កាលយុវវ័យរបស់លោក Kostas Sarantidis (Nguyen Van Lap) បានមានសកម្មភាពយ៉ាងផុលផុស រស់រវើក លះបង់អស់ពីកម្លាំងកាយចិត្តដើម្បីបដិវត្តន៍វៀតណាម។ សូម្បីតែនៅពេលលោកត្រឡប់ទៅប្រទេសក្រិកវិញ ក៏បេះដូងរបស់លោកតែងតែឆ្ពោះទៅរកប្រទេសវៀតណាមដែរ។ លោក Kostas Sarantidis (Nguyen Van Lap) បានចែករំលែកជាច្រើនដងថា លោកចាត់ទុកប្រទេសវៀតណាមជាស្រុកកំណើត ជាមាតុភូមិរបស់លោក។

leftcenterrightdel
ប្រធានរដ្ឋវៀតណាម លោក Nguyen Minh Triet បានបំពាក់មេដាយមិត្តភាពជូនលោក Kostas Sarantidis នៅឆ្នាំ ២០១១ (រូបថត៖ vnanet.vn)

លោក Kostas Sarantidis ប្រសូត្រចេញនៅឆ្នាំ ១៩២៧ ក្នុងគ្រួសារកម្មករនៅប្រទេសក្រិកខាងជើង។ កាលពីឆ្នាំ ១៩៤៣ នៅពេលគាត់មានអាយុត្រឹមតែ ១៦ ឆ្នាំ គាត់ត្រូវបង្ខំចូលកងទ័ពដើម្បីគេយកទៅប្រទេសអាល្លឺម៉ង់ បំរើរបបហ្វាស៊ីសរបស់ហ៊ីត្លែរ។ ទៅដល់ប្រទេសយូហ្គោស្លាវី គាត់បានរត់គេចខ្លួន ហើយរស់នៅតាមរថភ្លើងដែលរត់ទៅមកតាមបណ្តោយព្រំដែនប្រទេសយូហ្គោស្លាវី - ក្រិក។

បន្ទាប់ពីសង្គ្រាមលោកលើកទី ២ គាត់មិនអាចត្រឡប់ទៅប្រទេសក្រិកបានទេ ពីព្រោះគាត់មិនមានអត្តសញ្ញាណប័ណ្ណ។ បន្ទាប់មក គាត់ត្រូវបង្ខំចូលរួមកងអាសារបរទេស (legionnaire) របស់បារាំង ហើយត្រូវគេបញ្ជូនទៅឥណ្ឌូចិនដើម្បីចូលរួមក្នុងសង្គ្រាមប្រឆាំងនឹងពួកហ្វាស៊ីសជប៉ុន។

ប៉ុន្តែ នៅពេលគាត់ទៅដល់ភាគខាងត្បូងវៀតណាម និងទីក្រុង Sai Gon កាលពីឆ្នាំ ១៩៤៦ លោក Kostas Sarantidis បានមើលឃើញផ្ទាល់ភ្នែកនូវឧក្រិដ្ឋកម្ម និងការបង្ក្រាបរបស់ពួកអាណានិគមនិយមចំពោះប្រជាជនវៀតណាម។ ហេតុដូច្នេះ លោកបានសំរេចចិត្តចូលរួមជាមួយក្រុមវៀតណាមដែលកំពុងប្រយុទ្ធប្រឆាំងនឹងពួកបារាំងឈ្លានពាន ដើម្បីតស៊ូដណ្តើមយកឯករាជ្យ និងសេរីភាពជូនប្រជាជនវៀតណាម។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap បានទទួលជួបលោក Kostas Sarantidis - Nguyen Van Lap (រូបថត៖ idcommunism.com)

លោក Kostas Sarantidis បានរកវិធីសព្វគ្រប់ ព្យាយាមទាក់ទងជាមួយរណសិរ្សវៀតមិញ និងសុំចូលរួមការតស៊ូប្រឆាំងនឹងបារាំង។ បន្ទាប់ពីចូលកងទ័ពវៀតមិញ គេបានដាក់ឈ្មោះវៀតណាមថា Nguyen Van Lap។ យុទ្ធជន Nguyen Van Lap បានកាន់តំណែងជាច្រើន និងចូលរួមក្នុងសមរភូមិទាំងឡាយនៅក្នុងជួរកងទ័ពវៀតណាម។

តំណែងខ្ពស់បំផុតរបស់លោក Kostas Sarantidis (Nguyen Van Lap) គឺវរសេនីយ៍ឯក។ កាលពីឆ្នាំ ១៩៤៩ លោក Nguyen Van Lap ត្រូវបានផ្តល់កិត្តិយសចូលជាសមាជិកគណបក្សពលករវៀតណាម។ ក្រោយពីកិច្ចព្រមព្រៀងក្រុងហ្សឺណែវ នៅឆ្នាំ ១៩៥៤ លោក Nguyen Van Lap បានប្រមូលផ្ដុំពីភាគខាងត្បូងទៅកាន់ភាគខាងជើងវៀតណាម និងបន្តតស៊ូដើម្បីបុព្វហេតុបដិវត្តន៍របស់វៀតណាម។ កាលពីឆ្នាំ ១៩៥៨ លោកបានរៀបការជាមួយនារីម្នាក់នៅទីក្រុងហាណូយ ហើយអ្នកទាំងពីរមានកូន ៤ នាក់ ប្រុសម្នាក់ និងស្រី ៣ នាក់។ ពួកគេទាំងអស់ដាក់ឈ្មោះវៀតណាម។

leftcenterrightdel
វីរជនកងកម្លាំងប្រដាប់អាវុធប្រជាជនវៀតណាម លោក Kostas Sarantidis នៅពេលចូលរួមកងទ័ពវៀតណាម (ឆ្វេងដៃ) និងក្នុងវ័យចំណាស់ (រូបថត៖ idcommunism.com)

កាលពីឆ្នាំ ១៩៦៥ លោក Nguyen Van Lap និងក្រុមគ្រួសារបានស្នើសុំការអនុញ្ញាតឱ្យត្រឡប់មកប្រទេសក្រិកវិញ បន្ទាប់ពីទទួលដំណឹងអំពីអ្នកម្តាយចាស់ជរារបស់លោកកំពុងរស់នៅឯស្រុកកំណើត។ ទោះបីលោកលែងនៅប្រទេសវៀតណាមក៏ដោយ  ក៏លោក Kostas Sarantidis (Nguyen Van Lap) តែងតែខិតខំប្រឹងប្រែងដោយឥតឈប់ឈរគាំទ្រវៀតណាម និងរួមចំណែកជំរុញទំនាក់ទំនងវៀតណាម-ក្រិក។ លោកក៏បានអនុវត្តភារកិច្ចការទូតប្រជាជន និងប្តេជ្ញាចិត្តកសាងសហគមន៍វៀតណាមនៅប្រទេសក្រិកក្នុងនាមជា “ឯកអគ្គរដ្ឋទូតស្ម័គ្រចិត្ត” ហើយត្រូវបានអាណិកជនវៀតណាមនៅក្រិក ចាត់ទុកថាគាត់ជាជនជាតិក្រិកមែន ប៉ុន្តែបេះដូងរបស់គាត់តែងតែឆ្ពោះទៅរកប្រទេសវៀតណាម។

កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១០ ប្រធានរដ្ឋវៀតណាម លោក Nguyen Minh Triet បានចុះហត្ថលេខាទទួលស្គាល់លោក Nguyen Van Lap ជាពលរដ្ឋវៀតណាម។ កាលពីខែឧសភា ឆ្នាំ ២០១៣ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តលេខ ៩៣៤- QĐ/CTN ស្តីពីការប្រគល់កិត្តិនាមជាវីរជនកងកម្លាំងប្រដាប់អាវុធប្រជាជនវៀតណាមជូនលោក Nguyen Van Lap។ លោកគឺជាជនបរទេសតែម្នាក់គត់ដែលត្រូវបានប្រគល់កិត្តិនាមដ៏ខ្ពង់ខ្ពស់នេះ។

ជាមួយនឹងការលះបង់មិនចេះនឿយហត់របស់លោក មិនត្រឹមតែក្នុងអំឡុងពេលសង្គ្រាមតស៊ូនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅពេលដែលលោកលែងនៅប្រទេសវៀតណាមក៏ដោយក៏ ក៏ជីវិតរបស់លោក Kostas Sarantidis (Nguyen Van Lap) ជាប័ណ្ណាសារប្រវត្តិសាស្ត្រពិតប្រាកដ្ឋគួរឱ្យទាក់ទាញ ដែលជនទាំងឡាយណាក៏ចង់ដឹងឲ្យបានច្បាស់ដែរ៕

បកប្រែដោយ Huyen Trang