អ្នកយកព័ត៌មាន៖ វៀតណាមបានឆ្លៀតយកឱកាសល្អក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០១០ និងជាប្រទេសម្ចាស់ផ្ទះ APEC ឆ្នាំ ២០១៧ ដើម្បីអនុវត្តគោលដៅផ្សព្វផ្សាយប្រទេស។ ប៉ុន្តែ រោគរាតត្បាត Covid-19 បានបង្កការលំបាកយ៉ាងដូចម្តេចសម្រាប់វៀតណាមក្នុងការសម្រេចគោលដៅនេះក្នុងឆ្នាំប្រធានអាស៊ាន ២០២០?

លោកស្រី Le Thi Thu Hang៖ មុននឹងទទួលតំណែងជាប្រធានអាស៊ាន ២០២០ យើងបានកសាងផែនការផ្សព្វផ្សាយសម្រាប់ឆ្នាំ ២០២០ ជាមួយនឹងការរំពឹងទុកថា នេះនឹងជាឱកាសមួយដើម្បីផ្សព្វផ្សាយប្រទេស ប្រជាជន ក៏ដូចជាសក្តានុពលរបស់វៀតណាម។ ប៉ុន្តែរោគរាតត្បាត Covid-19 បានកើតឡើង និងវិវឌ្ឍយ៉ាងឆាប់រហ័សនិងស្មុគស្មាញ។ ប្រឈមមុខនឹងស្ថានភាពខាងលើ នៅចុងខែមីនា ឆ្នាំ ២០២០ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានជូនដំណឹងជាផ្លូវការដល់ថ្នាក់ដឹកនាំ ប្រមុខរដ្ឋនៃបណ្តាប្រទេសជាសមាជិកអាស៊ាន អំពីការផ្លាស់ប្តូរកាលវិភាគនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ហើយបន្ទាប់មកផ្លាស់ប្តូររបៀបប្រជុំដោយផ្ទាល់ ទៅប្រជុំតាមប្រព័ន្ធវីដេអូ។

leftcenterrightdel
លោកស្រី Le Thi Thu Hang

ពីការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្រ្តីនោះ យើងត្រូវគិតគូឡើងវិញនូវវិធីសាស្ត្រផ្សព្វផ្សាយ ជាពិសេសការផ្សព្វផ្សាយការបរទេស ដោយទាញយកផលប្រយោជន៍ពីធនធានក្នុងស្រុកជាអតិបរមា។ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយវៀតណាម យើងត្រូវជំរុញបណ្តាញផ្សាយជាភាសាបរទេស។ សម្រាប់សារព័ត៌មានបរទេស យើងត្រូវទាញយកផលប្រយោជន៍ពីអ្នកយកព័ត៌មាន និងការិយាល័យប្រចាំវៀតណាម។

ក្នុងស្មារតី “ភាពស្អិតរមួត និងការឆ្លើយតប” សម្របខ្លួនទៅនឹង “ភាពប្រក្រតីថ្មីឡើងវិញ” ដើម្បីធានាគោលដៅផ្សព្វផ្សាយ នាយកដ្ឋានសារព័ត៌មាន បានផ្លាស់ប្តូរវិធីសាស្ត្រផ្តល់ព័ត៌មានដល់អ្នកយកព័ត៌មានយ៉ាងសកម្ម។ នាយកដ្ឋានសារព័ត៌មានបានរៀបចំមជ្ឈមណ្ឌលព័ត៌មានអន្តរជាតិដូចធម្មតាផង និងខិតខំប្រឹងប្រែងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អ្នកសារព័ត៌មានជាតិនិងអន្តជាតិ ដែលមិនអាចមកយកព័ត៌មានដោយផ្ទាល់ តាមរយៈការផ្សាយផ្ទាល់ពិធីបើក ពិធីបិទ និងធ្វើសន្និសីទកាសែតនៅលើប្រព័ន្ធគេហទំព័រអាស៊ាន ២០២០  និងបណ្តាញសង្គមផង។ ក្រៅពីនោះ អ្នកយកព័ត៌មានអាចទទួលបានវីដេអូ និងរូបថតនៅលើគេហទំព័ររបស់អាស៊ានយ៉ាងពេញលេញនិងឆាប់រហ័ស។

កង្វល់ដ៏ធំបំផុតរបស់ក្រសួងការបរទេសគឺថា តើធ្វើដូចម្តេចដើម្បីផ្សព្វផ្សាយអំពីឆ្នាំប្រធានអាស៊ាន ២០២០ ក៏ដូចជារូបភាពរបស់វៀតណាម នៅពេលកិច្ចប្រជុំធ្វើឡើងតាមប្រព័ន្ធវីដេអូ។ នៅក្នុង "ការពិបាកបង្ហាញពីប្រាជ្ញា" យើងបានផលិតវីដេអូចំនួន ៦ និយាយសង្ខេបលទ្ធផលដែលអាស៊ានសម្រេចបានតាមកាលបរិច្ឆេទឆ្នាំប្រធានរបស់វៀតណាម ព្រមទាំងផ្សព្វផ្សាយអំពីប្រទេស និងសហគមន៍អាស៊ាន រួមទាំងប្រទេសវៀតណាមផង។ ប៉ុន្តែសំខាន់បំផុតគឺការបង្ហាញសមិទ្ធិផលក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ការស្តារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាបណ្តើរៗ ជាមួយនឹងការប្តេជ្ញាចិត្ត និងការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនទាំងមូលក្នុងការអនុវត្ត “គោលដៅពីរក្នុងពេលតែមួយ”។ វីដេអូទាំងនេះត្រូវបានចាក់ផ្សាយក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៅសព្វទីកន្លែងទាំងអស់ តាមបណ្តាញទូរទស្សន៍ក្នុងស្រុក និងក្នុងតំបន់ ហើយត្រូវបានផ្សាយលើគេហទំព័រ ឬតាមរយៈស្ថានតំណាងវៀតណាមនៅបរទេស ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

អាចនិយាយបានថា Covid-19 មិនត្រឹមតែមិនធ្វើឲ្យអាកខានរាល់សកម្មភាពក្នុងឆ្នាំវៀតណាមជាប្រធានអាស៊ានប៉ណ្ណោះទេ ថែមទាំងចំនួនសកម្មភាព និងព្រឹត្តិការណ៍ទាំងឡាយបានហក់ឡើងយ៉ាងខ្លាំងទៀតផង។ យោងតាមផែនការគ្រោងទុក គេរំពឹងថានឹងមានកិច្ចប្រជុំ និងសកម្មភាពដោយផ្ទាល់ចំនួន ២០០ ប៉ុន្តែជាការពិតជាក់ស្ដែង នៅឆ្នាំ ២០២០ មានសកម្មភាពតាមប្រព័ន្ធវីដេអូប្រហែល ៥៥០ ក្នុងនោះមានកិច្ចប្រជុំថ្នាក់ជាន់ខ្ពស់ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាង ២០ រួមទាំង ADMM និង ADMM +។ ដូច្នេះ ជាមធ្យមមានកិច្ចប្រជុំចំនួន ២ ក្នុងមួយថ្ងៃ។

អ្នកយកព័ត៌មាន៖ យោងតាមលោកស្រី តើការរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នឹងផ្ដល់ទិសដៅថ្មីអ្វីសម្រាប់ការផ្សព្វផ្សាយនាពេលអនាគត?

លោកស្រី Le Thi Thu Hang៖ Covid-19 បានជះឥទ្ធិពលលើគ្រប់វិស័យនយោបាយ សេដ្ឋកិច្ច សង្គមនៅទូទាំងពិភពលោក និងបង្កឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែ ពីទស្សនទានផ្សេងទៀត ខ្ញុំគិតថា Covid-19 ក៏មានផលវិជ្ជមានផងដែរ ដោយផ្ដល់ទិសដៅថ្មីសម្រាប់បច្ចុប្បន្នកាល និងអនាគតកាល។ វារួមចំណែកជំរុញការផ្លាស់ប្ដូរឌីជីថលលើគ្រប់វិស័យ ជាពិសេសលើវិស័យប្រព័ន្ធផ្សព្វផ្សាយ។

leftcenterrightdel
លោកស្រី Le Thi Thu Hang ប្រធាននាយកដ្ឋានសារព័ត៌មាននៃក្រសួងការបរទេសវៀតណាម (ខាងស្តាំ) នៅសន្និសីទកាសែតក្នុងក្របខ័ណ្ឌនៃឆ្នាំប្រធានអាស៊ាន ២០២០

ស្តីពីវិធីនៃការផ្តល់ព័ត៌មាន ខ្ញុំគិតថា ចាំបាច់ត្រូវតែជំរុញការប្រើប្រាស់វិធីសាស្ត្រព័ត៌មាននៅលើវេទិកាឌីជីថល។ ទីមួយ រៀបចំសន្និសីទកាសែតជាប្រចាំតាមប្រព័ន្ធវីដេអូ។ ក្នុងឆ្នាំកន្លងមក ក្រសួងការបរទេសវៀតណាមបានរក្សាការរៀបចំសន្និសីទកាសែតតាមប្រព័ន្ធវីដេអូជាប្រចាំ ធានាឲ្យបណ្តាញព័ត៌មានជាផ្លូវការដើររលូន។ នៅពេលអនាគត យើងអាចពង្រីកទម្រង់បែបនេះ សូម្បីតែផ្សាយផ្ទាល់សន្និសីទកាសែតជាប្រចាំ ដើម្បីពង្រីកការចូលរួមរបស់អ្នកសារព័ត៌មាន។

ទីពីរ ជំរុញការផលិតផលិតផលប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃសកម្មភាពតាមប្រព័ន្ធវីដេអូ ក៏ដូចជាងាយស្រួលក្នុងការចែករំលែក និងចែកចាយលើបណ្ដាញឌីជីថល។ ក្នុងឆ្នាំ ២០២០ មានសារលិខិត សុន្ទរកថា និងបទសម្ភាសន៍ជាង ៤០ ពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំក្រសួងការបរទេសដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូ។

ស្តីពីលក្ខខណ្ឌប្រតិបត្តិការសម្រាប់សារព័ត៌មាន តាមបទពិសោធន៍ក្នុងឆ្នាំ ២០២០ បង្ហាញថា នៅពេលអនាគត រាល់ព្រឹត្តិការណ៍ និងសន្និសីទអន្ដរជាតិ យើងអាចរៀបចំតាមទម្រង់ hybrid format (ទម្រង់រួមបញ្ចូលគ្នា) ដែលរៀបចំជាមជ្ឈមណ្ឌលសារព័ត៌មាននៅនឹងកន្លែងផង និងបង្កើតមណ្ឌលសារព័ត៌មាននិម្មិត ហើយផ្តល់គណនីដើម្បីឱ្យអ្នកយកព័ត៌មានអាចទទួលបានព័ត៌មាន រូបថត និងចូលរួមសន្និសីទកាសែត និងបទសម្ភាសន៍ដូចជាពួកគេចូលរួមជូនដំណឹងដោយផ្ទាល់ផង។ល។ ដូច្នេះ អ្នកសារព័ត៌មានបរទេសអាចចូលរួមកាន់តែច្រើនបន្ថែមទៀត ព្រោះវាងាយស្រួលធ្វើ និងសន្សំសំចៃថ្លៃធ្វើដំណើរ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកស្រី!

បកប្រែដោយ Huyen Trang