Thongloun Sisoulith បានលើកឡើងថា ក្នុងបរិបទដែលស្ថានភាពក្នុងតំបន់ និងអន្តរជាតិបន្តវិវឌ្ឍយ៉ាងស្មុគស្មាញ រហ័ស និងមិនអាចទាយទុកជាមុនបាន រួមជាមួយការបំផ្លាញពីកម្លាំងអរិភាពដែលចង់ធ្វើឱ្យអន្តរាយដល់សាមគ្គីភាពពិសេសរបស់ឡាវ និងវៀតណាមនោះ លោក Thongloun Sisoulith បានមានប្រសាសន៍ថា ជាងពេលណាៗទាំងអស់ប្រទេសទាំងពីរត្រូវបន្តការការពារ និងលើកកម្ពស់មិត្តភាពស្មោះត្រង់ និងតម្លាភាពរវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធិភាព និរន្តរភាព បន្តរក្សាដល់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ កិច្ចការការពារ និងថែរក្សាទំនាក់ទំនងនេះត្រូវបានគេចាត់ទុកថា ជាការទទួលខុសត្រូវដ៏សំខាន់ និងជាការងារដ៏ថ្លៃថ្នូររបស់ប្រទេសទាំងពីរដែលសក្តិសមនឹងការលះបង់ និងសេចក្តីប្រាថ្នារបស់មនុស្សជំនាន់មុនៗ៕

បកប្រែដោយ Minh Trung