leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung (រូបថត៖​ dangcongsan.vn)

អ្នកយកព័ត៌មាន៖ កិច្ចប្រជុំមេដឹកនាំអាស៊ានបានប្រព្រឹត្ដទៅក្នុងបរិបទពិសេសមួយ។ សូមលោកឲ្យដឹងថា តើវៀតណាមចូលរួមកិច្ចប្រជុំនេះមានអត្ថន័យយ៉ាងដូចម្តេច ហើយតើវៀតណាមមានការចូលរួមលេចធ្លោអ្វីខ្លះចំពោះលទ្ធផលនៃកិច្ចប្រជុំនេះ?

លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung៖ កិច្ចប្រជុំនេះបានធ្វើឡើងក្នុងបរិបទដែលប្រទេសជាច្រើនក្នុងតំបន់កំពុងឆ្លងកាត់នឹងការផ្ទុះឡើងថ្មី និងស្មុគស្មាញនៃជំងឺរាតត្បាត។ ទោះយ៉ាងណាក្ដី មេដឹកនាំអាស៊ាននៅតែប្តេជ្ញាថានឹងត្រូវជួបជុំគ្នាផ្ទាល់ ដែលបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់បណ្តាប្រទេសជាសមាជិក ដោយជំនះរាល់ការលំបាក និងរួមដៃគ្នាដោះស្រាយនូវបញ្ហាបន្ទាន់ដែល​កំពុងកើតឡើង។

ចំពោះវៀតណាម ការដែលលោកនាយករដ្ឋមន្រ្តី Pham Minh Chinh សំរេចចិត្តចូលរួមកិច្ចប្រជុំនេះក្នុងរយៈពេលមិនទាន់បាន ២០ ថ្ងៃផងបន្ទាប់ពីឡើងកាន់តំណែងនោះ បានបង្ហាញការចូលរួមចំណែកយ៉ាងសកម្មរបស់វៀតណាមនៅក្នុងអាស៊ាន។ ដោយសារតួនាទីរបស់ខ្លួននៅក្នុងអាស៊ាន ជាពិសេសបន្ទាប់ពីការធ្វើជាប្រធានអាស៊ានឆ្នាំ២០២០ និងជាសមាជិកអាស៊ានតែមួយគត់នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាសន្តិសុខនៅខែមេសា ឆ្នាំ២០២១ ការចូលរួម និងការរួមវិភាគទានរបស់វៀតណាមត្រូវបានសហគមន៍អន្តរជាតិនិងតំបន់រំពឹងយ៉ាងខ្លាំង។ គណៈប្រតិភូវៀតណាមដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានឆ្លើយតបការរំពឹងនោះ។ យើងបានចូលរួម និងរួមចំណែកជាវិជ្ជមាន និងសំខាន់លើខ្លឹមសារជាច្រើននៃកិច្ចប្រជុំ ដោយស្របតាមស្មារតីនៃសមាជិកមានទំនួលខុសត្រូវមួយ ខិតខំបំពេញការងាររួមរបស់ “គ្រួសារអាស៊ាន”។

មតិយោបល់ និងសំណើ​របស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh នៅក្នុងកិច្ចប្រជុំ ទទួលបានការយល់ព្រម និងការចែករំលែកពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ដោយឆ្លើយតបចំការយកចិត្តទុកដាក់ និងអាទិភាពរបស់អាស៊ាននាពេលនេះ ជាពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រង Covid-19 ការជំរុញការស្តារឡើងវិញ និងមានវិធីសាស្ត្រឆ្លើយតបទៅនឹងបញ្ហាដែលកើតឡើងប្រកបដោយប្រសិទ្ធភាព។ លោកនាយករដ្ឋមន្រ្តីក៏បានជម្រុញលទ្ធផលនានាដែលទទួលបានក្នុងឆ្នាំជាប្រធានអាស៊ាន ២០២០ របស់វៀតណាម ហើយបានរួមបញ្ចូលបញ្ហានានាដែលមានផលប្រយោជន៍សម្រាប់វៀតណាមដូចជាសមុទ្រខាងកើត និងមេគង្គទៅក្នុងទិសដៅសហប្រតិបត្តិការរបស់អាស៊ាន។ លោកនាយករដ្ឋមន្រ្តីបានស្នើថា អាស៊ានគួរតែយកចិត្តទុកដាក់ក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍នៅតាមអនុតំបន់នានា រួមទាំងទន្លេមេគង្គដើម្បីធានាថាគ្មានតំបន់ណាមួយត្រូវបោះបង់ចោលនៅខាងក្រោយឡើយ ជាពិសេសនៅក្នុងបរិបទផលប៉ះពាល់នៃ Covid-19 កំពុងពង្រីកគម្លាតអភិវឌ្ឍន៍នៅអាស៊ាន។ ដើម្បីរក្សាតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងបរិយាកាសយុទ្ធសាស្ត្រវិវឌ្ឍន៍ស្មុគស្មាញ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ជំនឿទុកចិត្ត និងសុឆន្ទៈរបស់ភាគីទាំងអស់គួរតែត្រូវបានបង្ហាញដោយសកម្មភាពជាក់ស្តែង ចៀសវាងសកម្មភាពដែលបង្កើនភាពតានតឹង ស្មុគស្មាញ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា អាស៊ានគួរតែរក្សាជំហរជាគោលការណ៍ស្តីពីបញ្ហាសមុទ្រខាងកើតរួមមានការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនៃនាវាចរណ៍ និងអាកាសចរណ៍ គោរពតាមច្បាប់អន្តរជាតិរួមទាំង UNCLOS ឆ្នាំ ១៩៨២ អនុវត្ត DOC យ៉ាងតឹងរឹង និងសម្រេចការកសាង COC មានប្រសិទ្ធិភាពក្នុងពេលឆាប់ៗនេះ។

ចែករំលែកទស្សនៈរបស់មេដឹកនាំអាស៊ានលើបញ្ហាអន្តរជាតិនិងក្នុងតំបន់ រួមទាំងស្ថានភាពរបស់ប្រទេសមីយ៉ាន់ម៉ា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងពីការ​គោរពគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដ៏ទៃ។ ទោះយ៉ាងណាក៏ដោយ ប៉ុន្តែក្នុងស្មារតីសាមគ្គីភាពរបស់សហគមន៍  អាស៊ានមិនអាចធ្វើព្រងើយកន្តើយចំពោះបញ្ហាដែលកំពុងកើតមានឡើងនោះទេ ដោយវាប៉ះពាល់ដល់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។ សំណើរបស់នាយករដ្ឋមន្រ្តីវៀតណាមស្តីពីរបៀបដែលអាស៊ានអាចចូលរួមក្នុងការជួយគាំទ្រមីយ៉ាន់ម៉ាគឺស្របទៅនឹងគំនិតទូទៅរបស់មេដឹកនាំអាស៊ាន ដែលជាការចាំបាច់ត្រូវបញ្ជូនអ្នកតំណាងអាស៊ានទៅមីយ៉ាន់ម៉ាដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង ទាក់ទងជាមួយភាគីនានា ជំរុញកិច្ចសន្ទនា ស្វែងរកដំណោះស្រាយ ហើយពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជន។

និយាយជារួម អាចនិយាយបានថា ការរួមវិភាគទានដែលមានលក្ខណៈយុទ្ធសាស្ត្រផង និងមានប្រសិទ្ធភាពផងរបស់វៀតណាមតាមរយៈការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីនៅកិច្ចប្រជុំនេះបានបន្តអះអាងអំពីមុខមាត់ និងភាពលេចធ្លោរបស់វៀតណាមនៅក្នុងអាស៊ាន ដោយរួមជាមួយបណ្តាប្រទេសសមាជិកដទៃទៀតចូលរួមចំណែកយ៉ាងសំខាន់ក្នុងជោគជ័យនៃកិច្ចប្រជុំមេដឹកនាំអាស៊ានលើកនេះ។

អ្នកយកព័ត៌មាន៖ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តីមានសកម្មភាពទ្វេភាគីជាមួយមេដឹកនាំនៃប្រទេសដទៃទៀត សូមលោកឲ្យដឹងពីអត្ថន័យ និងលទ្ធផលនៃសកម្មភាពទាំងនេះ?

លោកអនុរដ្ឋមន្ត្រី Nguyen Quoc Dung៖ ក្នុងរយៈពេលដ៏ខ្លីមិនដល់ពីរថ្ងៃផង ក្រៅពីការចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាន លោកនាយករដ្ឋមន្រ្តី Pham Minh Chinh មានសកម្មភាពទ្វេភាគីជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន។

តាមរយៈសកម្មភាពជួបជុំជាលើកដំបូងបង្អស់របស់នាយករដ្ឋមន្រ្តីជាមួយដៃគូសំខាន់ៗក្នុងអាស៊ាន យើងបានបញ្ជាក់ពីគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សាលើកទី XIII ដែលផ្តោតលើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ និងមិត្តភាពប្រពៃណីជាមួយប្រទេសជិតខាង និងអាស៊ាន។ នេះក៏ជាឱកាសសម្រាប់លោកនាយករដ្ឋមន្រ្តីជួបជុំផ្ទាល់ និងបង្កើតទំនាក់ទំនងជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសនានាក្នុងតំបន់។

លោកនាយករដ្ឋមន្រ្តីបានផ្លាស់ប្តូរជាមួយមេដឹកនាំនៃបណ្តាប្រទេសលើបញ្ហាជាយុទ្ធសាស្ត្រដែលមានចក្ខុវិស័យ និងទិសដៅសំខាន់សម្រាប់ទំនាក់ទំនងជាមួយបណ្តាប្រទេស ក៏ដូចជាវិធានការជាក់លាក់ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពបំផុត។ នាយករដ្ឋមន្រ្តីវៀតណាម និងមេដឹកនាំប្រទេសដទៃទៀតបានឯកភាពលើវិធានការណ៍ជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញក្រោយការរីករាលដាលនៃជំងឺរាតត្បាត Covid-19។

លោកនាយករដ្ឋមន្រ្តីក៏បានឯកភាពជាមួយថ្នាក់ដឹកនាំនៃប្រទេសនានាក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាលើវេទិកាអន្តរជាតិ រួមទាំងពង្រឹងតួនាទីមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាពង្រឹងចំណងមិត្តភាពអាស៊ានជាមួយអង្គការសហប្រជាជាតិ។ អំពីបញ្ហាសន្តិសុខយុទ្ធសាស្រ្តក្នុងតំបន់ និងអន្តរជាតិដែលមានការចាប់អារម្មណ៍ដូចគ្នានោះ នាយករដ្ឋមន្រ្តីវៀតណាមបានបញ្ជាក់ពីជំហរឥតងាករេរបស់វៀតណាមលើបញ្ហាសមុទ្រខាងកើត ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុលោមតាមច្បាប់អន្តរជាត រួមទាំង UNCLOS ១៩៨២។

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តីវៀតណាមបានស្នើឱ្យប្រទេសដទៃទៀតបន្តបង្កើតលក្ខខណ្ឌអំណោយផលដើម្បីជួយគាំទ្រសហគមន៍ជនជាតិវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសសាមី ជាពិសេសធានាសុវត្ថិភាព ការពារនិងប្រយុទ្ធប្រឆាំងនឹង Covid-19 បង្កើតលក្ខខណ្ឌអំណោយផលក្នុងការឆ្លងកាត់ប្រទេស និងរៀបចំជើងហោះហើរបញ្ជូនប្រជាជនវៀតណាមទៅប្រទេសកំណើតវិញក្នុងបរិបទនៃការរាលដាលជំងឺរាតត្បាតកំពុងកើតមានដ៏ស្មុគស្មាញនៅក្នុងប្រទេសមួយចំនួនក្នុងតំបន់។

អាចនិយាយបានថាលទ្ធផលនៃសកម្មភាពទ្វេភាគីលើកនេះបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអនុវត្តគោលនយោបាយការបរទេសរបស់វៀតណាមជាមួយដៃគូសំខាន់ៗតាំងពីដើមនៃអាណត្តិថ្មីរបស់រដ្ឋាភិបាល ក៏ដូចជាការចាប់ផ្តើមជាវិជ្ជមានដែលរួមចំណែកដល់ការកសាងកិច្ចសហប្រតិបត្តិការមិត្តភាព និងទំនាក់ទំនងមិត្តភាពរវាងនាយករដ្ឋមន្រ្តីវៀតណាម និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្រ្តី!

បកប្រែដោយ Duy Hoan